Search

khmerminds24.blogspot.com ចែករំលែក ចំណេះដឹង ព័ត៌មាន ការកំសាន្ត ការអបរំ ការសិក្សា បច្ចេកកវិទ្យា កសិកម្ម ស្នេហា. ចែករំលែកដល់អ្នករាល់គ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្មានដែនកំណត់។

Wednesday, August 8, 2018

គតិបណ្ឌិតបុរាណខ្មែរនិយាយពីពាក្យ “ចាស់ចិត្តចាស់គំនិត”

១. គតិបណ្ឌិតបុរាណខ្មែរនិយាយពីពាក្យ “ចាស់ចិត្តចាស់គំនិត”។ យើងត្រូវបែងចែកពាក្យ “ចាស់ចិត្ត” និងពាក្យ “ចាស់គំនិត” ចេញពីគ្នា។ ចាស់ចិត្ត គឺមានន័យថា ចិត្តនេះត្រូវបានលត់ដំ។ ការលត់ដំចិត្ត អាចធ្វើទៅបានតាមរយៈសមាធិ ចម្រើនភាវនា ឬប្រើសតិដឹង ឬតាមរយៈការឆ្លងកាត់បទពិសោធន៍ជីវិតជាក់ស្តែង។ ចាស់គំនិត គឺនិយាយអំពីការសិក្សារៀនសូត្រនៅសាលាបានច្រើន ឬមានចំណេះដឹងក្នុងខួរក្បាលច្រើន។

២. សុខក៏ដោយសារចិត្ត ហើយទុក្ខក៏ដោយសារចិត្ត។ ពុទ្ធសុភាសិតមួយលើកឡើងថា “ចិត្តដែលគេរក្សាបានហើយ រមែងនាំមកនូវសេចក្តីសុខ”។ តើចិត្តមានអំណាចខ្លាំងប៉ុនណា? កវីអង់គ្លេស វិល្លៀម ស្ហេកស្ពៀរ (William Shakespeare) និយាយថា “ពិភពលោកនេះត្រូវគ្រប់គ្រងដោយគំនិត”។ ទ្រឹស្តីពុទ្ធនិយមបង្ហាញថា “ចិត្តជាប្រធាន”។ មនុស្សមានចំណេះដឹងខួរក្បាលប្រហាក់ប្រហែលគ្នា និងមានបញ្ញាប្រហាក់ប្រហែលគ្នា តែបើម្នាក់ខ្វះអំណាចនៃចិត្តដែលត្រូវលត់ដំ ឬអំណាចចិត្តស្ងប់ ឬអំណាចចិត្តដែលអាចគ្រប់គ្រងខ្លួនបាន គឺនឹងត្រូវចាញ់។ មនុស្សមានចំណេះដឹងយុទ្ធសាស្រ្តខ្លាំង តែបើខ្សោយអំណាចនៃចិត្តលត់ដំ គឺនឹងត្រូវចាញ់។

៣. ចិត្តដែលអាចគ្រប់គ្រងខ្លួនឯង គឺជាចិត្តដែលមានអំណាចអាចបញ្ជាចិត្តអ្នកដទៃបាន។ ចិត្តដែលអាចគ្រប់គ្រងបាន គឺមានអំណាចធំជាងខួរក្បាលដែលមានចំណេះដឹងរាប់លាន។ ខ្ញុំលើកទឹកចិត្តឱ្យយុវជនធ្វើសមាធិ តែសូមកុំមានចំណង់ឬតណ្ហាចង់បានអ្វីផ្សេងដែលនៅក្រៅខ្លួនឱ្យសោះ។ ចិត្តដែលត្រូវបានលត់ដំ និងចិត្តដែលមានសតិដឹងនេះ គឺមានអំណាចខ្លាំងជាងអំណាចដែលនៅក្រៅខ្លួនឆ្ងាយណាស់។ ត្រឹមតែសមាធិព្យាបាលបញ្ហារូបរាងកាយ ឬសមាធិសម្រាប់កើនបញ្ញាយល់ដឹង ឬសមាធិសម្រាប់អប់រំចិត្ត គឺល្អបំផុត៕

--------------------------
ប្រភព៖ឡាំ លីម

0 comments:

Post a Comment