Search

khmerminds24.blogspot.com ចែករំលែក ចំណេះដឹង ព័ត៌មាន ការកំសាន្ត ការអបរំ ការសិក្សា បច្ចេកកវិទ្យា កសិកម្ម ស្នេហា. ចែករំលែកដល់អ្នករាល់គ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្មានដែនកំណត់។

Wednesday, December 5, 2018

បញ្ហាទំនាក់ទំនង


១. យើងឃើញពន្លឺរាងមូលនៅលើមេឃ ដែលជាពន្លឺត្រឹមតែកម្ទេចរាត្រីអន្តការដ៏ងងឹត។ ជនជាតិឥណ្ឌាហៅ “ពន្លឺរាងមូលនៅលើមេឃ” ថាជានេះ, ជនជាតិអង់គ្លេសហៅថាជានោះ, កូរ៉េហៅផ្សេង, ចិនហៅផ្សេង, រីឯខ្មែរយើងនៅថា “ព្រះច័ន្ទ”។ ដូច្នេះ តើពន្លឺរាងមូលនៅលើមេឃ” នោះ វាជាអ្វីឱ្យពិតប្រាកដ និងឈ្មោះអ្វីឱ្យពិតប្រាកដ”។
២. ចម្បាំងក្នុងខ្លួន ការឈឺចាប់ ការមិនអស់ចិត្ត....។ល។ ភាគច្រើនកើតឡើងដោយសារតែការចូលចិត្តវាយតម្លៃ និងការបង្កើតគំនិតដើម្បីវិនិច្ឆ័យអ្វីមួយថាបែបនោះ ឬបែបនេះក្នុងកម្រិតចំណេះដឹងរបស់យើង។ ក្នុងលក្ខខណ្ឌនេះ បើចំណេះដឹងឬព័ត៌មានក្នុងខួរក្បាលរបស់យើងមានក្នុងកម្រិតណា នោះការវាយតម្លៃ ការសន្មតយក ការកំណត់យក វាក៏បានត្រឹមកម្រិតនោះដែរ។
៣. ខ្ញុំជឿថាសេចក្តីសុខនិងសុខដុមរមនាមិនខ្វះឡើយ ទាំងជាមួយខ្លួនឯងផងនិងទាំងជាមួយអ្នកដទៃផង បើមនុស្សជាតិឈប់កំណត់ ឬមិនវិនិច្ឆ័យចំពោះអ្នកដទៃនិងខ្លួនឯងដោយងងឹតងងុលជ្រុលហួសហេតុពេក។ ចំណេះដឹងបែបសន្មត វាប្រៀបដូចជាការបោកប្រាស់អ៊ីចឹង។ អ្នកមានចំណេះជាច្រើន ចូលចិត្តមើលអ្វីមួយទៅតាមចំណេះដែលខ្លួនមាន ដោយពុំមើលរឿងរ៉ាវទាំងអស់ទៅតាមសភាពធម្មជាតិរបស់វាសោះ។ ចេះរបេះក្បាច់។ កំបិតចិតដងឯង។ មិនយកចំណេះដុតភាពល្ងង់ តែបែរជាយកចំណេះដុតព្រលឹងខ្លួនឯង។
៤. ខ្ញុំជួបមនុស្សកាន់តែច្រើន ខ្ញុំកាន់តែដឹងថាមនុស្សភាគច្រើនសុទ្ធតែជាអ្នកចូលចិត្តវិនិច្ឆ័យ និងកំណត់ន័យយកដោយខ្លួនឯង។ ខ្ញុំឃើញទឹកមុខមនុស្សខ្លះសើចសប្បាយ តែវាជាភាពសប្បាយជាមួយនឹងការបោកប្រាស់ ច្រឡំទុក្ខថាជាសុខ។ ខ្ញុំឃើញទឹកមុខមនុស្សខ្លះកើតទុក្ខ តែទុក្ខសោកជាមួយនឹងការយល់ខុស តាមរយៈការប្រើចំណេះដឹងបែបសន្មត ឬការបង្កើតគំនិតសម្លាប់ខ្លួនឯង។ រឿងទុក្ខជាច្រើន វាបានកើតឡើងដោយសារតែការឆាប់កំណត់អ្វីមួយលឿនពេក ឬការវិនិច្ឆ័យដោយខ្វះភាពជាក់ស្តែងនិយម។
៥. សន្តិភាពក្នុងសង្គម វាកើតឡើងដោយសារតែមនុស្សម្នាក់ៗមានសន្តិភាពជាមួយខ្លួនឯង ដ្បិតជីវិតដែលមានសន្តិភាពជាមួយនឹងខ្លួនឯង វានឹងធ្វើឱ្យយើងចេះរស់នៅយ៉ាងសុខជាមួយនឹងជនសង្គមដទៃផ្សេងទៀត។ ការរស់នៅដោយគ្មានសន្តិភាពជាមួយខ្លួនឯង វាជាទំនោរធ្វើឱ្យមានទំនាស់ជាមួយនឹងអ្នកដទៃ។ ហេតុនៃការឈ្លោះគ្នា វាតែងនាំផលនៃការបែកបាក់សាមគ្គីសង្គម។ គិតអាក្រក់ចំពោះគ្នា បែកបាក់គ្នា ស្អប់គ្នា ខឹងសម្បារគ្នាទៅវិញទៅមក ទាំងពេលខ្លះយើងជាមនុស្សល្អ ជាមនុស្សដែលមិនមែនជាអ្នកខុស តែត្រូវបានការកំណត់វិនិច្ឆ័យមិនឈរលើភាពជាក់ស្តែងនិយម លាបពណ៌គ្នាទៅវិញទៅមករហូតមើលមុខគ្នាមិនចំ។ យើងអាចកំណត់បានថា “ការបែកបាក់សង្គម មនុស្សក្នុងឈាមដូចគ្នា មើលមុខគ្នាមិនចំ គឺដោយសារតែយើងទាំងអស់គ្នាមានទំនាស់ជាមួយខ្លួនឯងញឹកញាប់ពេក ឬច្បាំងមិនឈ្នះសមរភូមិក្នុងខ្លួនឯង”។ ពេលខឹងគ្នា ឬបើស្អប់គ្នាយ៉ាងណាក៏ដោយ ក៏សូមនិយាយគ្នារកហេតុផលការពិតតាមចេតនាល្អសិន សឹមសម្រេចថាខឹងមែនទែន។ រឿងភាគច្រើនកើតឡើងដោយសារតែការភាន់ច្រឡំ ឬការទំនាក់ទំនងគ្នាខ្សោយ (Miscommunication/Misunderstand)៕
ប្រភពៈ ឡាំ លីម

0 comments:

Post a Comment