Search

khmerminds24.blogspot.com ចែករំលែក ចំណេះដឹង ព័ត៌មាន ការកំសាន្ត ការអបរំ ការសិក្សា បច្ចេកកវិទ្យា កសិកម្ម ស្នេហា. ចែករំលែកដល់អ្នករាល់គ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្មានដែនកំណត់។

Saturday, August 4, 2018

ភាពជាអ្នកដឹកនាំរបស់បាហូបាលី

1/ បាហូបាលី គឺជាភាពយន្តមួយដែលបានបង្ហាញពីចរិតលក្ខណៈនៃភាពជាអ្នកដឹកនាំយ៉ាងស៊ីជម្រៅនៅក្នុងបរិបទអាស៊ី ក៏ដូចជាការដឹកនាំដោយប្រើប្រាស់នូវគោលការណ៍ព្រាហ្មសាសនា។ ព្រាហ្មណ៍គឺជាពូជអ្នកចម្បាំង ហើយព្រះពុទ្ធជាពូជអ្នកសាបព្រោះនូវសន្តិភាពនិយម។ នៅពេលនិយាយពីភាពជាអ្នកដឹកនាំ យើងនឹងពុំភ្លេចឡើយថាដើម្បីដឹកនាំអ្នកដទៃបាន លុះត្រាតែមនុស្សម្នាក់មានអំណាចដែលនៅខាងក្នុងខ្លួនសិន។ អំណាចនេះ គឺយើងអាចហៅថាបានថា “អំណាចក្នុងខ្លួន (The Power Within / Leader in You”)។ អំណាចនេះ គឺជាអំណាចដែលជះចេញពីក្នុងទៅខាងក្រៅ។ ក្នុងចក្រវាលមានថាមពលជាច្រើន ហើយមនុស្សជាចំណែកនៃចក្រវាល។ មនុស្សផ្តុំដោយថាមពលផ្លូវកាយនិងចិត្ត។ តើអំណាចអ្វីខ្លះដែលមានក្នុងខ្លួនបាហូបាលី?
2/ បាហូបាលីគឺជាមនុស្សដែលរស់នៅក្នុងគោលការណ៍ (Principle - Based Leadership) និងយកគោលការណ៍ជាធំ។ ផ្ទុយពីមេដឹកនាំខ្លះ យកអារម្មណ៍មនោសញ្ចេតាជាធំ (Emotion-Based) យកការយល់យោគដោយខ្វះការពិចារណាជាធំ ឬយកបក្សពួកនិយមជាធំ។ ក្នុងឈុតដែលបាហូបាលីប្រឆាំងនឹងការសម្រេចចិត្តរបស់ព្រះមាតាខ្លួន គឺជាចំណុចមួយដែលបង្ហាញថា គោលការណ៍នៃការគោរពសម្តី គោរពសន្យា ការទទួលខុសត្រូវ និងសច្ចភាព គឺមានតម្លៃថ្លៃជាងជីវិត។ បើទោះបីជាព្រះមាតារបស់ខ្លួនរារាំង ឬព្រះវិស្ណុ ព្រះសេវៈ ឬអាទិភាពណា ក៏ពុំអាចធ្វើឲ្យបាហូបាលីក្បត់នឹងសម្តីរបស់ខ្លួន ឬផ្លាស់ប្តូរគោលការណ៍របស់ខ្លួនបានឡើយ។ បាហូបាលីមានធាតុជាមេដឹកនាំខ្លាំងក្នុងខ្លួនរួចស្រេច ហើយធាតុទាំងនោះមានដូចជា៖
១. បាហូបាលី គឺជាមនុស្សដែលមានសមត្ថភាព មិនថាជាសមត្ថភាពផ្នែករូបរាងកាយ ឬសមត្ថភាពគ្រប់គ្រងស្ថានការណ៍ សមត្ថភាពដោះស្រាយបញ្ហា ប្រឌិតញាណ ភាពបត់បែន និងសមត្ថភាពសំខាន់ៗដទៃផ្សេងទៀត....។ល។ ទាំងអស់នេះសុទ្ធតែជាអំណាចដែលចេញពីចំណេះជំនាញ និងសមត្ថភាពរបស់មេដឹកនាំ។ ប៉ុន្តែអំណាចទាំងអស់នេះនៅតែពុំគ្រាប់គ្រាន់។ តើអំណាចអ្វីទៀតដែលមាននៅក្នុងខ្លួនរបស់បាហូបាលី?
២. បាហូបាលី គឺជាមនុស្សដែលមានគុណធម៌ និងជាមេដឹកនាំពេញលេញ។ គុណធម៌ កើតចេញពីការផ្គុំបារមី (Virtues) តូចៗបញ្ជូលគ្នាតែមួយ។ នៅក្នុងធាតុគុណធម៌ ត្រូវបែងចែកនូវធាតុ ៣សំខាន់ៗដូចជាតក្តញ្ញូធម៌ ខន្តីធម៌ និងសច្ចធម៌។ កត្តញ្ញូ គឺបាហូបាលីនៅតែចងចាំនូវគុណរបស់មាតា បើទោះបីជាមាតាប្រឆាំងនឹងខ្លួនយ៉ាងណាក៏ដោយ ឬរហូតដល់ចុងក្រោយត្រូវមាតាសម្លាប់ ក៏បាហូបាលីនៅតែស្រឡាញ់ និងបារម្ភពីមាតាដោយឥតមានចិត្តរមិលគុណ ឬចិត្តខឹងនឹងមាតា។ ធាតុនេះ គឺធ្វើឲ្យមនុស្សចេះដឹងគុណ និងតបគុណ។ បុរាណខ្មែរផ្តាំថា “ផឹកទឹកឲ្យស្គាល់ប្រភព ជ្រកម្លប់ឲ្យស្គាល់អ្នកដាំ”។ ទំនៀមទម្លាប់ខ្មែរមានពិធីរំលឹកគុណគ្រូ។ ហេតុអ្វីត្រូវស្គាល់គុណ? ស្គាល់គុណដើម្បីសងគុណ។ ខន្តីធម៌ ធ្វើឲ្យបាហូបាលីចេះអត់ធ្មត់នឹងកំហឹង អត់អោន ខាំមាត់សង្តត់ចិត្ត។ ក្នុងទ្រឹស្តីពុទ្ធនិយមបានបង្ហាញពី ៣ចំណុចនៃខន្តីគឺ ១. ខន្តីរហូតដល់អារម្មណ៍លែងវង្វេង ឬចិត្តនឹងនរ ឬចិត្តនឹងធឹង ២. ខន្តីរហូតដល់កើតអំណាចតេជះ កម្ចាត់កិសេស មានសមាធិចម្រើនសតិ និង៣. ខន្តីរហូតដល់ដាច់កិលេសកើតបញ្ញា។ ខន្តី សណ្តោស ប្រណី នាំឲ្យកើតមនុស្សធម៌។ សច្ចធម៌ គឺបាហូបាលីជាមនុស្សទៀងត្រង់ ទៀងទាត់ (Consistency) មិនក្បត់សម្តី និងកាន់នូវសច្ចៈ។
៣. បាហូបាលីជាមនុស្សដែលមានបញ្ញាញាណ។ បញ្ញាញាណនេះ យើងអាចហៅម្យ៉ាងទៀតថាជាគតិបណ្ឌិត (Wisdom)។ គតិបណ្ឌិតកើតឡើងពីការផ្គុំចូលគ្នារវាងអារម្មណ៍របស់បេះដូង និងហេតុផលរបស់ខួរក្បាល (ថ្នាក់ការពិសោធន៍) ឬមានន័យថាចិត្តដែលជាប្រធាន បូកជ្រាបចូលជាមួយហេតុផលក្នុងខួរក្បាលដែលនាំឲ្យកើតបញ្ញាគិតធ្លុះ ហើយបូកនឹងស្ថានភាពជាក់ស្តែង ឬកាលៈទេសៈជាក់ស្តែងមួយ (នេះជាចំណុចកណ្តាលនៃការប្រសប់ត្រូវគ្នារវាងចិត្តនិងខួរក្បាល ហើយវាក៏ស្រដៀងនឹងទ្រឹស្តីឡៅ ជឺ ដែលនិយាយពីធាតុយិន និងយ៉ាងផ្គុំចូលគ្នា បង្កើតបានជាមាគ៌ាកណ្តាលមួយ ឬជា Middle Way)។ បញ្ញាញាណនេះ គឺគាំទ្រនូវសច្ចៈ ដែលមានន័យថាគិតបានធ្លុះធ្លាយ ទទួលស្គាល់នូវសច្ចៈ ឬដល់ថ្នាក់យល់ជ្រៅពីធម្មជាតិ។
4/ ទាំងអស់នេះ គឺជាថ្នាក់នៃអំណាចដែលផុសចេញពីក្នុងខ្លួន នៅពេលមនុស្សបានកសាងខ្លួនឲ្យមាននូវធាតុខាងលើស្ថិតនៅជាមួយខ្លួន។ ធាតុនៃភាពជាអ្នកដឹកនាំទាំងនេះ វានឹងក្លាយទៅជាអំណាចក្នុងខ្លួន ហើយជះទៅខាងក្រៅខ្លួន (Inside-Out)។ នៅក្នុងភាពជាអ្នកដឹកនាំ យើងត្រូវសួរខ្លួនឯងថា “ហេតុអ្វីអ្នកដទៃគោរពបុគ្គលម្នាក់នេះ ឬឲ្យតម្លៃបុគ្គលម្នាក់នោះ តែពុំគោរពឲ្យតម្លៃដល់យើង? តើហេតុអ្វីគ្រប់គ្នាចូលចិត្តស្រឡាញ់រាប់អានបុគ្គលនោះ តែបែរជាមិនចូលចិត្តយើង?” ហេតុអ្វីមនុស្សសុខចិត្តលះបង់ដើម្បីបុគ្គលនេះ តែស្អប់ខ្ពើមបុគ្គលនោះទៅវិញ? រឿងទាំងអស់នេះ គឺលុយទិញពុំបានឡើយ។ រឿងទាំងអស់នេះ ពុំមែននិយាយពីរឿងឋានៈខ្ពស់ឬទាប អាយុតិចឬច្រើន (បរិបទអាស៊ី មនុស្សឲ្យតម្លៃលើសីលធម៌ គោរពមនុស្សចាស់ និងឲ្យតម្លៃទៅលើសមូហភាព ឬជា Collectivism តែនៅបរិបទអ៊ឺរ៉ុប មនុស្សឲ្យតម្លៃបុគ្គល គោរពច្បាប់ជាជាងសីលធម៌ និងយកគោលការណ៍ជាធំ ជាជាងប្រើប្រាស់នូវអារម្មណ៍មនោសញ្ចេតនានិយម ឬអាចនិយាយបានថាក្រុមនេះគឺពពួកបុគ្គលនិយម ឬជាបច្ចេកបុគ្គល ឬជា Individualism ហើយ Individualism ជាក្រុមមនុស្សដែលមានការទទួលខុសត្រូវខ្ពស់លើខ្លួនឯង មានតម្លាភាព និងមានជំនឿជាក់លើខ្លួនខ្ពស់) ឬចំណេះជំនាញខ្លាំងឬខ្សោយឡើយ តែនិយាយពីអំណាចសុចរិត និងអំណាចគុណធម៌ដែលមានក្នុងខ្លួនមនុស្ស។ នៅក្នុងបរិបទនៃភាពជាអ្នកដឹកនាំខ្មែរប៉ុន្មានទស្សវត្សន៍ចុងក្រោយនេះ មនុស្សភាគច្រើនឲ្យនិយមន័យមេដឹកនាំថាជាអ្នកមានលុយច្រើន និងមានតំណែងឋានៈបុណ្យសក្តិខ្ពស់ តម្លៃសញ្ញាបត្រខ្ពស់ (កំណត់តម្លៃនៃអំណាចតាមរយៈសម្បកខាងក្រៅ) តែតាមពិតទៅវាជាអំណាចឥទ្ធិពលក្នុងរយៈពេលខ្លីប៉ុណ្ណោះ៕
-----------------------------
ប្រភព៖ ឡាំ លីម
Lam Lim April 18
២០១៨

0 comments:

Post a Comment