Search

khmerminds24.blogspot.com ចែករំលែក ចំណេះដឹង ព័ត៌មាន ការកំសាន្ត ការអបរំ ការសិក្សា បច្ចេកកវិទ្យា កសិកម្ម ស្នេហា. ចែករំលែកដល់អ្នករាល់គ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្មានដែនកំណត់។

Tuesday, December 4, 2018

គុណមនុស្សម្នាក់និងប្រយោជន៍រួម

Image may contain: 2 people, hat and closeup
១. មនុស្សម្នាក់កើតមកលើផែនដីនេះ បានជំពាក់គុណមេឃដី ទឹកភ្លើងខ្យល់ ធម្មជាតិទាំងឡាយ ព្រមទាំងមនុស្សទាំងឡាយដែលជួយជ្រោមជ្រែងយើងក្នុងដំណើរជីវិតតាំងពីកើតរហូតដល់ស្លាប់។ ក្នុងប្រទេសរបស់យើង មនុស្សគ្រប់ៗគ្នាជំពាក់គុណដូនតានិងបុព្វបុរសរបស់យើង ដ្បិតទឹកដីដែលយើងកំពុងតែរស់នៅសព្វថ្ងៃនេះ វាបានមកដោយសារតែការប្រឹងប្រែង ការតស៊ូ ពលិកម្មឈាមស្រស់ និងការលះបង់សាច់ស្រស់របស់ដូនតាជំនាន់មុនៗ។ តើយើងត្រូវតបស្នងសងគុណបុព្វបុរសនិងដូនតាជំនាន់មុនៗដោយរបៀបណា?
២. មនុស្សដែលយល់ពីតម្លៃនៃការលះបង់ គឺពុំត្រូវការការតបស្នងអ្វីពីនរណាម្នាក់ទាំងអស់ ដ្បិតសេចក្តីសុខរបស់បុគ្គលដែលបានពលីទាំងឡាយ គឺជាការលះបង់ដើម្បីប្រយោជន៍រួមនោះឯង។ ការលះបង់ វានឹងពុំមែនជាការលះបង់ បើការលះបង់ទាំងនោះធ្វើឡើងដោយសេចក្តីស្រឡាញ់ពេញចិត្ត។ នេះមានន័យថា “ការលះបង់ គឺស្មើនឹងសេចក្តីសុខម្យ៉ាងដែលវាមានតម្លៃខាងក្នុងកាត់ថ្លៃពុំបាន។ លះបង់ចំពោះមនុស្សដែលយើងស្រឡាញ់ លះបង់ចំពោះទឹកដីដែលយើងស្រឡាញ់ លះបង់ចំពោះជាតិដែលយើងស្រឡាញ់ គឺជាមហាកិត្តិយសខ្លាំងបំផុត”។
៣. ផ្ទុយទៅវិញ បុគ្គលណាដែលលះបង់ តែតែងរំពឹងផលតបស្នងវិញ គឺពុំគួរឱ្យគោរពប៉ុន្មានឡើយ។ ការលះបង់ពិតប្រាកដ ពុំត្រូវការអ្វីតបស្នងជាដាច់ខាត។ ការលះបង់ដែលចង់បានការតបស្នងបែបនេះ ខ្មែរយើងហៅថា “ហុតទឹកសម្លឹងកាក។ ស៊ីគ្រាប់ រាប់សម្បក”។ បុគ្គលដែលពាល់ត្រូវពីតម្លៃនៃការលះបង់ តែងយល់ច្បាស់ពីតម្លៃរួមមួយ។ មានតែមេដឹកនាំពិតប្រាកដប៉ុណ្ណោះ ដែលយល់ច្បាស់ពីតម្លៃរួម។ មេដឹកនាំពិតប្រាកដ ពុំមែនជាមនុស្សស៊ីគ្រាប់រាប់សម្បកឡើយ។ តំណមរបស់មេដឹកនាំ ដាច់ខាត់មិនត្រូវហុតទឹកសម្លឹងកាក ឬស៊ីគ្រាប់រាប់សម្បកឡើយ។ អ្នកប្រាជ្ញចិន ខុង ជឺ និយាយថា “ធ្វើគុណទៅហើយ បើអ្នកដទៃតបមកវិញ ចាត់ទុកដូចជាពុំបានធ្វើ។ បើធ្វើគុណប្រយោជន៍ទៅហើយ សូមកុំរំឮកគុណទាំងអស់នៅចំពោះមុខអ្នកដទៃឱ្យសោះ ដ្បិតបើមិនយ៉ាងដូច្នេះទេ គុណប៉ុនភ្នំ វានឹងត្រូវរលាយវិញអស់”។
៤. ឥរិយាបថរបស់មេដឹកនាំពិតប្រាកដ គឺភាគច្រើនគិតលើប្រយោជន៍រួម។ មេដឹកនាំណាម្នាក់ដែលប្រឹងធ្វើគ្រប់យ៉ាងដើម្បីតែខ្លួនឯង គឺពិបាកនឹងទទួលបានការគោរពពិតប្រាកដណាស់។ ការលះបង់កាន់តែខ្លាំង អំណាចឥទ្ធិនៃភាពជាអ្នកដឹកនាំកាន់តែអស្ចារ្យ។ ប្រវត្តិសាស្រ្តពុំដែលចារឹកឈ្មោះល្អ ចំពោះមេដឹកនាំណាដែលអាត្មានិយមនោះឡើយ។ តើយុវជនជំនាន់ក្រោយ ត្រូវដោះស្រាយបែបណា បើជួបមេដឹកនាំចូលចិត្តរំឮកគុណបំណាច់របស់ខ្លួននៅចំពោះមុខរាស្រ្តញឹកញាប់រាប់ឆ្នាំ ចង់ឱ្យអ្នកដទៃសងគុណខ្លួនទាំងខ្លួនបានប្រព្រឹត្តទង្វើខុសតំណម ខុសក្បួនសីលធម៌ និងបង្កការឈឺចាប់ដល់អ្នកទន់ខ្សោយ?
៥. យុវជនជំនាន់ក្រោយ ត្រូវតែជាមនុស្សដែលមានចិត្តចេះដឹងគុណនិងមានកត្តញ្ញូ តែដើម្បីប្រយោជន៍រួមទាំងអស់គ្នា សម្រាប់អនាគតសង្គមទាំងមូល យើងក៏ត្រូវចេះកាត់សាច់ចិត្តដាច់ចំពោះគុណបំណាច់របស់មេដឹកនាំចាស់ៗ ដើម្បីស្តារស្ថានការណ៍សង្គមដែរ។ កុំដោយសារតែមនោសញ្ចេនាចំពោះមេដឹកនាំពីរបីនាក់ ធ្វើឱ្យយើងចិត្តទន់បំផ្លាញអនាគតមនុស្សរាប់លាយនាក់ឱ្យសោះ(ករណីកាលៈទេសៈដែលចាំបាច់បំផុត) ។ នេះហើយជាចរិតមេដឹកនាំដែលមិនប្រើអារម្មណ៍ ឬមនោសញ្ចេតនាក្នុងការងារធំដុំ ក្នុងគោលបំណងសម្រេចចិត្តបែបពលិកម្មដើម្បីប្រយោជន៍រួម។
៦. នៅក្នុងរឿង “ចក្រភពឈីង” ដែលជាភាពយន្តប្រវត្តិសាស្រ្តចិន មានតួអង្គ វ៉ៃ យ៉ាង (Wei Yang) ដែលយល់ពីសច្ចភាពនៃការលះបង់ខ្លួនដើម្បីប្រយោជន៍រួមនេះ បើទោះបីជាខ្លួនមានគុណធំ បានស្តារមហាឈីងឱ្យខ្លាំងក្លាឡើងវិញក៏ដោយ។ ចំពោះបុត្រារបស់អតីតព្រះមហាក្សត្រអ៊ី ឈីលៀង ក៏បានយល់ច្បាស់ពីផលប្រយោជន៍រួម ការលះបង់មនុស្សដែលមានគុណសម្បត្តិម្នាក់ ដើម្បីរក្សាប្រយោជន៍របស់រាស្រ្តឈីងមួយនគរដែរ។ ចំណែកឯនៅក្នុងទេវកថារឿង “មហាភារតៈ” ក៏មាន ប៊ីស្មៈ (Bhishma) ដែលស្លាប់ដេកនៅលើគ្រែព្រួញ និងអរជុន (Arjun) ដែលស្គាល់ពីតួនាទីរបស់ខ្លួនក្នុងនាមជាមេដឹកនាំគិតប្រយោជន៍រួមដែរ។ មិនថាមនុស្សរស់នៅក្នុងសង្គមណាទេ ត្រូវតែយល់ពីសច្ចភាពនៃការលះបង់។ ការលះបង់ជីវិត ការលះបង់អំណាចដើម្បីប្រយោជន៍រួម វាខុសពីការក្រាញអំណាចដើម្បីតែក្រុម បក្សពួក និងភាពអាត្មានិយម៕
ប្រភព៖ឡាំ លីម

1 comment:

  1. Casinos Near Me - Casino Hub
    › Find 광명 출장안마 Casinos Near Me › Find 김포 출장샵 Casinos 강원도 출장안마 Near Me Find Casinos 김천 출장마사지 Near Me Hotels. Find nearby 순천 출장샵 Casinos in a convenient location and explore nearby casino games.

    ReplyDelete