Search

khmerminds24.blogspot.com ចែករំលែក ចំណេះដឹង ព័ត៌មាន ការកំសាន្ត ការអបរំ ការសិក្សា បច្ចេកកវិទ្យា កសិកម្ម ស្នេហា. ចែករំលែកដល់អ្នករាល់គ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្មានដែនកំណត់។

Saturday, August 4, 2018

ចិត្តទឹករំលត់ចិត្តភ្លើង

១. មហាត្មៈ គន្ធី ពោលថា “ចិត្តភ្លើងពុំអាចយកចិត្តភ្លើងទៅរំលត់បានឡើយ តែយើងត្រូវប្រើចិត្តទឹក”។ ទ្រឹស្តីពុទ្ធនិយមបង្ហាញថា “អកុសលពុំអាចឈ្នះលើកុសលបានឡើយ”។
២. ពេលគ្មានបញ្ហាសោះ ខ្ញុំមើលទៅយុវជនខ្លះដូចអស្ចារ្យ។ ពេលមានបញ្ហាខ្លះៗ ខ្ញុំមើលទៅយុវជនខ្លះដូចនៅគ្រាន់បើ។ ប៉ុន្តែ ពេលជួបបញ្ហាធំមែនទែន ទើបខ្ញុំដឹងច្បាស់ថា ទាំងចំណេះដឹងផ្នែកច្បាប់ ទាំងក្រមសីលធម៌សង្គម ទាំងអ្នកដែលអះអាងថាខ្លួនជាអ្នកធ្វើសមាធិវិបស្បនា សុទ្ធតែបានកំពុងបង្ហាញចរិតពិតនិងធាតុពិតរបស់ខ្លួនទាំងអស់។ តើអ្នកណានឹងអាចទប់ទល់នឹងខ្យល់ព្យុះនេះបាន?
៣. ពីអំណេះតទៅ សង្គមត្រូវការយុវជនដែលមានធាតុទឹក ដើម្បីរំលត់ភ្លើង។ យុវជនដែលមានធាតុទឹក ត្រូវដើរតួនាទីជាអ្នកដុះលុបវប្បធម៌នយោបាយទុច្ចរិតចាស់។ ពីនយោបាយអសីលធម៌ ទៅជានយោបាយសីលធម៌ប្រកបដោយយុទ្ធសាស្រ្ត។ ពីនយោបាយប្រមាថ ទៅជានយោបាយឱ្យតម្លៃគ្នា។ ពីនយោបាយបែកបាក់ ទៅជានយោបាយសាមគ្គី។ ពីនយោបាយអារម្មណ៍និយម ទៅជានយោបាយគោលការណ៍និយម។ តើយុវជនធាតុទឹកនេះ ត្រូវការលក្ខណៈសម្បត្តិដូចម្តេចខ្លះ?
៤. សង្គមត្រូវការយុវជនដែលមានកម្រិតនៃភាពជាអ្នកដឹកនាំខ្ពស់បំផុត មានទាំងចំណេះដឹងនិងសីលធម៌ខ្ពស់ មានឧបាយបញ្ញាជ្រៅ មានការអត់ធ្មត់ខ្ពស់បំផុត មានការលត់ដំចិត្ត និងប្រើគោលការណ៍ជ្រកក្រោមទង់ជាតិតែមួយ។ ស៊ូទៅយឺតប្រសើរជាង មិនទៅ។ ស៊ូមិនទៅ ប្រសើរជាងទៅទាំងខ្វាក់ងងឹតងងុល។ ដើរផ្លូវឆ្ងាយត្រូវការគ្នាច្រើន។ ដើរផ្លូវឆ្ងាយត្រូវការអ្នកដែលស្មោះស្មគ្រនឹងទស្សនវិស័យ។ អ្នកដើរដែលខ្លាំង គឺជាអ្នកដើរដែលមានលក្ខណៈសម្បត្តិដូចមហាត្មៈ គន្ធី ដូចម៉ាទីន លូធឺឃីង...។ល។
៥. យើងមិនអាចមានយុវជនខ្លាំងក្នុងថ្ងៃនេះ តែយើងអាចរៀបចំយុវជនថ្ងៃនេះឱ្យខ្លាំងសម្រាប់ថ្ងៃស្អែក។ យើងមិនអាចគ្រប់គ្រងស្ថានការណ៍ថ្ងៃនេះបាន តែយើងអាចរៀនសូត្របានពីស្ថានការណ៍ថ្ងៃនេះ ហើយមិនបណ្តោយឱ្យប្រវត្តិសាស្រ្តថ្ងៃស្អែកជាន់ដានថ្ងៃនេះ។ ត្រឹមតែវប្បធម៌នយោបាយថ្មី គឺមិនទាន់ត្រឹមត្រូវទេ ពីព្រោះគ្រាន់តែ “ថ្មី” មានច្រើនរបៀប។ យើងត្រូវការវប្បធម៌នយោបាយថ្មី បូកនឹងត្រឹមត្រូវ ដែលអាចយកជាគំរូបាន និងពោពេញទៅដោយទស្សនវិស័យត្រឹមត្រូវ៕
_____
ទស្សនៈក្នុងរូបភាពបានយកចេញពីសៀវភៅ “ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ”

0 comments:

Post a Comment