Search

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

khmerminds24.blogspot.com ចែករំលែក ចំណេះដឹង ព័ត៌មាន ការកំសាន្ត ការអបរំ ការសិក្សា បច្ចេកកវិទ្យា កសិកម្ម ស្នេហា. ចែករំលែកដល់អ្នករាល់គ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្មានដែនកំណត់។

Friday, September 24, 2021

ខ្លាលឿងមាស ប្រភេទសត្វកម្រនៅលើពិភពលោកមានវត្តមានក្នុងតំបន់ការពារធម្មជាតិ

 




ខ្លាលឿងមាស ប្រភេទសត្វកម្រនៅលើពិភពលោកមានវត្តមានក្នុងតំបន់ការពារធម្មជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានឱ្យដឹងថាយោងតាមទិន្នន័យរូបភាពដែលមន្ត្រីជំនាញប្រមូលបានពីម៉ាស៊ីន
ថតស្វ័យប្រវត្តិពីឧទ្យានជាតិវីរៈជ័យក្នុងខេត្តរតនៈគិរី មានវត្តមានសត្វខ្លាលឿងមាសដែលជាប្រភេទសត្វខ្លាកម្រនៅលើពិភពលោក។ ខ្លាលឿងមាស Asiatic golden cat (Catopuma temminckii) ជាប្រភេទមំសាសត្វមាឌតូចស្ថិតក្នុងត្រកូលខ្លាទាំង ៨ ប្រភេទ ដែលធ្លាប់មានវត្តមាន និងកំពុងបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ ខ្លាលឿងមាស ត្រូវបានចាត់ថ្នាក់ជាប្រភេទជិតទទួលរងគ្រោះ (NT) នៅក្នុងបញ្ជីក្រហម IUCN និងចុះក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញាCITES។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងឱ្យដឹងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ថា យោងតាមទិន្នន័យរូបភាពនិងលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់មន្ត្រីជំនាញនៃក្រសួងបរិស្ថាន ឧទ្យានជាតិវីរៈជ័យដែលជាឧទ្យានបេតិកភណ្ឌធម្មជាតិ អាស៊ានជាតំបន់ដែលសម្បូណ៌ជីវៈចម្រុះក្នុងនោះប្រភេទសត្វព្រៃជាច្រើនដែលជាប្រភេទសត្វកម្រត្រូវបាន រកថតបានតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិដែលក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សធម្មជាតិដីគោកខាងកើតទន្លេមេគង្កនៃក្រសួងបរិស្ថានបានដាក់រយៈពេល ៣ ខែពីខែមីនាដល់ខែឧសភា ឆ្នាំ២០២១។
បើតាមលោក ពិន ច័ន្ទរតនា ប្រធានក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សធម្មជាតិដីគោកខាងកើតទន្លេមេគង្គ ខ្លាលឿងមាសមានទម្ងន់ប្រមាណ ៩-១៦ គីឡូក្រាម ហើយភាគច្រើនស៊ីពពួកសត្វដង្កេរ (ដូចជាកំប្រុក កណ្តុរ កង្ហិច កង្ហែន) សត្វស្លាប ល្មូន ក្តាន់ញ៉ែង ពពួកពានរ ហើយជួនកាលសត្វឈ្លូសជាចំណី។ ខ្លាលឿងមាសភាគច្រើនរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះចម្រុះនៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅភូមិភាគឦសាន ភូមិភាគខាងជើង និងភូមិភាគនិរតី នៃប្រទេសកម្ពុជា។ មិនមានការសិក្សាស្រាវជ្រាវច្រើនទេពីប្រភេទសត្វនេះ។ លោក ពិន ច័ន្ទរតនា បានឱ្យដឹងថាតាមការសិក្សាស្រាវជ្រាវ សត្វត្រកូលខ្លាទាំង ៨ប្រភេទ ដែលធ្លាប់មានវត្តមាន និងកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាមានខ្លាធំ ឬខ្លាដំបង (Tiger) ខ្លារខិន (Leopard) ខ្លាពពក (Clouded leopard) ខ្លាត្រី (Fishing cat) ខ្លាលឿងមាស (Asiatic golden cat) ខ្លាភ្ញីថ្មកែវ (Marbled cat) ឆ្មាព្រៃ (Jungle cat) និងឆ្មាដាវ (Leopard cat)។
ទាក់ទងនឹងកិច្ចការស្រាវជ្រាវប្រភេទសត្វព្រៃក្នុងតំបន់ការពារធម្មជាតិនេះត្រូវបានរដ្ឋលេខាធិការក្រសួងបរិស្ថានឱ្យដឹងថា វត្តមានខ្លាលឿងមាសត្រូវបានកត់ត្រាតិចតួចបំផុត ព្រោះជាប្រភេទសត្វកម្រក្នុង ចំណោមត្រកូលសត្វខ្លាទាំង ៨ ប្រភេទ។ គេធ្លាប់ឃើញវត្តមានសត្វខ្លាលឿងមាសនៅក្នុង ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃភ្នំព្រេច និងក្នុងតំបន់ជួរភ្នំក្រវ៉ាញ ហើយចុងក្រោយនេះគឺសត្វខ្លាលឿងមាសដែលជាប្រភេទសត្វកម្របានរកឃើញនៅឧទ្យានជាតិវីរៈជ័យដែលបង្ហាញថាសត្វខ្លាលឿងមាសបន្ត មានវត្តមាននៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ការសិក្សាស្រាវជ្រាវពីដើម្បីប្រមូលយកនូវទិន្នន័យសំខាន់ៗអំពីវត្តមានសត្វព្រៃ និងដើម្បីរៀបចំការបែងចែកតំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា តំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិមាន ៤តំបន់ គឺតំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍ ហើយការកំណត់បែងចែកតំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងកំណត់ឱ្យបានច្បាស់លាស់អំពីក្របខ័ណ្ឌគតិយុត្ត ការងារគ្រប់គ្រង បច្ចេកទេស និងផ្អែកលើបទពិសោធន៍ និងការអនុវត្តល្អៗពីបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោក។ ទាំងនេះសំដៅធានាឱ្យបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលគ្រប់គ្រងនិងអភិរក្សប្រព័ន្ធតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះ បង្កើនកម្រិតជីវភាពរបស់សហគមន៍មូលដ្ឋាន កាត់បន្ថយការពឹងផ្អែកអាស្រ័យលើផលព្រៃឈើ និងធានាបាននូវតុល្យភាពរវាងការបំភាយ និងការស្រូបឧស្ម័នផ្ទះកញ្ចក់ពីវិស័យព្រៃឈើ៕
ដកស្រងហ្វេសបុកផេក ក្រសួងបរិស្ថាន

Saturday, February 2, 2019

#តើជាស្នេហាឬតណ្ហា?

No photo description available.ស្រឡាញ់នរណាម្នាក់ គឺជារឿងល្អ តែបើអ្នកដែលយើងស្រឡាញ់ព្រមស្រឡាញ់តបចំពោះស្នេហាយើងវិញ គឺរឹតតែល្អប្រសើរ។ ស្រឡាញ់គេម្នាក់ឯង វាជារឿងមួយ តែបើគេមិនព្រមស្រឡាញ់វិញ វាគឺជារឿងទុក្ខព្រួយខកចិត្ត។ មានជីវិត ត្រូវតែមានសេចក្តីស្រឡាញ់ តែបើជីវិតគ្មានសេចក្តីស្រឡាញ់ទេ វាគឺជាជីវិតឥតន័យ។ មនុស្សរស់បាន ព្រោះតែសេចក្តីស្រឡាញ់ តែបើកាលណានរណាម្នាក់ទទួលបានសេចក្តីស្រឡាញ់បែបបោកប្រាស់ វាគឺជាការឈឺចាប់បំផុត។ ស្រឡាញ់ គឺលះបង់ តែមនុស្សដែលគ្មានភាពស្មោះត្រង់ គឺពុំសមនឹងទទួលការលះបង់ទេ។ ដូច្នេះ ត្រូវប្រឹងកាត់ចោល ដោយពុំគួរស្តាយស្រណោះអាឡោះអាល័យអ្វីឡើយ ដ្បិតវានាំឱ្យខាតតែវេលាទេ។
ស្នេហាគ្មានលក្ខខណ្ឌ តែបើស្រឡាញ់ដោយមានលក្ខខណ្ឌ នោះវាមិនមែនជាស្នេហាទេ។ ស្នេហាដែលមានលក្ខខណ្ឌ គឺជាតណ្ហា។ ស្រឡាញ់ព្រោះអ្វី? ស្រឡាញ់ព្រោះស្អាត?, ស្រឡាញ់ព្រោះឆ្លាត?, ស្រឡាញ់ព្រោះមាន? ចុះបើថ្ងៃណាមួយ យើងក្លាយទៅជាមុខអាក្រក់ ឈប់ស្អាត, យើងក្លាយទៅជាមនុស្សឆ្កួត ឈប់ឆ្លាត, និងក្លាយទៅជាអ្នកក្រ អស់ទ្រព្យ, តើនៅស្រឡាញ់ទៀតទេ? ចម្លើយមានពីរ៖ ទី១ បើនៅតែស្រឡាញ់ គឺមានន័យថាវាជាស្នេហាពិត, ទី២. បើឈប់ស្រឡាញ់ គឺមានន័យថាវាគឺជាស្នេហាក្លែងក្លាយ។ ស្នេហាក្លែងក្លាយ គឺស្មើនឹងសេចក្តីស្រឡាញ់បែបតណ្ហា។ មនុស្សខ្លះលែងស្គាល់អ្វីទៅជាស្នេហា តែបែរជាយល់ស្នេហាត្រឹមតែជាតណ្ហាប៉ុណ្ណោះ។
ស្នេហាល្អទេ តែអ្នកដែលមិនស្គាល់ពីស្នេហា នឹងក្លាយទៅជាមនុស្សឆ្កួតវង្វេង។ មនុស្សដែលមិនស្គាល់ “អ្វីទៅជាស្នេហា” គឺពិបាកនឹងគេចផុតពីការឈឺចាប់ខ្លាំងណាស់។ តើស្នេហា គឺជាអ្វី? ស្នេហា វាគឺជាការលះបង់ខ្លួនយើង ប្រឹងប្រែងធ្វើអ្វីគ្រប់យ៉ាង ដើម្បីផ្តល់សេចក្តីសុខឱ្យដល់មនុស្សដែលយើងស្រឡាញ់។ បើយើងប្រឹងទៅ វាជោគជ័យ យើងនឹងនាំសេចក្តីសុខជូនដល់មនុស្សដែលយើងស្រឡាញ់។ ប៉ុន្តែបើយើងប្រឹងទៅហើយ បែរជាបរាជ័យ គឺយើងត្រូវចេះលះបង់ អង្គុយឱ្យទាប។ លះបង់ គឺមានន័យថាត្រូវអង្គុយឱ្យទាប ដើម្បីឱ្យមនុស្សដែលយើងស្រឡាញ់អាចមើលឃើញមនុស្សល្អជាងយើង។ នេះមានន័យថា “សុភមង្គលរបស់មនុស្សម្នាក់ (មនុស្សដែលយើងស្រឡាញ់) ពិតជាអាចធ្វើឱ្យមនុស្សម្នាក់ទៀតសប្បាយចិត្ត (យើង)។
********************************************
អត្ថបទដកស្រង់ចេញពីសៀវភៅ #ប្រតិទិនទស្សនៈ២២២ថ្ងៃ និពន្ធដោយ ឡាំ លីម។ មានកម្រាស់៣៥៥ទំព័រ ចេញផ្សាយនៅចុងខែកុម្ភៈខាងមុខ។ អាចកក់ទុកបានរហូតដល់ថ្ងៃទី២ ខែកុម្ភៈ ២០១៩ តម្លៃ៤០០០០រៀល សម្រាប់អ្នកកក់ទុកមុន និងតម្លៃ៥០០០០រៀល សម្រាប់អ្នកដែលជាវពីបណ្ណាគារ។

តើការស្រឡាញ់បែបណាដែលត្រឹមត្រូវ?

No photo description available.
១. ថ្ងៃមួយនិស្សិតអាហារូបករណ៍ស្រីម្នាក់បាននិយាយមកកាន់ខ្ញុំថា “ខ្ញុំដឹងថាបើគ្មានការអប់រំទេ គឺខ្ញុំនឹងក្លាយជាទាសករនៃពិភពលោកនេះ។ ខ្ញុំនឹងត្រូវធ្វើការងារលំបាកធ្ងន់ៗ មិនចេះហត់នឿយដូចម្ដាយខ្ញុំ។ បើខ្ញុំគ្មានការអប់រំទេ គឺអនាគតកូនរបស់ខ្ញុំ នឹងអាចដើរផ្លូវខុស ក្លាយទៅជាមនុស្សខ្វះសីលធម៌ និងអាចក្លាយជាមនុស្សអាក្រក់ទៀតផង ដោយសារតែខ្ញុំបានក្លាយជាស្រ្តីដែលមិនអាចអប់រំកូនរបស់ខ្លួនបានល្អ”។
២. ក្នុងចក្រវាល ធាតុញីគឺជាធាតុបង្កើតលោក។ នេះបើយោងទៅតាមទ្រឹស្តី ឡៅ ជឺ។ ស្រ្តី គឺជាមាតានៃពិភពលោក ហើយអប់រំស្រ្តី គឺមានន័យអប់រំសហគមន៍ទាំងមូល។ មេដឹកនាំធំៗទាំងអស់សុទ្ធតែកើតចេញពីស្រ្តី។ បើស្រ្តីគ្មានចំណេះដឹងដើម្បីអប់រំកូនទេ គឺគ្មានឡើយមនុស្សល្អ និងគ្មានឡើយមនុស្សខ្លាំង (មនុស្សខ្លាំងទាំងអស់សុទ្ធតែចេញពីស្រ្តីរឹងមាំ ប្រកបទៅដោយការអត់ធ្មត់)។ ការគិតបានវែងឆ្ងាយ កើតចេញពីការចេះអត់ធ្មត់ ហើយសក់វែងរបស់ស្រ្តី គឺមានន័យដល់ការអត់ធ្មត់ដ៏ខ្ពស់បំផុតនិងការគិតវែង។ ទ្រឹស្តីមាតាធិតេយ្យនិយមឬស្រ្តីនិយម (Feminism) អះអាងថា “គ្មានការអភិវឌ្ឍន៍ណា មិនត្រូវការស្រ្តីនោះទេ ពីព្រោះបុរសត្រូវការស្រ្តី គ្រួសារត្រូវការស្រ្តី សហគមន៍ត្រូវការស្រ្តី ហើយអប់រំស្រី្តគឺអប់រំសហគមន៍ទាំងមូល។ គ្មានកន្លែងណាដូចផ្ទះយើង ហើយផ្ទះយើងក៏មិនដូចជាផ្ទះយើង បើសិនជាមិនមានអ្នកម្តាយនិងស្រ្តី។”
៣. មនុស្សប្រុសគឺជាធាតុរឹង ហើយមនុស្សស្រីគឺជាធាតុទន់។ រឹង គឺតែងប្រើខួរក្បាល ហើយទន់គឺតែងប្រើបេះដូងនិងមនោសញ្ចេតនា។ នៅពេលដែលបេះដូងនិងខួរក្បាលបញ្ជូលគ្នាតែមួយ គឺនឹងបង្កើតបានទៅជាអំណាចធំបំផុត (បុគ្គលម្នាក់ដែលអាចប្រើបបេះដូងនិងខួរក្បាលបានស្របគ្នា នឹងបង្កើតបានទៅជាគតិបណ្ឌិតពិតប្រាកដមួយ)។ ក្នុងលទ្ធិព្រាហ្មណ៍ គេប្រៀបធៀបយកកដៃ និងបាតដៃមកផ្គុំចូលគ្នា ហើយបង្កើតបានជាម្រាមដៃទាំងប្រាំ (ហៅថាចំណង ៥ប្រការ)។ ចុងក្រោយ បើយើងជាមនុស្ស ឬជាបុរសដែលស្រឡាញ់សង្គម យើងដាច់ខាតត្រូវតែគោរពស្រឡាញ់មនុស្សស្រី។ តើការស្រឡាញ់បែបណាដែលត្រឹមត្រូវ?
៤. បើយើងជាយុវជន ការស្រឡាញ់ដ៏ត្រឹមត្រូវបំផុត គឺមានន័យថា “បើស្រឡាញ់នាង ត្រូវស្រឡាញ់ការសិក្សាអប់រំរបស់នាងសិន ដោយទុកពេលវេលាឱ្យនាងខិតខំប្រឹងប្រែងរៀនសូត្រ ព្យាយាមលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់នាងគ្រប់ពេលវេលា (ប្រើអារម្មណ៍យល់ចិត្ត ឬពាល់អារម្មណ៍ តែពុំមែនប្រើហេតុផលជាមួយនាងទេ)”។ បើជាឪពុក បើអ្នកស្រឡាញ់កូនប្រុសស្រីរបស់អ្នក គឺដំបូងអ្នកត្រូវស្រឡាញ់ម្តាយរបស់កូនសិន (ស្រឡាញ់ប្រពន្ធឱ្យច្រើន ឬខ្មែរយើងប្រើពាក្យថា “ស្រឡាញ់មេ បំពេរកូន)។ បើអ្នកជាកូនដែលស្រឡាញ់ម្តាយ គឺសូមកុំធ្វើទង្វើណាដែលនាំឱ្យម្តាយពិបាកចិត្ត៕
_________________________________________
អត្ថបទដកស្រង់ចេញពីសៀវភៅ #ប្រតិទិនទស្សនៈ២២២ថ្ងៃ និពន្ធដោយ ឡាំ លីម។ មានកម្រាស់៣៥៥ទំព័រ ចេញផ្សាយនៅចុងខែកុម្ភៈខាងមុខ។ អាចកក់ទុកបានរហូតដល់ថ្ងៃទី២ ខែកុម្ភៈ ២០១៩ តម្លៃ៤០០០០រៀល សម្រាប់អ្នកកក់ទុកមុន និងតម្លៃ៥០០០០រៀល សម្រាប់អ្នកដែលជាវពីបណ្ណាគារ។
កក់ទុកដោយផ្ញើសារលេខទូរស័ព្ទមកកាន់ផេក ឬ Comment លេខនៅខាងក្រោមនេះក៏បាន។ សូមអរគុណ!

#សៀវភៅជាមិត្តល្អ?

Image may contain: sky
ខ្ញុំចេះតែឆ្ងល់មនុស្សខ្លះ ទាល់តែពេលជួបទុក្ខ ទើបរត់ទៅរកដំណោះស្រាយ។ ពេលសុខ ចេះតែសប្បាយដាច់បង្ហៀរ តែដល់ពេលទុក្ខវិញ ក៏ប្រឹងរត់យ៉ាងវេទនា។ ពាក្យខ្មែរលោកថា “ការពារប្រសើរជាងព្យាបាល”។ ពេលសុខ ពេលស្រួល តែបែរមិនត្រៀមសម្ភារៈប្រយុទ្ធ ក្រែងលោអាសន្នអន់ក្រមកញាំញីដោយប្រការណាមួយ តែដល់ពេលទុក្ខ ទើបប្រឹង។ អាល់ប៊ឺត អាស្តាញ (Albert Einstein) ដែលជារូបវិទូសតវត្សរ៍ទី២០ និយាយថា “មនុស្សឆ្លាតតែងដោះស្រាយបញ្ហា តែអច្ឆរិយបុគ្គល តែងការពារបញ្ហាកុំឱ្យកើតឡើង”។
សុភាសិតចិនលើកឡើងថា “ពេលក្រ កុំអស់សង្ឃឹម ហើយពេលមាន កុំភ្លើតភ្លើន”។ មនុស្សជាច្រើន មិនមែនស្លាប់ដោយសារតែខ្លួនខ្សោយ ឬមិនមែនខ្លាំងដោយសារតែខ្លួនខ្លាំងទេ។ ប៉ុន្តែ មនុស្សស្លាប់ដោយសារតែបាក់ទឹកចិត្ត បាត់សតិដឹង ភ្លេចទប់ស្មារតីពេលជួបបញ្ហាធំ ហើយមនុស្សខ្លាំង គឺខ្លាំងដោយសារតែមានសតិដឹងជាប់ជានិច្ច។ តើដឹងសតិរបៀបយ៉ាងម៉េច? សតិដឹង គឺដឹងថា “ក្នុងលាភមានគ្រោះ ឬក្នុងគ្រោះមានលាភ”។ គ្មានជ័យជម្នះណាដែលនឹងឋិតថេរទេ ដរាបណាបើយើងភ្លេចខ្លួន។ ខ្មែរយើងមានមេរៀនអំពីរឿង “រៃ និងស្រមោច”។
ខ្ញុំតែងឮពាក្យថា “ចូរប្រើសន្តិភាព ឱ្យមានប្រសិទ្ធភាព”។ ពាក្យនេះ គឺចង់ដាស់តឿនក្រើនរលឹកដល់មនុស្សទាំងឡាយណាដែលមានស្ថានភាពល្អ ឱ្យចេះប្រើប្រាស់ពេលវេលាល្អ មកបង្កើតប្រយោជន៍ដល់ខ្លួនឯងនិងត្រៀមខ្លួន ដ្បិតអនាគតយើងមិនអាចដឹងថា “តើមានរឿងហេតុអាក្រក់អ្វីកើតឡើងដោយយថាហេតុណាមួយឡើយ”។ ចំពោះការរៀន ការសិក្សា ឬការអានសៀវភៅក៏ដូចគ្នាដែរ។ អ្នកខ្លះនិយាយថា “សៀវភៅ គឺជាមិត្ត” តែខ្ញុំយល់ថា “សៀវភៅខ្លះកំដរអ្នកខ្លះ បានត្រឹមតែពេលកើតទុក្ខប៉ុណ្ណោះ តែដល់ពេលសុខស្រួល ក៏ចិត្តដាច់បោះបង់សៀវភៅចោល”។
មិត្តល្អ កំដរគ្នាដល់ថ្ងៃស្លាប់។ បើស្រឡាញ់ខ្លួនឯង យើងគួរតែទម្លាប់ចាប់កាន់សៀវភៅអានជាដរាប ដោយកុំយកមកអានម្តងម្កាលពេលខ្លួនឯកោ។ សៀវភៅ ផ្តល់ចំណេះដឹងច្រើនដល់មនុស្ស។ ចំណេះដឹងច្រើន បញ្ហាជីវិតមិនសូវមានទេ តែបើចំណេះដឹងតិចវិញ បញ្ហាជីវិតវានឹងកើនឡើងច្រើនសម្បើមណាស់។ ចូរយើងប្រឹងអាន ដើម្បីទុកចំណេះដឹងដោះស្រាយបញ្ហាពេលអាសន្ន តែកុំដល់បញ្ហាកើតឡើងហើយ រត់ទៅរកសៀវភៅមកអានឱ្យសោះ។ ពេលខ្លះ រត់មិនទាន់ដល់កន្លែងរក្សាទុកដំណោះស្រាយផង ក៏អាចដាច់ខ្យល់ស្លាប់ ក៏មានដែរ។ ខ្ញុំហ៊ានធានាថា ចំណេះដឹង វានឹងធ្វើឱ្យយើងចេះរស់នៅ។ ពេលដល់ដំណាក់កាលដែលយើងចេះរស់នៅពិតប្រាកដហើយ ចំណេះដឹងវានឹងក្លាយទៅជាសំរាម។ ខ្ញុំនិយាយថា “ចំណេះដឹងជាសំរាម” ដ្បិតពេលណាមួយ យើងបានជ្រាបពីចំណេះដឹងខាងចិត្តវិញ្ញាណស៊ីជម្រៅ យើងនឹងទទួលស្គាល់ថា សេចក្តីសុខគឺនៅនឹងចិត្ត តែមិនមែននៅនឹងក្បាលដែលមានទិន្នន័យច្រើនហូរហៀរទេ។
___________________________________
អត្ថបទនេះដកស្រង់ចេញពីសៀវភៅ #ប្រតិទិនទស្សនៈ២២២ថ្ងៃ និពន្ធដោយ ឡាំ លីម (Lam Lim) ម្ចាស់ស្នាដៃ #ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ។ សៀវភៅនេះនឹងចេញផ្សាយនៅចុងខែកុម្ភៈខាងមុខ។ មិត្តអ្នកអាននៅតែអាចធ្វើការកក់ទុកបានរហូតដល់ថ្ងៃទី២ ខែកុម្ភៈ ២០១៩។
តម្លៃចំពោះអ្នកកក់ទុក ៤០០០០រៀល (១០ដុល្លារ) ដោយឡែកតម្លៃពេញគឺ ៥០០០០រៀល ឬ(១២.៥ដុល្លារ)។
សៀវភៅនេះបោះពុម្ពលើកទី១ចំនួន២០០០ច្បាប់ ជាក្របរឺង (hard cover) មានកម្រាស់ ៣៥៥ទំព័រ។
សូមកក់ទុកដោយផ្ញើសារលេខទូរស័ព្ទមកកាន់ផេក ឬ Comment លេខទូរស័ព្ទនៅខាងក្រោមផ្ទាល់។ សូមអរគុណ!

Monday, January 28, 2019

#ទ័ពនិងជាតិ

Image may contain: one or more people, text and outdoor
១. ឃើញរូបនេះ ធ្វើឱ្យខ្ញុំនឹកឃើញចម្រៀងខ្មែរជំនាន់ចាស់មួយបទ ដែលមានចំណងជើងថា “កំពូលភ្នំស្រួច”។ ទំនុកដំបូងបន្ទរថា “មើលឃើញស្រុកខ្មែរ ពីកំពូលភ្នំ ឃើញហើយមិនយំ ស្ទើរស្រក់ទឹកភ្នែក […] ពេលនេះម៉ែបែក ទៅណាបាត់ហើយ […]។ ពាក្យថា “ម៉ែ” គឺសំដៅដល់ជាតិ [ម៉ែតូច ជាម្តាយបង្កើត រីម៉ែធំបំផុត គឺជាតិ]។ ខ្ញុំចាំសម្តីរបស់អ្នកនិពន្ធកំណែទម្រង់សង្គមជាតិអាមេរិក ហ្វ្រីឌិច ឌូក្លាស (Frederick Douglass) និយាយថា “ជាតិស្លាប់ឬរស់ ព្រោះតែភាពស្មោះស្មគ្រ [ប្រជាជនស្មោះនឹងជាតិជាងនរណាៗទាំងអស់] សច្ចធម៌ [ប្រជាជនស្គាល់សច្ចភាព/ពិតឬក្លែងក្លាយ] និងគុណធម៌ [ដឹងគុណជាតិជាងនរណាៗទាំងអស់]”។ ស្រដៀងនឹងសម្តីបរមគ្រូ ខុង ជឺ ដែលពោលថា “កម្លាំងជាតិ វាកើតឡើងចេញពីសុចរិតភាពរបស់ប្រជាជន”។
២. ខ្លឹមសារទាំងនេះមានន័យថា ម៉ែធំ (ជាតិ) ធំជាងមេដឹកនាំ ដ្បិតស្របគ្នានឹងគំនិតទស្សនវិទូមួយដែលនិយាយថា “រវាងមេដឹកនាំនិងជាតិ តើត្រូវស្មោះស្មគ្រមួយណា? ស្មោះនឹងជាតិ លះបង់ដើម្បីជាតិ”។ ក្នុងទ្រឹស្តីទំនាក់ទំនងអន្តរជាតិថា “សង្គ្រាម វាជាធម្មជាតិ តែសន្តិភាព គឺមនុស្សជាអ្នករៀបចំ”។ នៅពេលសន្តិភាព កូនដុតសាកសពឪ តែនៅពេលសង្គ្រាម ឪជាអ្នកដុតសាកសពកូន។ ទស្សនវិទូក្រិច ប្លាតុង (Plato) ធ្លាប់និយាយថា “មានតែអ្នកដែលស្លាប់ក្នុងសមរភូមិប្រយុទ្ធប៉ុណ្ណោះ ដែលអាចមើលឃើញសង្គ្រាមត្រូវបានបញ្ចប់”។ រូបវិទូស.វទី២០ អាល់ប៊ឺត អាញស្តាញ ធ្លាប់ពោលថា “សង្គ្រាមចប់ តែគ្មានសន្តិភាព”។ តើអ្វីទៅជាសន្តិភាពពិតប្រាកដ?
៣. នៅលើផែនដីនេះ មានសង្គ្រាម៣ប្រភេទសំខាន់ៗរួមមាន៖ ១. សង្គ្រាមក្នុងខ្លួន, ២. សង្គ្រាមផ្ទៃក្នុងសង្គម, សង្គ្រាមពិភពលោកទាំងមូល។ ខ្ញុំសូមបកស្រាយក្នុងន័យសាសនាទាំងស្រុងថា “មនុស្សកំសាក ច្បាំងចាញ់ខ្លួនឯង។ មនុស្សវង្វេង បែកកម្មដ្ឋាន។ ឱ្យតែចាញ់ខ្លួនឯង សង្គ្រាមគ្រប់ប្រភេទនឹងផ្ទុះឡើង”។ សូក្រាតនិយាយពាក្យប៉ុន្មានឃ្លាយ៉ាងខ្លីថា “Know thyself ឬ ស្គាល់ខ្លួនឯង” ដែលមានន័យថាមនុស្សដែលមិនស្គាល់ខ្លួនឯង តែងតែវង្វេង។ សង្គ្រាមក្នុងសង្គម និងសង្គ្រាមពិភពលោកសុទ្ធតែមានដើមហេតុចេញពីមនុស្សជាតិទាំងអស់។ ក្រៅពីសាសនាព្រះពុទ្ធ មានសាសនាស្ទើរតែទាំងអស់ក្នុងពិភពលោកសុទ្ធតែបានចូលរួមគាំទ្រសង្គ្រាម។ មេទ័ពខ្លះអធិដ្ឋានទៅព្រះជាម្ចាស់ មុនចេញច្បាំង, សាសនាខ្លះធ្វើពិធីទេវរាជ មុនចេញច្បាំង។ល៕
“The life of the nation is secure only while the nation is honest, truthful, virtuous” – Frederick Douglass
ប្រភពៈឡាំ លីម

លុយ-ពេលវេលា -សុខភាព

“សូមកុំចំណាយពេលវេលាដែលកំពុងមាន ទៅគិតឥតប្រយោជន៍លើពេលវេលាដែលធ្លាប់មានពីមុនឱ្យសោះ។ យើងគួរតែចេះថែរក្សាគ្រប់យ៉ាងដែលកំពុងតែមាន ប្រសើរជាង ទៅគិតលើអ្វីម្យ៉ាងដែលធ្លាប់មានពីមុន”។
យើងយល់ថាលុយសំខាន់ តែពេលវេលាសំខាន់ជាងលុយទៅទៀត ពីព្រោះលុយអាចរកបាន តែពេលវេលាបើកន្លងទៅហើយ គឺមិនអាចត្រឡប់ថយក្រោយវិញបានទេ។ យើងយល់ថាពេលវេលាមានតម្លៃ តែសុខភាពមានតម្លៃជាងពេលវេលាទៅទៀត ពីព្រោះបើសុខភាពខ្សោយ គឺគ្រប់យ៉ាងក៏ខ្សោយដូចគ្នាដែរ។ បើមានត្រឹមតែពេលវេលាច្រើន បូកនឹងសុខភាពខ្សោយ គឺស្មើនឹងសូន្យ ហើយបើមានសុខភាពល្អ បូកនឹងខ្សោយរបៀបចាត់ចែងពេលវេលា ក៏ស្មើនឹងសូន្យដូចគ្នាដែរ។
មនុស្សគ្រប់គ្នាមានពេលវេលា ២៤ម៉ោងដូចគ្នា។ មនុស្សឆ្លាត គឺជាបុគ្គលដែលចេះប្រើពេលវេលាឱ្យមានប្រយោជន៍ ហើយមនុស្សឆោតគឺជាបុគ្គលដែលទុកពេលវេលាចោលឥតប្រយោជន៍។ ចូរយើងចេះប្រើពេលនេះឱ្យមានប្រយោជន៍ ហើយត្រូវចាំថាអតីតកាលបានកន្លងហួសហើយ។ ចំណែកអនាគតក៏ពុំទាន់កើតនៅឡើយដែរ ដូច្នេះមានតែពេលនេះប៉ុណ្ណោះដែលសំខាន់ជាងគេបំផុតក្នុងជីវិត។ ម្សិលមិញគឺជាថ្ងៃនេះ ថ្ងៃនេះគឺជាថ្ងៃនេះ ហើយអនាគតក៏ជាថ្ងៃនេះដែរ។ សំខាន់ ឱ្យតែយើងចេះរៀបចំថ្ងៃនេះឱ្យល្អបំផុត នោះអតីតកាលនឹងល្អ ហើយក៏មានន័យថាបានរៀបចំអនាគតឱ្យបានល្អដូចគ្នាដែរ។
“No more wasting time thinking about wasted time.” – Democritus
_____________________________
អត្ថបទដកស្រង់ចេញពីសៀវភៅ #ប្រតិទិនទស្សនៈ២២២ថ្ងៃ។ មិត្តអ្នកអាននៅតែអាចកក់ទុកសៀវភៅនេះបានរហូតដល់ថ្ងៃទី២ ខែកុម្ភៈ ២០១៩ខាងមុខ។ បញ្ចុះតម្លៃ១០០០០រៀល សម្រាប់អ្នកកក់ទុកទាំងអស់។ តម្លៃទូទៅ៥០០០០រៀល និងតម្លៃសម្រាប់អ្នកកក់គឺ៤០០០០រៀល។ កម្រាស់៣៥៥ទំព័រ បោះពុម្ពជា Hard Cover (ក្របរឹង)។
ប្រភព៖ឡាំ លីម