Search

khmerminds24.blogspot.com ចែករំលែក ចំណេះដឹង ព័ត៌មាន ការកំសាន្ត ការអបរំ ការសិក្សា បច្ចេកកវិទ្យា កសិកម្ម ស្នេហា. ចែករំលែកដល់អ្នករាល់គ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្មានដែនកំណត់។

Friday, August 24, 2018

មនុស្សល្អ ត្រូវស្មោះត្រង់នឹងសេចក្តីល្អ តែមិនមែនស្មោះត្រង់នឹងមនុស្សទេ

១. មនុស្សល្អ ត្រូវស្មោះត្រង់នឹងសេចក្តីល្អ តែមិនមែនស្មោះត្រង់នឹងមនុស្សទេ។ សេចក្តីល្អ គឺនៅតែជាសេចក្តីល្អ ហើយឥតប្រែប្រួលឡើយ តែមនុស្សគឺតែងប្រែប្រួលជានិច្ច។ កុំព្យាយាមរស់នៅក្រោមឆន្ទៈអ្នកដទៃដោយងប់ងុល់ ឬដោយងើបមុខមិនរួច ពីព្រោះកាលណាបើងើបមុខមិនរួច គឺមើលភាពត្រឹមត្រូវ ឬភាពខុសឆ្គងរបស់បុគ្គលនោះមិនឃើញច្បាស់ឡើយ។ បើខ្ញុំបានធ្វើសេចក្តីល្អ ក៏ត្រឹមតែលើកតម្កើង “សេចក្តីល្អ” ទៅបានហើយ តែសូមកុំព្យាយាម “លើកតម្កើងខ្ញុំ” ពីព្រោះថ្ងៃណាមួយ ក្នុងនាមជាមនុស្សជាតិម្នាក់ គឺថាខ្ញុំនៅតែមានភាពជាមនុស្ស ដែលតែងតែមានការប្រែប្រួល និងជាប់ជំពាក់ដោយលោភៈ ទោសៈ និងមោហៈក្នុងខ្លួនជាដរាប។
២. កុំព្យាយាមស្មោះស្ម័គ្រនឹងមេដឹកនាំណាម្នាក់ឱ្យសោះ តែត្រូវស្មោះត្រង់នឹងជាតិមាតុភូមិ។ មេដឹកនាំគឺជាមនុស្ស។ ដូច្នេះ មនុស្សគង់តែប្រែប្រួលដោយសារ តែភាពលោភលន់នឹងអំណាចក្នុងដៃឬសេចក្តីអំនួតនឹងអំណាច។ ក្នុងសង្គមគ្រួសារ ម្តាយគឺជាមាតាតូច តែជាតិមាតុភូមិ គឺជាមាតាធំ។ មាតាតូចអាចស្លាប់មួយពេល តែមាតាធំ បើស្លាប់គឺរលាយជាតិមាតុភូមិ។ យើងទាំងអស់គ្នារស់នៅបានមកដល់ថ្ងៃនេះ គឺមិនមែនដោយសារតែបាយមួយដុំដែលយើងញុំារាល់ថ្ងៃនោះទេ តែដោយសារប្រវត្តិសាស្ត្រនៃការយកជីវិតមកតស៊ូរបស់យុទ្ធជន និងបុព្វបុរសអតីតកាល។ ដូចគ្នាដែរ អនាគតអនុជនជំនាន់ក្រោយ នឹងបន្តជីវិតរស់នៅទៅបាន ក៏ប្រហែលជាដោយសារសកម្មភាពនៃការប្រឹងប្រែងរបស់យើងនៅថ្ងៃនេះដែរ។
៣. កុំរស់នៅក្រោមឆន្ទៈមនុស្សដទៃ តែត្រូវរស់ឱ្យតម្លៃសេចក្តីល្អ។ កុំស្ម័គ្រស្លាប់ដើម្បីមេដឹកនាំណាម្នាក់ឱ្យសោះ តែត្រូវស្មោះនឹងជាតិមាតុភូមិដែលជាមាតាធំ។ អនាគតអនុជនជំនាន់ក្រោយនឹងអាចរស់ឬស្លាប់ គឺដោយសារសកម្មភាពរបស់យើងនៅបច្ចុប្បន្ននេះ។ ជួយខ្លួនឯង ជួយគ្រួសារ ជួយមាតាធំ ហើយទាំងអស់នេះគឺជាគោលការណ៍នៃតួនាទីរបស់មនុស្សម្នាក់ក្នុងសង្គមមួយ។ ដើម្បីជួយខ្លួនឯងបាន លុះត្រាតែយើងប្រឹងប្រែងរៀន។ ដើម្បីជួយគ្រួសារបាន លុះត្រាតែយើងប្រឹងប្រែងរៀន។ ដើម្បីជួយសង្គមបាន លុះត្រាតែយើងប្រឹងប្រែងរៀន។ ការប្រឹងប្រែងមិននាំឱ្យយើងស្លាប់ទេ តែបើមិនប្រឹងរៀន ទើបឆាប់ស្លាប់។ ការប្រឹងប្រែងរៀន នឹងនាំមកនូវសេរីភាពខាងគំនិត ហើយជាគំនិតដែលអហិង្សាមិនឈ្លោះគ្នា និងសាមគ្គីជួយសង្គមឱ្យដើរទៅមុខ៕
____
អត្ថបទទាំងស្រុងចេញពីសៀវភៅ ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ

0 comments:

Post a Comment