Search

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

khmerminds24.blogspot.com ចែករំលែក ចំណេះដឹង ព័ត៌មាន ការកំសាន្ត ការអបរំ ការសិក្សា បច្ចេកកវិទ្យា កសិកម្ម ស្នេហា. ចែករំលែកដល់អ្នករាល់គ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្មានដែនកំណត់។

Thursday, December 13, 2018

តើជាស្នេហាឬតណ្ហា?

Image may contain: one or more people
១. “ពេលខ្លះយើងភ័យខ្លាចបាត់បង់មនុស្សដែលខ្លួនស្រឡាញ់។ ចុះយើងដែរមានភ័យខ្លាចមនុស្សដែលស្រឡាញ់យើងទាំងឡាយ (ម៉ែឪ បងប្អូន សាច់ញាតិ មិត្តភក្រ) ឈឺចាប់ដោយសារតែបាត់បង់យើងដែរ ឬទេ?”
២. ពេលខ្លះ យើងសុខចិត្តស្លាប់ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ដែលខ្លួនមានចំពោះបុរសណាម្នាក់ឬនារីណាម្នាក់។ អ្នកខ្លះទៀត ធ្វើខ្លួនអួទីនួ ឆ្កួតប៉ោឡែ បោះបង់ខ្លួនឯងចោល ដោយសារតែស្នេហាផិតក្បត់។ ម៉ែឪមានគុណ កូនស្រីមានទុក្ខធ្ងន់ ម៉ែឪអត់ដឹង។ កូនស្រីខ្លះឈឺចាប់ព្រោះស្នេហា តែអត់ដឹងថាម៉ែឪអួលណែន។ កូនស្រីខ្លះឈឺពេក ចង់ផ្តាច់សង្ខារ តែអត់ដឹងថា ស្នេហារបស់ម៉ែឪ ធំខ្លាំងប៉ុនណា។ កូនស្រីខ្លះ យល់ថាឈឺចាប់ម្នាក់ឯង តែភាពជាក់ស្តែង ទឹកភ្នែកម៉ែឪស្រក់ជានិច្ច។ កូនប្រុសខ្លះ ម៉ែឪប្រឹងចិញ្ចិមបីបាច់ថែរក្សារាប់ឆ្នាំ តែបែរជាឆ្កួតវង្វេងដោយតែស្រីម្នាក់ ក្នុងរយៈពេលតែប៉ុន្មានាទីទៅវិញ។
៣. ស្រឡាញ់នរណាម្នាក់ គឺជារឿងល្អ តែបើអ្នកដែលយើងស្រឡាញ់ព្រមស្រឡាញ់តបចំពោះស្នេហាយើងវិញ គឺរឹតតែល្អប្រើសើរ។ ស្រឡាញ់គេម្នាក់ឯង វាជារឿងមួយ តែបើគេមិនព្រមស្រឡាញ់វិញ វាគឺជារឿងទុក្ខព្រួយខកចិត្ត។ មានជីវិត ត្រូវតែមានសេចក្តីស្រឡាញ់ តែបើជីវិតគ្មានសេចក្តីស្រឡាញ់ទេ វាគឺជាជីវិតឥតន័យ។ មនុស្សរស់បាន ព្រោះតែសេចក្តីស្រឡាញ់ តែបើកាលណានរណាម្នាក់ទទួលបានសេចក្តីស្រឡាញ់បែបបោកប្រាស់ វាគឺជាការឈឺចាប់បំផុត។ ស្រឡាញ់ គឺលះបង់ តែមនុស្សដែលគ្មានភាពស្មោះត្រង់ គឺពុំសមនឹងទទួលការលះបង់ទេ។ ដូច្នេះ ត្រូវប្រឹងកាត់ចោល ដោយពុំគួរស្តាយស្រណោះអាឡោះអាល័យអ្វីឡើយ ដ្បិតវានាំឱ្យខាតតែវេលាទេ។
៤. ស្នេហាគ្មានលក្ខខណ្ឌ តែបើស្រឡាញ់ដោយមានលក្ខខណ្ឌ នោះវាមិនមែនជាស្នេហាទេ។ ស្នេហាដែលមានលក្ខខណ្ឌ គឺជាតណ្ហា។ ស្រឡាញ់ព្រោះអ្វី? ស្រឡាញ់ព្រោះស្អាត?, ស្រឡាញ់ព្រោះឆ្លាត?, ស្រឡាញ់ព្រោះមាន? ចុះបើថ្ងៃណាមួយ យើងក្លាយទៅជាមុខអាក្រក់ ឈប់ស្អាត, យើងក្លាយទៅជាមនុស្សឆ្កួត ឈប់ឆ្លាត, និងក្លាយទៅជាអ្នកក្រ អស់ទ្រព្យ, តើនៅស្រឡាញ់ទៀតទេ? ចម្លើយមានពីរ៖ ទី១. បើនៅតែស្រឡាញ់ គឺមានន័យថាវាជាស្នេហាពិត, ទី២. បើឈប់ស្រឡាញ់ គឺមានន័យថាវាគឺជាស្នេហាក្លែងក្លាយ។ ស្នេហាក្លែងក្លែង គឺស្មើនឹងសេចក្តីស្រឡាញ់បែបតណ្ហា។ មនុស្សខ្លះលែងស្គាល់អ្វីទៅជាស្នេហា តែបែរជាយល់ស្នេហាត្រឹមតែជាតណ្ហាប៉ុណ្ណោះ។
៥. ស្នេហាល្អទេ តែអ្នកដែលមិនស្គាល់ពីស្នេហា នឹងក្លាយទៅជាមនុស្សឆ្កួតវង្វេង។ មនុស្សដែលមិនស្គាល់ “អ្វីទៅជាស្នេហា” គឺពិបាកនឹងគេចផុតពីការឈឺចាប់ខ្លាំងណាស់។ តើស្នេហា គឺជាអ្វី? ស្នេហា វាគឺជាលះបង់ខ្លួនយើង ប្រឹងប្រែងធ្វើអ្វីគ្រប់យ៉ាង ដើម្បីផ្តល់សេចក្តីសុខឱ្យដល់មនុស្សដែលយើងស្រឡាញ់។ បើយើងប្រឹងទៅ វាជោគជ័យ យើងនឹងនាំសេចក្តីសុខជូនដល់មនុស្សដែលយើងស្រឡាញ់។ ប៉ុន្តែបើយើងប្រឹងទៅហើយ បែរជាបរាជ័យ គឺយើងត្រូវចេះលះបង់ អង្គុយឱ្យទាប។ លះបង់ គឺមានន័យថាត្រូវអង្គុយឱ្យទាប ដើម្បីឱ្យមនុស្សដែលយើងស្រឡាញ់អាចមើលឃើញមនុស្សល្អជាងយើង។ នេះមានន័យថា “សុភមង្គលរបស់មនុស្សម្នាក់ (មនុស្សដែលយើងស្រឡាញ់) ពិតជាអាចធ្វើឱ្យមនុស្សម្នាក់ទៀតសប្បាយចិត្ត (យើង)។
៦ ការរស់នៅក្នុងសង្គមដែលយុវវ័យភាគច្រើន ពុំស្គាល់ពីស្នេហា គឺនឹងធ្វើឱ្យយុវវ័ក្នុងសង្គមទាំងមូលពោរពេញទៅដោយការឈឺចាប់។ បើស្នេហា វាធ្វើឱ្យមនុស្សឈឺចាប់ នោះការឈឺចាប់ ធ្វើឱ្យមនុស្សខ្លះ លែងឱ្យតម្លៃលើភាពស្មោះត្រង់ និងលែងជឿថាមានស្មោះត្រង់។ យើងគួរតែប្រឹងរៀន ក្រេបជញ្ចក់យកបញ្ញាសិន មុនពេលគិតគូរពីរឿងស្នេហា។ ចំណេះដឹង វាពុំធ្វើឱ្យមនុស្សវង្វេងទេ តែស្នេហាដែលខ្វះភាពស្មោះត្រង់ មិនត្រឹមតែធ្វើឱ្យមនុស្សវង្វេងទេ តែថែមទាំងធ្វើឱ្យមនុស្សបោះបង់ខ្លួនឯងចោល ក្នុងសភាពបាក់ទឹកចិត្តអស់សង្ឃឹម។ មានតែយុវវ័យដែលរក្សាចិត្តរឹងមាំ រក្សាចិត្តជាដំថ្ម និងគិតរឿងរៀនសូត្រជាធំប៉ុណ្ណោះ ដែលមិនអាចត្រូវព្យុះបោកបក់ឱ្យវង្វេង។ ដកចិត្ត ដកកាយ កុំទាន់គិតរឿងស្នេហា តែយកពេលសិក្សា ប្រហែលជាល្អជាង៕
I have always been afraid of losing people I love, but sometimes I keep asking myself, Is there anyone who’s afraid of losing me too?
ប្រភពៈឡាំ លីម

Wednesday, December 5, 2018

បញ្ហាទំនាក់ទំនង


១. យើងឃើញពន្លឺរាងមូលនៅលើមេឃ ដែលជាពន្លឺត្រឹមតែកម្ទេចរាត្រីអន្តការដ៏ងងឹត។ ជនជាតិឥណ្ឌាហៅ “ពន្លឺរាងមូលនៅលើមេឃ” ថាជានេះ, ជនជាតិអង់គ្លេសហៅថាជានោះ, កូរ៉េហៅផ្សេង, ចិនហៅផ្សេង, រីឯខ្មែរយើងនៅថា “ព្រះច័ន្ទ”។ ដូច្នេះ តើពន្លឺរាងមូលនៅលើមេឃ” នោះ វាជាអ្វីឱ្យពិតប្រាកដ និងឈ្មោះអ្វីឱ្យពិតប្រាកដ”។
២. ចម្បាំងក្នុងខ្លួន ការឈឺចាប់ ការមិនអស់ចិត្ត....។ល។ ភាគច្រើនកើតឡើងដោយសារតែការចូលចិត្តវាយតម្លៃ និងការបង្កើតគំនិតដើម្បីវិនិច្ឆ័យអ្វីមួយថាបែបនោះ ឬបែបនេះក្នុងកម្រិតចំណេះដឹងរបស់យើង។ ក្នុងលក្ខខណ្ឌនេះ បើចំណេះដឹងឬព័ត៌មានក្នុងខួរក្បាលរបស់យើងមានក្នុងកម្រិតណា នោះការវាយតម្លៃ ការសន្មតយក ការកំណត់យក វាក៏បានត្រឹមកម្រិតនោះដែរ។
៣. ខ្ញុំជឿថាសេចក្តីសុខនិងសុខដុមរមនាមិនខ្វះឡើយ ទាំងជាមួយខ្លួនឯងផងនិងទាំងជាមួយអ្នកដទៃផង បើមនុស្សជាតិឈប់កំណត់ ឬមិនវិនិច្ឆ័យចំពោះអ្នកដទៃនិងខ្លួនឯងដោយងងឹតងងុលជ្រុលហួសហេតុពេក។ ចំណេះដឹងបែបសន្មត វាប្រៀបដូចជាការបោកប្រាស់អ៊ីចឹង។ អ្នកមានចំណេះជាច្រើន ចូលចិត្តមើលអ្វីមួយទៅតាមចំណេះដែលខ្លួនមាន ដោយពុំមើលរឿងរ៉ាវទាំងអស់ទៅតាមសភាពធម្មជាតិរបស់វាសោះ។ ចេះរបេះក្បាច់។ កំបិតចិតដងឯង។ មិនយកចំណេះដុតភាពល្ងង់ តែបែរជាយកចំណេះដុតព្រលឹងខ្លួនឯង។
៤. ខ្ញុំជួបមនុស្សកាន់តែច្រើន ខ្ញុំកាន់តែដឹងថាមនុស្សភាគច្រើនសុទ្ធតែជាអ្នកចូលចិត្តវិនិច្ឆ័យ និងកំណត់ន័យយកដោយខ្លួនឯង។ ខ្ញុំឃើញទឹកមុខមនុស្សខ្លះសើចសប្បាយ តែវាជាភាពសប្បាយជាមួយនឹងការបោកប្រាស់ ច្រឡំទុក្ខថាជាសុខ។ ខ្ញុំឃើញទឹកមុខមនុស្សខ្លះកើតទុក្ខ តែទុក្ខសោកជាមួយនឹងការយល់ខុស តាមរយៈការប្រើចំណេះដឹងបែបសន្មត ឬការបង្កើតគំនិតសម្លាប់ខ្លួនឯង។ រឿងទុក្ខជាច្រើន វាបានកើតឡើងដោយសារតែការឆាប់កំណត់អ្វីមួយលឿនពេក ឬការវិនិច្ឆ័យដោយខ្វះភាពជាក់ស្តែងនិយម។
៥. សន្តិភាពក្នុងសង្គម វាកើតឡើងដោយសារតែមនុស្សម្នាក់ៗមានសន្តិភាពជាមួយខ្លួនឯង ដ្បិតជីវិតដែលមានសន្តិភាពជាមួយនឹងខ្លួនឯង វានឹងធ្វើឱ្យយើងចេះរស់នៅយ៉ាងសុខជាមួយនឹងជនសង្គមដទៃផ្សេងទៀត។ ការរស់នៅដោយគ្មានសន្តិភាពជាមួយខ្លួនឯង វាជាទំនោរធ្វើឱ្យមានទំនាស់ជាមួយនឹងអ្នកដទៃ។ ហេតុនៃការឈ្លោះគ្នា វាតែងនាំផលនៃការបែកបាក់សាមគ្គីសង្គម។ គិតអាក្រក់ចំពោះគ្នា បែកបាក់គ្នា ស្អប់គ្នា ខឹងសម្បារគ្នាទៅវិញទៅមក ទាំងពេលខ្លះយើងជាមនុស្សល្អ ជាមនុស្សដែលមិនមែនជាអ្នកខុស តែត្រូវបានការកំណត់វិនិច្ឆ័យមិនឈរលើភាពជាក់ស្តែងនិយម លាបពណ៌គ្នាទៅវិញទៅមករហូតមើលមុខគ្នាមិនចំ។ យើងអាចកំណត់បានថា “ការបែកបាក់សង្គម មនុស្សក្នុងឈាមដូចគ្នា មើលមុខគ្នាមិនចំ គឺដោយសារតែយើងទាំងអស់គ្នាមានទំនាស់ជាមួយខ្លួនឯងញឹកញាប់ពេក ឬច្បាំងមិនឈ្នះសមរភូមិក្នុងខ្លួនឯង”។ ពេលខឹងគ្នា ឬបើស្អប់គ្នាយ៉ាងណាក៏ដោយ ក៏សូមនិយាយគ្នារកហេតុផលការពិតតាមចេតនាល្អសិន សឹមសម្រេចថាខឹងមែនទែន។ រឿងភាគច្រើនកើតឡើងដោយសារតែការភាន់ច្រឡំ ឬការទំនាក់ទំនងគ្នាខ្សោយ (Miscommunication/Misunderstand)៕
ប្រភពៈ ឡាំ លីម

ទស្សនៈម៉ៅសេទុងពីអ្នកជំនាន់មុននិងក្រោយ

Image may contain: 1 person, sitting and table
១. ក្នុងសៀវភៅ “សម្រង់សម្តីរបស់លោកប្រធានបក្ស ម៉ៅ សេទុង”, ដែលបានដកស្រង់ពីកូនសៀវភៅក្រហមរបស់ម៉ៅ សេទុង ឬ “Quotation from Chairman Mao Tse Tung” ត្រង់ជំពូកទី៣០ ស្តីអំពីយុវជន, គាត់បានលើកឡើងថា "ពិភពលោកទាំងមូលគឺជាកម្មសិទ្ធិរបស់អ្នក (អ្នកជំនាន់មុន) ហើយពិភពលោកទាំងមូលក៏ជាកម្មសិទ្ធិរបស់យើងទាំងអស់គ្នាផងដែរ [...]។
២. [...] ប៉ុន្តែតាមការពិចារណាវែកញែកចុងក្រោយ យើងជាមនុស្សជំនាន់ចាស់នៅតែយល់ថា ‘ពិភពលោកទាំងមូលនៅតែជាកម្មសិទ្ធិរបស់ខ្លួនតែម្នាក់គត់’។ អនុជនជំនាន់ក្រោយប្រៀបដូចជាពន្លឺសុរិយារះម៉ោង៩ ឬម៉ោង១០ ដែលមានកម្លាំងពលំស្វាហាប់មាំមួន។ ក្តីសង្ឃឹមពេលអនាគត់តែមួយគត់របស់ពួកយើងដែលជាមនុស្សជំនាន់ចាស់ គឺត្រូវពឹងទៅលើអ្នកដែលជាអនុជនជំនាន់ក្រោយហើយ”។
៣. ម៉ៅ សេទុង បន្តទៀតថា "យើងជាមនុស្សជំនាន់ចាស់ត្រូវតែជួយជ្រោមជ្រែងយុវជនក្មេងៗជំនាន់ក្រោយឱ្យបានដឹងពីស្ថានភាពប្រទេសយើងថា ‘ប្រទេសយើងនៅតែក្រីក្រខ្វះខាតនៅឡើយទេ’ ហើយក្នុងកាលៈទេសបែបនេះ យើងក៏មិនទាន់អាចផ្លាស់ប្តូរសង្គមយើងបានទាំងស្រុង ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះដែរ។ ដូច្នេះវាមានតែការរួបរួមសាគ្គីគ្នា ខិតខំប្រឹងប្រែងរួមសហការគ្នាតែមួយគត់ រវាងអនុជនជំនាន់ក្រោយនិងប្រជាជនយើងទេ ទើបធ្វើឱ្យប្រទេសយើងក្លាយទៅជាមហាអំណាចក្នុងរយៈពេលពីរបីទសវត្សន៍ខាងមុខបាន។ ការចាប់ផ្តើមកកើតឡើងនៃប្រព័ន្ធសង្គមនិយមអាចបើកផ្លូវឱ្យជនជាតិយើងមានគំនិតសង្គមនិយមទៅអនាគត ប៉ុន្តែការបម្លែងពីគំនិតនិយមឱ្យក្លាយទៅជាជាក់ស្តែងនិយមបាន គឺត្រូវការកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នា”៕
____
សន្ទរកថានាជំនួបរវាងមេដឹកនាំបដិវត្តន៍វប្បធម៌ ម៉ៅ សេទុង ជាមួយនិងនិស្សិត សិក្ខាកាមនៅម៉ូស្គូវ, ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៥៧
ប្រភពៈឡាំ លីម

Tuesday, December 4, 2018

គុណមនុស្សម្នាក់និងប្រយោជន៍រួម

Image may contain: 2 people, hat and closeup
១. មនុស្សម្នាក់កើតមកលើផែនដីនេះ បានជំពាក់គុណមេឃដី ទឹកភ្លើងខ្យល់ ធម្មជាតិទាំងឡាយ ព្រមទាំងមនុស្សទាំងឡាយដែលជួយជ្រោមជ្រែងយើងក្នុងដំណើរជីវិតតាំងពីកើតរហូតដល់ស្លាប់។ ក្នុងប្រទេសរបស់យើង មនុស្សគ្រប់ៗគ្នាជំពាក់គុណដូនតានិងបុព្វបុរសរបស់យើង ដ្បិតទឹកដីដែលយើងកំពុងតែរស់នៅសព្វថ្ងៃនេះ វាបានមកដោយសារតែការប្រឹងប្រែង ការតស៊ូ ពលិកម្មឈាមស្រស់ និងការលះបង់សាច់ស្រស់របស់ដូនតាជំនាន់មុនៗ។ តើយើងត្រូវតបស្នងសងគុណបុព្វបុរសនិងដូនតាជំនាន់មុនៗដោយរបៀបណា?
២. មនុស្សដែលយល់ពីតម្លៃនៃការលះបង់ គឺពុំត្រូវការការតបស្នងអ្វីពីនរណាម្នាក់ទាំងអស់ ដ្បិតសេចក្តីសុខរបស់បុគ្គលដែលបានពលីទាំងឡាយ គឺជាការលះបង់ដើម្បីប្រយោជន៍រួមនោះឯង។ ការលះបង់ វានឹងពុំមែនជាការលះបង់ បើការលះបង់ទាំងនោះធ្វើឡើងដោយសេចក្តីស្រឡាញ់ពេញចិត្ត។ នេះមានន័យថា “ការលះបង់ គឺស្មើនឹងសេចក្តីសុខម្យ៉ាងដែលវាមានតម្លៃខាងក្នុងកាត់ថ្លៃពុំបាន។ លះបង់ចំពោះមនុស្សដែលយើងស្រឡាញ់ លះបង់ចំពោះទឹកដីដែលយើងស្រឡាញ់ លះបង់ចំពោះជាតិដែលយើងស្រឡាញ់ គឺជាមហាកិត្តិយសខ្លាំងបំផុត”។
៣. ផ្ទុយទៅវិញ បុគ្គលណាដែលលះបង់ តែតែងរំពឹងផលតបស្នងវិញ គឺពុំគួរឱ្យគោរពប៉ុន្មានឡើយ។ ការលះបង់ពិតប្រាកដ ពុំត្រូវការអ្វីតបស្នងជាដាច់ខាត។ ការលះបង់ដែលចង់បានការតបស្នងបែបនេះ ខ្មែរយើងហៅថា “ហុតទឹកសម្លឹងកាក។ ស៊ីគ្រាប់ រាប់សម្បក”។ បុគ្គលដែលពាល់ត្រូវពីតម្លៃនៃការលះបង់ តែងយល់ច្បាស់ពីតម្លៃរួមមួយ។ មានតែមេដឹកនាំពិតប្រាកដប៉ុណ្ណោះ ដែលយល់ច្បាស់ពីតម្លៃរួម។ មេដឹកនាំពិតប្រាកដ ពុំមែនជាមនុស្សស៊ីគ្រាប់រាប់សម្បកឡើយ។ តំណមរបស់មេដឹកនាំ ដាច់ខាត់មិនត្រូវហុតទឹកសម្លឹងកាក ឬស៊ីគ្រាប់រាប់សម្បកឡើយ។ អ្នកប្រាជ្ញចិន ខុង ជឺ និយាយថា “ធ្វើគុណទៅហើយ បើអ្នកដទៃតបមកវិញ ចាត់ទុកដូចជាពុំបានធ្វើ។ បើធ្វើគុណប្រយោជន៍ទៅហើយ សូមកុំរំឮកគុណទាំងអស់នៅចំពោះមុខអ្នកដទៃឱ្យសោះ ដ្បិតបើមិនយ៉ាងដូច្នេះទេ គុណប៉ុនភ្នំ វានឹងត្រូវរលាយវិញអស់”។
៤. ឥរិយាបថរបស់មេដឹកនាំពិតប្រាកដ គឺភាគច្រើនគិតលើប្រយោជន៍រួម។ មេដឹកនាំណាម្នាក់ដែលប្រឹងធ្វើគ្រប់យ៉ាងដើម្បីតែខ្លួនឯង គឺពិបាកនឹងទទួលបានការគោរពពិតប្រាកដណាស់។ ការលះបង់កាន់តែខ្លាំង អំណាចឥទ្ធិនៃភាពជាអ្នកដឹកនាំកាន់តែអស្ចារ្យ។ ប្រវត្តិសាស្រ្តពុំដែលចារឹកឈ្មោះល្អ ចំពោះមេដឹកនាំណាដែលអាត្មានិយមនោះឡើយ។ តើយុវជនជំនាន់ក្រោយ ត្រូវដោះស្រាយបែបណា បើជួបមេដឹកនាំចូលចិត្តរំឮកគុណបំណាច់របស់ខ្លួននៅចំពោះមុខរាស្រ្តញឹកញាប់រាប់ឆ្នាំ ចង់ឱ្យអ្នកដទៃសងគុណខ្លួនទាំងខ្លួនបានប្រព្រឹត្តទង្វើខុសតំណម ខុសក្បួនសីលធម៌ និងបង្កការឈឺចាប់ដល់អ្នកទន់ខ្សោយ?
៥. យុវជនជំនាន់ក្រោយ ត្រូវតែជាមនុស្សដែលមានចិត្តចេះដឹងគុណនិងមានកត្តញ្ញូ តែដើម្បីប្រយោជន៍រួមទាំងអស់គ្នា សម្រាប់អនាគតសង្គមទាំងមូល យើងក៏ត្រូវចេះកាត់សាច់ចិត្តដាច់ចំពោះគុណបំណាច់របស់មេដឹកនាំចាស់ៗ ដើម្បីស្តារស្ថានការណ៍សង្គមដែរ។ កុំដោយសារតែមនោសញ្ចេនាចំពោះមេដឹកនាំពីរបីនាក់ ធ្វើឱ្យយើងចិត្តទន់បំផ្លាញអនាគតមនុស្សរាប់លាយនាក់ឱ្យសោះ(ករណីកាលៈទេសៈដែលចាំបាច់បំផុត) ។ នេះហើយជាចរិតមេដឹកនាំដែលមិនប្រើអារម្មណ៍ ឬមនោសញ្ចេតនាក្នុងការងារធំដុំ ក្នុងគោលបំណងសម្រេចចិត្តបែបពលិកម្មដើម្បីប្រយោជន៍រួម។
៦. នៅក្នុងរឿង “ចក្រភពឈីង” ដែលជាភាពយន្តប្រវត្តិសាស្រ្តចិន មានតួអង្គ វ៉ៃ យ៉ាង (Wei Yang) ដែលយល់ពីសច្ចភាពនៃការលះបង់ខ្លួនដើម្បីប្រយោជន៍រួមនេះ បើទោះបីជាខ្លួនមានគុណធំ បានស្តារមហាឈីងឱ្យខ្លាំងក្លាឡើងវិញក៏ដោយ។ ចំពោះបុត្រារបស់អតីតព្រះមហាក្សត្រអ៊ី ឈីលៀង ក៏បានយល់ច្បាស់ពីផលប្រយោជន៍រួម ការលះបង់មនុស្សដែលមានគុណសម្បត្តិម្នាក់ ដើម្បីរក្សាប្រយោជន៍របស់រាស្រ្តឈីងមួយនគរដែរ។ ចំណែកឯនៅក្នុងទេវកថារឿង “មហាភារតៈ” ក៏មាន ប៊ីស្មៈ (Bhishma) ដែលស្លាប់ដេកនៅលើគ្រែព្រួញ និងអរជុន (Arjun) ដែលស្គាល់ពីតួនាទីរបស់ខ្លួនក្នុងនាមជាមេដឹកនាំគិតប្រយោជន៍រួមដែរ។ មិនថាមនុស្សរស់នៅក្នុងសង្គមណាទេ ត្រូវតែយល់ពីសច្ចភាពនៃការលះបង់។ ការលះបង់ជីវិត ការលះបង់អំណាចដើម្បីប្រយោជន៍រួម វាខុសពីការក្រាញអំណាចដើម្បីតែក្រុម បក្សពួក និងភាពអាត្មានិយម៕
ប្រភព៖ឡាំ លីម

Sunday, November 25, 2018

ទំនុកចិត្តជាគ្រឹះក្នុងភាពជាអ្នកដឹកនាំ

No automatic alt text available.
១. ទំនុកចិត្ត វាជារឿងដែលត្រូវសន្សំរាប់សិបឆ្នាំ តែវាអាចរលាយវិញក្នុងរយៈពេលខ្លី បើមេដឹកនាំមិនឈរខាងការពិត គ្មានភាពស្មោះត្រង់ គ្មានសច្ចភាព និងកុហកបោកប្រាស់។ កុហកម្តង ក៏ជាការកុហក ឬកុហកពីរដង ក៏ជាការកុហក។ កុហកតិចឬកុហកច្រើន វាសុទ្ធតែជាការកុហក ដែលជាហេតុធ្វើឱ្យអ្នកដើរតាមឬប្រជាជនបាត់បង់ទំនុកចិត្ត។ ក្នុងលក្ខខណ្ឌនេះហើយ ទើបតម្រូវឱ្យបុគ្គលណាក៏ដោយ ឱ្យតែស្ថិតក្នុងឋានៈតួនាទីជាមេដឹកនាំ ត្រូវប្រឹងប្រយ័ត្នសម្តីរបស់ខ្លួន ដោយមិនអាចនិយាយលេងសើចកំប្លុកកំប្លែងច្រើនពេក ឬនិយាយអ្វីក៏ដោយដែលប៉ះពាល់ដល់រឿងទំនុកចិត្ត។ និយាយដោយខ្លី ពាក្យអសុរោះទាំងអស់ គឺមិនត្រូវហារមាត់និយាយជាសាធារណៈដាច់ខាត ឬសូម្បីតែសត្រូវរបស់ខ្លួន ក៏មិនត្រូវប្រើពាក្យជេរ ឬពាក្យអសុរោះដែរ។ តើហេតុអ្វី?
២. កុំយកលេសថាសម្តីអាក្រក់មែន តែចិត្តល្អ។ លក្ខណៈបែបនេះ គឺហៅថាមានគោលដៅ តែខ្វះបច្ចេកទេស។ ជាចិត្តសាស្រ្ត មិនថាមនុស្សល្អ ឬមនុស្សអាក្រក់ទេ សុទ្ធតែត្រូវការពាក្យពីរោះ។ មេដឹកនាំ ត្រូវតែជាបុគ្គលដែលពូកែទាក់ទាញទំនុកចិត្តពីអ្នកដទៃ។ មាសប្រាក់មានតម្លៃ តែមិនអាចទិញមនុស្សមានសមត្ថភាព និងមានគុណធម៌បានទេ។ មេដឹកនាំដែលឈរខាងភាពត្រឹមត្រូវ មុនឬក្រោយនឹងមានអ្នកគាំទ្រ។ អ្នកដើរតាមខ្លះវង្វេងសច្ចភាព តែពេលវលាយូរៗទៅ អ្នកដែលមានសតិសម្បជ្ជញ្ញៈនឹងវិលមករកសច្ចភាពវិញ។ សមត្ថភាព គឺទុកប្រើប្រាស់សម្រាប់ដឹកនាំក្រុមមនុស្ស ហើយគុណធម៌ទុកស្ទូចពូកសត្រូវឱ្យក្លាយទៅជាមិត្ត។ មិនថាក្នុងក្រុម ឬស្ថាប័ន ឬប្រទេសនោះទេ មេដឹកនាំត្រូវមានលក្ខណៈសម្បត្តិជាមនុស្សដែលគួរឱ្យទុកចិត្តជាទីបំផុត។ នៅពេលដែលមេដឹកនាំមានលក្ខណៈសម្បត្តិដែលគួរឱ្យទុកចិត្តបំផុត គឺវាស្មើនឹងភាពរីកធំធាត់របស់ក្រុម។ អ្នកមិនទាន់ស្គាល់ មិនងាយចូល តែបើចូលហើយ មិនងាយចេញវិញឡើយ។
៣. សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់។ ជាទូទៅ នៅពេលដែលក្រុមណាមួយរឹងមាំ សត្រូវប្រើវិធីបំបែកមិត្ត ដោយធ្វើយ៉ាងណាកុំឱ្យមនុស្សក្នុងក្រុមមួយសាមគ្គីគ្នា។ របៀបនៃការបំបែកមិត្តមានច្រើនវិធីសាស្រ្តដូចជាប្រើប្រាស់មាសប្រាក់ ប្រើប្រាស់រឿងក្តៅក្រហាយ....ឬធ្វើយ៉ាងណាកុំឱ្យមនុស្សក្នុងក្រុមសាមគ្គីគ្នា។ មេដឹកនាំដែលទទួលការទុកចិត្តពីអ្នកដើរតាមពិតប្រាកដ បើទោះបីជាសត្រូវប្រើវិធីបំបែកបំបាក់ ក៏មិនអាចទទួលលទ្ធផលល្អដែរ។ ឧទាហរណ៍. សត្រូវនិយាយកុហកអ្នកដើរតាមថា មេដឹកនាំខ្លួនជាមនុស្សអាក្រក់ តែបើអ្នកដើរតាមទុកចិត្តមេដឹកនាំខ្លាំង គឺមិនជឿដាច់ខាត។ ឬពេលខ្លះ បើទោះបីជាមេដឹកនាំខ្លួនអាក្រក់ពិតមែនក៏ដោយ ក៏អ្នកដើរតាមនៅងប់មិនជឿថា មេដឹកនាំខ្លួនអាក្រក់មែនដែរ។ សត្រូវនិយាយការពិត ក៏មិនជឿ ហើយសត្រូវនិយាយកុហក ក៏មិនជឿ។ នេះជាអំណាចនៃទំនុកចិត្ត។ ឱ្យតែមានកម្លាំងមនុស្សច្រើន ការងារធំតែងតែបានសម្រេច។ នៅក្នុងសង្គមយើង បើនិយាយមេដឹកនាំប្រភេទនេះ ដូចជាមិនសូវមានច្រើនទេ តែសម្បូរតែរឿងជេរ រឿងស្បថ រឿងស្បែរ៕
source: Lam Lim

ចេះមែនតែលង់ក្នុងលោភៈ

Image may contain: drawing១. មនុស្សយើង ចេះដឹងមែនពិត តែមិនងាយគេចផុតពីលោភៈ ទោសៈ មោហៈ យសសក្តិទេ។ ជាទូទៅ មនុស្សធម្មតាយល់ថា “រៀនដើម្បីឱ្យបានចេះដឹង យកចំណេះចិញ្ចឹមជីវិតឱ្យរស់នៅសុខស្រួលខាងផ្លូវកាយ” តែអ្នកខ្លះរៀនឱ្យចេះ ដើម្បីយកចំណេះដុតកម្ទេចលោភៈ ទោសៈ មោហៈ ក្នុងខ្លួនចេញឱ្យអស់។ មែនទែនទៅ គោលបំណងនៃជីវិតជាមនុស្សនេះ គឺដើម្បីដុសខាត់ព្រលឹងឱ្យបរិសុទ្ធ។
២. ការដុសខាត់ព្រលឹងឱ្យបរិសុទ្ធទៅបាន លុះត្រាណាតែមានជំនួយពីរូបរាងកាយ។ កាយនេះត្រូវការតែអាហារដែលញុំាទៅធ្វើឱ្យមនុស្សមានសុខភាពល្អប៉ុណ្ណោះ។ ប៉ុន្តែ លោភៈ ទោសៈ មោហៈ វាតែងធ្វើឱ្យមនុស្សត្រូវការអ្វីដែលលើសពីសេចក្តីត្រូវការពិត។ សេចក្តីបរិសុទ្ធនឹងផុសឡើង បើមនុស្សធ្វើល្អតាំងតែពីតូចក្រូចឆ្មា រហូតដល់ពេញមួយជីវិត។
៣. គួរឱ្យស្តាយដែលមនុស្សខ្លះ ប្រព្រឹត្តសេចក្តីអាក្រក់យ៉ាងឆ្អែតឆ្អន់ ទើបដល់ចាស់នឹកឃើញដល់រឿងសេចក្តីល្អមុនស្លាប់ ដោយយល់ថាការសម្រុកធ្វើសេចក្តីល្អចុងក្រោយ ក្រែងល៎បានស្រែបុណ្យធំ។ ពេលខ្លះលុយ មិនអាចទិញបុណ្យបានឡើយ តែចេតនាល្អក្នុងចិត្តទេ ដែលទទួលបានបុណ្យច្រើន។ តើមាននរណាធ្លាប់ឭរឿងមួយដែលនិយាយពីមនុស្សម្នាក់ធ្វើបុណ្យដាក់លុយ ៥០០រៀលរបស់ខ្លួនទាំងអស់ ហើយទទួលបានបុណ្យច្រើន។ រីម្នាក់ទៀត ធ្វើបុណ្យដាក់លុយ ៥០០ដុល្លារ តែមិនទទួយបានបុណ្យច្រើនសោះ៕
source : Lam Lim

ល្ខោនក្នុងភាពជាអ្នកដឹកនាំ

Image may contain: 4 people, people standing១. “ជ័យជម្នះក្នុងក្រុមមួយ វាមិនប្រាកដថាត្រូវតែដើរផ្លូវដែលត្រង់ភ្លឹងឡើយ តែត្រូវដើរជាមួយផ្លូវយុទ្ធសាស្រ្តដែលប្រកបទៅដោយសិល្បៈ ដែលមានលក្ខណៈបត់បែន”។
២. មេដឹកនាំត្រូវមានសិល្បៈសម្រេចទស្សនវិស័យ។ ទស្សនវិស័យដែលគ្មានសិល្បៈអនុវត្តន៍ឱ្យជោគជ័យ វានឹងក្លាយទៅជាការស្រមើស្រមៃបែបរវើររវាយ។ ដើម្បីសម្រេចទស្សនវិស័យរួមមួយទៅបាន លុះត្រាណាតែមានការចូលរួមសហប្រតិបត្តិជាមួយគ្នារវាងមេដឹកនាំនិងអ្នកដើរតាម។ ការសហប្រតិបត្តិការ វាតែងធ្វើឱ្យការងារធំៗបានសម្រេចដល់គោលដៅ។ មេដឹកនាំនិងកូនចៅត្រូវមានយុទ្ធសាស្ត្រត្រឹមត្រូវ ធ្វើការប្រកបទៅដោយចិត្តមួយថ្លើមមួយ និងចេះយល់ចិត្តថ្លើមគ្នា ប្រៀបដូចជាកីឡាករបាល់ទាត់ដែលដឹងថាត្រូវបណ្តើរបាល់យ៉ាងដូចម្តេច និងបញ្ចូនបាល់បន្តទៅសហការីយ៉ាងដូចម្តេចទៀត។ តើត្រូវសហប្រតិបត្តិការយ៉ាងដូចម្តេច?
៣. ប្តីប្រពន្ធដែលចេះចាប់ដៃគ្នា មានចិត្តមួយថ្លើមមួយ នឹងធ្វើឱ្យគ្រួសាររីកចម្រើន។ អ្នកចែវទូកដែលចេះសហការគ្នាប្រកបទៅដោយទឹកចិត្តចង់ជោគជ័យ នឹងប្រឹងប្រែងរហូតទទួលបានជោគជ័យ។ ល្ខោនមួយដែលសម្តែងទៅ ធ្វើឱ្យអ្នកមើលចាប់អាម្មរណ៍ច្រើនបំផុត គឺដោយសារតែតួសម្តែងចេះចាប់ដៃគ្នា ចេះសម្តែងក្លែងធ្វើពុតឱ្យសមសាច់រឿង។ នេះមានន័យថាអ្នកខ្លះត្រូវចេះសម្តែងធ្វើតួយក្ស, អ្នកខ្លះត្រូវចេះសម្តែងធ្វើតួស្លួត, អ្នកខ្លះត្រូវចេះសម្តែងធ្វើតួកម្សត់, អ្នកខ្លះត្រូវចេះសម្តែងធ្វើតួអាក្រក់ឬតួចិត្តល្អ...។ល។ ស្របគ្នានេះដែរ មេដឹកនាំនិងកូនចៅត្រូវតែជាមនុស្សដែលយល់ច្បាស់ពីទស្សនវិស័យរួមដែលខ្លួនចង់សម្រេច ហើយបន្ទាប់មកត្រូវចេះចាប់ដៃគ្នា ដើម្បីដោះស្រាយស្ថានការណ៍បន្ទាន់។ តើត្រូវសម្តែងយ៉ាងដូចម្តេច?
៤. ជ័យជម្នះ ពេលខ្លះវាមិនមែនត្រូវតែដើរលើផ្លូវត្រង់ ឬផ្លូវវៀចទេ តែជាផ្លូវដែលត្រូវមើលលើស្ថានភាព និងកាលៈទេសៈបន្ទាន់ជាក់ស្តែង។ បើទោះបីជាដើរលើផ្លូវណា តាមវិធីណាបែបក៏ដោយ ក៏មេដឹកនាំនិងអ្នកដើរតាមត្រូវចេះសហការសម្តែងប្រកបទៅដោយយុទ្ធសាស្រ្តដែរ។ យុទ្ធសាស្រ្ត វាគ្រាន់តែជាបច្ចេកទេសប៉ុណ្ណោះ តែអ្វីដែលសំខាន់គឺការសម្រេចលទ្ធផលជោគជ័យ ដើរទៅដល់គោលដៅនិងទស្សនវិស័យរួម។ នៅក្នុងរឿងសាមកុក មានល្ខោនល្អមើលមួយឈុតដែលសម្តែងដោយទីប្រឹក្សាជូកឺលៀង (Zhuge Liang) និង លីវប៉ី (Liu Bei)។ ជូកឺលៀង បានដឹងមុនថាមេទ័ព គួន អ៊ី (Guan Yu) ដែលធ្លាប់ទទួលគុណពីឆាវឆាវ (Cao Cao) គឺមានចិត្តមិនដាច់សម្លាប់ឆាវឆាវឡើយ។ ហើយម្យ៉ាង បើតាមយុទ្ធស្រ្ត ជូកឺលៀង និងលីវប៉ី ដាច់ខាតមិនត្រូវសម្លាប់ឆាវឆាវទេ ដ្បិតបើឆាវឆាវស្លាប់ក្នុងដៃខ្លួន វាអាចនាំគ្រោះដល់ខ្លួន។ ដើម្បីរំដោះគ្រោះធំនេះ លីវប៉ី និង ជូកឺលៀង បានសហការគ្នាសម្តែងល្ខោនមួយឈុត ក្រោយពេលដែលមេទ័ព គួនអ៊ី មិនបានសម្លាប់ឆាវឆាវ។ បើទោះបីជា លូស៊ូ (Lu Su) មើលល្ខោននេះយល់ ឬមិនយល់ ឬចង់បញ្ឈប់ការសម្តែងល្ខោននេះក៏ដោយ ក៏មិនអាចឈ្នះមនុស្សដែលយល់សាច់ការ ចេះសហការគ្នាសម្តែង ដឹងចិត្តថ្លើមគ្នា មើលធ្លុះសភាពការណ៍មុនដូច ជូកឺលៀង និងលីវប៉ី ដែរ។
៥. យុទ្ធសាស្រ្តនេះ វាជាយុទ្ធសាស្រ្តបែបចិត្តសាស្រ្តដែលបង្ខំឱ្យសត្រូវដើរផ្លូវចុះចាញ់។ ថ្វីត្បិតតែ លូស៊ូ អាចមើលធ្លុះ តែក្នុងល្ខោនដែលមានលក្ខណៈតក្កវិជ្ជាបែបនេះ ឬសមហេតុផលពេក រហូតធ្វើឱ្យសត្រូវត្រូវតែបង្ខំចិត្តចុះចាញ់ទាំងមិនអស់ចិត្ត។ មេដឹកនាំនិងអ្នកដើរតាមត្រូវតែជាមនុស្សដែលចេះគិតពីប្រយោជន៍រួមជាធំ បើទោះបីជាត្រូវលះបង់អ្វីមួយ ក្នុងតម្លៃណាមួយក៏ដោយ។ ការអនុវត្តន៍យុទ្ធសាស្រ្តណាក៏ដោយ វាមិនមានកំហុសទេ តែអ្វីដែលខុសធំបំផុត គឺប្រើយុទ្ធសាស្រ្តដើម្បីច្បាមយកប្រយោជន៍សួនតួ ឬប្រើដើម្បីសម្រេចគោលដៅមិនល្អ។ ជ័យជម្នះរបស់មេដឹកនាំ គឺអាចស្វែងរកមនុស្សខ្លាំងមករួមការងារជាមួយខ្លួនបាន។ មេដឹកនាំឆ្លាត សុខចិត្តរង់ចាំ១០ឆ្នាំ សំខាន់ឱ្យតែបានក្រុមការងារខ្លាំង។ រឿងលំបាកបីយ៉ាងរបស់មេដឹកនាំដែលជោគជ័យគឺ៖ ១. ការកសាងក្រុមការងារ ឬស្វែងរកមនុស្សខ្លាំងមករួមសហការ, ២. ការថែរក្សាក្រុមឱ្យបន្តសហការគ្នា កុំបែកបាក់សាមគ្គី, ៣. ធ្វើឱ្យក្រុមចេះតែខ្លាំងទៅៗ និងពង្រីកខ្លួនឱ្យធំទៅៗ...។ មេដឹកនាំណាក៏ដោយ ឱ្យតែធ្វើរឿងទាំងបីនេះបាន បើទោះបីជាភ្នំរាំងនៅនឹងមុខ ក៏គង់តែត្រូវខ្ទេច ឬគ្មានអ្វីដែលអាចរារាំងកម្លាំងសាមគ្គីរបស់មនុស្សខ្លាំង ដែលបានរួមសហការគ្នាឡើយ៕
_____
រូបភាព៖ ជូកឺលៀងកំពុងតែសម្តែងល្ខោនជាមួយនឹងលីវប៉ី ឱ្យលូស៊ូ មើល។ ឱ្យមានអ្នកសម្តែង គឺត្រូវតែមានអ្នកមើល!
ប្រភព៖ ឡាំ លីម

Thursday, November 8, 2018

អាងឈ្មោះបណ្ឌិត

១. មហាត្មៈ គន្ធី និយាយថា “ចូរនិយាយការពិត បើទោះបីជាអ្នកស្ថិតនៅក្នុងក្រុមមតិភាគតិចក៏ដោយ ដ្បិតសេចក្តីពិត វានៅតែជាសេចក្តីពិត”។
២. នៅក្នុងចក្រវាលដ៏ធំធេងនេះ គ្មានអាទិភាពណា ឬព្រះជាម្ចាស់ណាដែលមានអំណាចធំមហាសាលជាងសច្ចភាពឬសេចក្តីពិតឡើយ។ ការពិត វានៅតែជាការពិត បើទោះបីជាមានបុគ្គលអស្ចារ្យណាអាចកាឡៃការពិតបានក៏ដោយ ពីព្រោះភាពកាឡៃ វាពុំស្ថិតស្ថេរជាអមតៈរៀងរហូតឡើយ។ ទ្រឹស្តីពុទ្ធនិយមបង្ហាញថា “ក្នុងលោកមានវត្ថុ ៣យ៉ាង ដែលមិនអាចបិទបាំងជិតជារៀងរហូតបាន៖ ទីមួយគឺព្រះអាទិត្យ, ទីពីរគឺព្រះចន្ទ, និងទីបីគឺការពិត”។ សុភាសិតខ្មែរលើកឡើងថា “ដំរីសារស្លាប់ ទៅយកចង្អេរបាំង”។ ត្រូវឬខុស វាមិនមែនអាស្រ័យលើមតិភាគច្រើនទេ តែវាអាស្រ័យទៅលើចំណេះដឹងរបស់មនុស្សនិងការពិតជាក់ស្តែងដែលបានកើតឡើង។ មនុស្សល្ងង់តែងសម្រេចយកខុសឬត្រូវតាមរយៈការផ្អើលតាមហ្វូង ឃើញគ្នាច្រើន មានអ្នកគាំទ្រច្រើន ក៏សម្រេចចិត្តនាំគ្នាកំណត់អ្វីមួយថាត្រូវឬខុសទៅ។
៣. មនុស្សឆ្លាតមិនងាយជឿ ហើយមនុស្សដែលងាយជឿ តែងឆាប់កំណត់យកអ្វីមួយខុសឬអ្វីមួយត្រូវ ដោយរហ័សលឿនពេក។ ក្បាលដែលល្អ គឺជាក្បាលដែលមានបញ្ញា ដ្បិតបញ្ញាជាអ្នកវែកញែករវាងខុសនិងត្រូវ។ បញ្ញាដែលត្រឹមត្រូវ គឺជាបញ្ញាដែលយកទៅប្រើបម្រើសេចក្តីពិត។ ខ្ញុំបែងចែកបញ្ញាជនជាពីរប្រភេទ៖ ប្រភេទទីមួយ គឺបញ្ញាជនដែលមានចិត្តសុចរិត និងប្រភេទទីពីរ គឺបញ្ញាជនដែលមានចិត្តទុច្ចរិត។ ចំណេះដឹង វាគឺជាអំណាច។ ចំណេះដឹងជាអំណាចដោយសារតែវាអាចយកទៅប្រើប្រាស់បានគ្រប់ផ្លូវ ទាំងផ្លូវល្អ និងផ្លូវអាក្រក់។ យើងត្រូវចេះប្រុងប្រយ័ត្នចំពោះបញ្ញាជនដែលមានចិត្តទុច្ចរិត ពីព្រោះថាមនុស្សបែបនេះបានយកចំណេះដឹងទៅប្រើប្រាស់ក្នុងផ្លូវទុច្ចរិត។ តើត្រូវធ្វើបែបណាដើម្បីទប់ទល់នឹងបញ្ញាជនទុច្ចរិត?
៤. បុរស “ក” បានសួរទៅបញ្ញាជនម្នាក់អំពីបញ្ហាសង្គមថា “ខ្ញុំបានឮ និងបានឃើញព័ត៌មានមិនផ្លូវការចុះផ្សាយព្រោងព្រាតអំពីបញ្ហាសង្គមដែលជាការធ្វេសប្រហែសរបស់មេដឹកនាំ។ ជាពិសេស មិនថាអ្នកស្រប ឬអ្នកប្រឆាំងសុទ្ធតែបានលើកឡើងពីបញ្ហានេះ។ តើនរណាជាអ្នកទទួលខុសត្រូវ [...]?” បុរស “ក” សួរមិនទាន់នឹងចប់ផង, បញ្ញាជនបានសួរបញ្ច្រាសមកវិញថា “តើអ្នកនិយាយជាអ្នកណា? កុំជឿឱ្យសោះ បើអ្នកនិយាយនោះ ពុំមែនជាបណ្ឌិត”។ ខ្ញុំក៏បានលូកមាត់សួរទៅបញ្ញាជនថា “មនុស្សគ្រប់គ្នា រួមទាំងខ្ញុំផងដែរ បានឃើញមនុស្សម្នាក់កំពុងតែដួលនឹងដី។ យើងទាំងអស់គ្នាឃើញការពិតជាក់ស្តែង។ តើមនុស្សគ្រប់គ្នាដែលបានឃើញហេតុការណ៍ និងខ្ញុំ អាចនិយាយថា បុគ្គលម្នាក់នេះកំពុងតែដួលមែន បានដែរឬទេ? ឬក៏ខ្ញុំត្រូវរង់ចាំបណ្ឌិតណាម្នាក់មកប្រាប់យើងរាល់គ្នាថា អូ! បុគ្គលនេះពិតជាដួលមែន ទើបហៅថាការពិត?”
៥. មុននឹងជឿអ្វីលើអ្វីមួយ ឬជឿសម្តីនរណាម្នាក់ យើងត្រូវចេះថ្លឹងថ្លែងរកហេតុផលផង។ ជាពិសេសត្រូវមើលលើទំនោរឬនិន្នាការ ដ្បិតអ្នកនៅខាងស្រប គេនឹងនិយាយការពារលើកតម្កើងខាងស្របដែលជាក្រុមរបស់ខ្លួន ហើយអ្នកនៅខាងប្រឆាំង គេនឹងនិយាយការពារលើកតម្កើងខាងប្រឆាំងដែលជាក្រុមរបស់ខ្លួន។ បើទោះបីជានៅខាងស្រប ឬនៅខាងប្រឆាំងក៏ដោយ តែសំខាន់ឱ្យតែហ៊ាននិយាយការពិត ដ្បិតការនិយាយការពិត វាធ្វើឱ្យមនុស្សអាចរក្សាតម្លៃរបស់ខ្លួនបានជានិច្ច, ឬប្រៀបដូចជាដើមឈូកដែលដុះចេញពីភក់ តែមិនប្រឡាក់ទៅដោយភក់ឡើយ។ ពាក្យចាស់លោកថា “ស្ងៀម ល្អជាងស្រដី” តែកុំយល់ថា “ស៊ីចេកខ្ចី វាប្រសើរជាងនៅមាត់ទទេ” ឱ្យសោះ។ សូមទៅអានគម្ពីរ “កាឡាមសូត្រ (Kālāma Sutta)” របស់ព្រះពុទ្ធ ដែលរៀបរាប់ពីរឿងគួរជឿ និងមិនគួរជឿ ប្រកបទៅដោយការពិចារណា៕
“If you are right and you know it, speak your mind. even you are a minority of one, the truth is still the truth.” – Mahatma Gandhi

Tuesday, October 30, 2018

១. “សុខចិត្តធ្វើជាអ្នកចេះដែលធ្វើការងារតូចតាចក្នុងរឿងត្រឹមត្រូវមានគុណធម៌ ប្រសើរជាងយកចំណេះទៅបម្រើមនុស្សអាក្រក់។ សុខចិត្តធ្វើជាមនុស្សធម្មតា មានទេពកោសល្យ និងឧត្តមគតិ ប្រសើរជាងធ្វើជាមនុស្សអស្ចារ្យ មានទេពកោសល្យ តែលក់ឧត្តមគតិ”។
២. ចំណេះដឹង គឺជាអាវុធដែលមានមុខពីរ ដ្បិតបើប្រើក្នុងផ្លូវល្អ វានឹងនាំឱ្យរីកចម្រើន តែបើប្រើក្នុងផ្លូវទុច្ចរិត តែងនាំឱ្យវិនាសសង្គម។ ដូច្នេះហើយទើបបានជាការសាបព្រោះចំណេះដឹងដល់ជនណាម្នាក់ គឺយើងត្រូវមើលចរិតមនុស្សជាមុនសិន។ បើសាបព្រោះចំណេះដឹងប៉ះចំមនុស្សអាក្រក់ វាប្រៀបដូចជាសាបព្រោះគ្រោះភ័យដល់សង្គម។
៣. ចំណេះដឹង និងគតិបណ្ឌិតអាចទិញលក់បាន តែឧត្តមគតិមិនអាចលក់ដូរបានឡើយ។ មនុស្សដែលមានចំណេះដឹងប្រកបទៅដោយគុណធម៌ខ្ពស់កប់ពពក គឺតែងសុខចិត្តស្លាប់ ក៏ពុំយកចំណេះដឹងដែលខ្លួនមានទៅបម្រើមនុស្សអាក្រក់ដែរ។ មនុស្សខ្លះក្នុងសង្គមខ្លះយល់ថា “មានលុយ អាចប្រើខ្មោចឱ្យកិនម្សៅបាន” តែខ្ញុំយល់ថា “ត្រូវហើយ តែមិនទាំងអស់ឡើយ”។
៤. បើចង់ប្រើប្រាស់មនុស្សដែលមានសមត្ថភាពខ្ពស់ យើងពុំគួរត្រៀមលុយកាក់ទេ តែត្រូវត្រៀមគុណធម៌នៃភាពជាម្ចាស់។ បើចង់ធ្វើជាម្ចាស់នៃអ្នកមានសមត្ថភាពខ្ពស់ដែលប្រកបទៅដោយគុណធម៌ខ្ពស់ គឺយើងត្រូវតែមានគុណធម៌ខ្ពស់ជាមុនសិន។ អ្នកចេះដឹងពិតប្រាកដ ពុំត្រូវការលុយដើម្បីរស់ទេ ពីព្រោះបើត្រឹមតែមួយរស់ វាមិនពិបាកទេ តែអ្វីដែលពិបាកគឺការរក្សាគុណធម៌ និងឧត្តមគតិរបស់ខ្លួនក្នុងពេលលំបាក។ កំលោះម្នាក់បាននិយាយមកកាន់ខ្ញុំថា “បើថ្ងៃណាមួយ ខ្ញុំមានសមត្ថភាព ខ្ញុំនឹងមិនប្រើសមត្ថភាពទៅបម្រើមនុស្សដែលមានលុយទេ តែខ្ញុំនឹងបម្រើម្ចាស់ណាដែលមានគុណធម៌ខ្ពស់”។ អ្វីដែលយើងត្រូវត្រៀមសម្រាប់ផ្តល់ឱ្យអ្នកមានសមត្ថភាពប្រកបដោយគុណធម៌ គឺគុណធម៌។
៥. ទស្សនវិទូក្រិច សូក្រាត ពោលថា “ទ្រព្យសម្បត្តិ មិនអាចធ្វើឱ្យមនុស្សមានគុណធម៌បានទេ តែគុណធម៌នឹងធ្វើឱ្យមនុស្សមានទាំងទ្រព្យសម្បត្តិ [...]”។ នៅក្នុងរឿងសាមកុក ឬនគរ៣, មានទីប្រឹក្សារបស់ លីវ ប៉ី ឈ្មោះ ស៊ី ស៊ូ (Xu Shu) ដែលមានសមត្ថភាពខ្ពស់កប់ពពកអាចបំបែកក្បួន “សោរមាស - Eight Docked Gates Formation” របស់ ឆាវ ឆាវ បាន។ ប៉ុន្តែចុងក្រោយ បើទោះបីជាឆាវឆាវ ប្រើល្បិចបំបែកឱ្យ ស៊ី ស៊ូ ចេញពី លីវ ប៉ី យ៉ាងណាក៏ដោយ តែស៊ី ស៊ូ ក៏មិនព្រមយកចំណេះដឹង និងសមត្ថភាពរបស់ខ្លួនទៅបម្រើមនុស្សមានលក្ខណៈបែបឆាវឆាវដែរ។ មានរឿងមួយដែលខ្ញុំមើលឃើញក្នុងសង្គមយើង គឺមនុស្សខ្លះចូលចិត្តធ្វើខ្លួនជា “Yes Man”។ ពាក្យនេះមានន័យថា “ពុំចេះប្រឆាំងបែបស្ថាបនា ឬពុំហ៊ានមានគំនិតផ្ទុយពីមេដឹកនាំរបស់ខ្លួន តែចាំតែហៃអើនិងលើកជើង”។ មេដឹកនាំមានសំណាងអាក្រក់បំផុត នៅពេលមានកូនចៅដែលចាំតែស្របតាមគ្រប់ពេលវេលា៕
ប្រភព៖ឡាំ លីម

#ស្នេហានិងកាលៈទេសៈ

Image may contain: one or more people and closeup១. “មនុស្សខ្លះលែងស្គាល់ពីអ្វីទៅដែលហៅថាស្នេហាហើយ តែគេស្គាល់ត្រឹមតែស្នេហាដែលកើតចេញពីតណ្ហាប៉ុណ្ណោះ”។
២. សេចក្តីស្រឡាញ់ គឺជាអ្វីគ្រប់យ៉ាង។ “ជាអ្វីគ្រប់យ៉ាង” គឺដោយសារតែវាតែងតែមានពីរខាង។ ខាងរស់និងខាងស្លាប់ ខាងសុខនិងខាងទុក្ខ ខាងសើចនិងខាងយំ ខាងល្វីងនិងខាងផ្អែម។ សេចក្តីស្រឡាញ់ គឺជាសមុទ្រសុខ ហើយវាក៏ជាសមុទ្រមរណៈផងដែរ។
៣. ទន្លេទុក្ខនិងភ្នំឈឺចាប់ជាច្រើនបានកើតឡើងដោយសារតែសេចក្តីស្រឡាញ់។ នេះជាធម្មជាតិ គ្មាននរណាម្នាក់គេចរួចឡើយ។ បើចង់គេចចេញពីព្យុះភ្លៀងនេះ គឺទាល់តែស្គាល់ថា “តើអ្វីទៅជាសេចក្តីស្រឡាញ់ពិតប្រាកដ”។ បើត្រឹមតែស្គាល់រូបរាងនៃសេចក្តីស្រឡាញ់ គឺពុំទាន់គ្រប់គ្រាន់នៅឡើយទេ តែត្រូវស្គាល់កាលៈទេសៈទៀតផងដែរ។ មនុស្សខ្លះ ស្គាល់ត្រឹមតែតណ្ហា តែពុំស្គាល់ស្នេហាឡើយ។
៤. នៅវ័យសិក្សា បើយកល្អ គួរតែពុំគួរយកចិត្តទុកដាក់នឹងរឿងស្នេហាពេកទេ តែបើមាន ក៏គួរតែរក្សាតម្លៃខ្លួនជាមនុស្សស្មោះត្រង់ជានិច្ចដែរ។ ក្នុងកាលៈទេសៈខ្លះទៀត បើខ្លួនក្រហើយ គ្រួសារក្រហើយ ហើយគ្មានអ្នកទំនុកបម្រុងទៀត គឺពុំគួរយកសម្ពាយស្នេហាមករែកលើស្មារឡើយ។ អ្នកខ្លះទៀត ប្រឹងរៀនផង ប្រឹងការងារផង ប្រឹងរែកអម្រែកជួយគ្រួសារផង និងគិតពីស្នេហាផង។ តើអម្រែកនេះធ្ងន់ប៉ុនណា?
៥. ស្នេហាខុសកាលៈទេសៈ គឺបានត្រឹមតែភ្លក់ប៉ុនណោះ តែពុំមានស្ថេរភាពយូរអង្វែងដល់ថ្ងៃអាពាហ៍ពិពាហ៍ឡើយ។ ទីបញ្ចប់ ការឈឺចាប់ទាំងឡាយ វានឹងធ្វើឱ្យយើងក្លាយទៅជាមនុស្សលែងជឿជាក់លើនរណាទាំងអស់ ឬលែងជឿជាក់លើស្នេហាក៏មាន។ ស្នេហាល្អទេ តែស្ថានភាពសង្គម កាលៈទេសៈជាក់ស្តែង និងតថភាពពិត វាធ្វើឱ្យយើងវេទនា។ ទីបំផុត ទស្សនៈនៃសេចក្តីស្នេហាប្រុសស្រីបែបណា ក៏វានឹងឆ្លុះបង្ហាញពីសេចក្តីស្នេហាចំពោះសង្គមបែបនោះដែរ។ បើស្នេហា វាគ្រាន់តែជាតណ្ហា នោះមានន័យថាការស្រឡាញ់សង្គម ក៏ជាតណ្ហាដូចគ្នាដែរ។ សេចក្តីស្រឡាញ់ណាដែលកើតចេញពីតណ្ហា វាគឺជាសេចក្តីស្រឡាញ់ដែលអាត្មានិយមបំផុត។ យើងគួរតែប្រឹងរៀន និងធ្វើជាអ្នករៀនដែលមានតម្លៃពិតប្រាកដ៕
____
អត្ថបទ៖ ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ
រូបភាព៖ https://cdn.powerofpositivity.com/…/2…/11/love-sacrifice.jpg

Thursday, October 25, 2018

#សៀវភៅបេះដូងឬសៀវភៅខួរក្បាល?

No automatic alt text available.១. “សៀវភៅខ្លះនិពន្ធឡើងសម្រាប់ប្រភេទអ្នកអានដែលប្រើបេះដូង ហើយសៀវភៅខ្លះទៀតនិពន្ធឡើងសម្រាប់ប្រភេទអ្នកអានដែលប្រើខួរក្បាល”។
២. ខួរក្បាល មានគិតបណ្ឌិតរបស់ខួរក្បាល ហើយបេះដូង មានគតិបណ្ឌិតរបស់បេះដូង។ តើអ្វីទៅជាគតិបណ្ឌិតរបស់ខួរក្បាល ហើយអ្វីទៅជាគតិបណ្ឌិតរបស់បេះដូង? គតិបណ្ឌិតរបស់ខួរក្បាល គឺចាស់គំនិត (ខួរក្បាលមានចំណេះដឹង) ហើយគតិបណ្ឌិតរបស់បេះដូង គឺចាស់ចិត្ត (បេះដូងមានការលត់ដំ)។ ខ្មែរយើងនិយាយថា “ចាស់ចិត្ត ចាស់គំនិត”។
៣. បេះដូងមានលក្ខណៈអស្ចារ្យជាងខួរក្បាលនៅត្រង់ថា បេះដូងអាចពាល់ត្រូវនូវអារម្មណ៍គ្រប់បែបយ៉ាង។ អារម្មណ៍ល្អ ដោយសារមានខួរក្បាលគិតល្អ តែអារម្មណ៍នឹងវក់វី នៅពេលខួរក្បាលវក់វី។ ក្នុងអត្ថិភាពជាមនុស្សនៅលើផែនដីនេះ គ្មានបុគ្គលណាម្នាក់ឆ្កួតវង្វេងដោយសារតែខ្លួនមានចំណេះដឹងច្រើននោះទេ តែមនុស្សភាគច្រើនឆ្កួតវង្វេងដោយសារតែគ្រប់គ្រងបេះដូងខ្លួនឯងពុំបាន។
៤. សុភាសិតខ្មែរ “កំជិលអៀនប្រៀន បួសហើយមិនរៀន បន្ទោសថាខ្លៅ”។ យុវជនដែលចង់ដើរទៅមុខលឿនជាងអ្នកដទៃ និងចង់ខ្លាំងជាងអ្នកដទៃ ត្រូវអានសៀវភៅដែលអាចផ្តល់ចំណេះដឹងដល់ខួរក្បាលឱ្យច្រើន។ ពេលដែលមានចំណេះដឹងជ្រៅជ្រះ យើងនឹងយល់ច្បាស់ថា តាមពិតការរស់ដោយបញ្ញា និងរស់ដោយមានគោលការណ៍ គឺមានតម្លៃជាអមតៈ។
៥. ផ្ទុយទៅវិញ ក្នុងស្ថានភាពជាយុវវ័យ បើយើងបណ្តោយឱ្យបេះដូងគ្រប់គ្រងខ្លួនប្រាណបានទាំងស្រុង គឺមានន័យថាយើងជាមនុស្សដែលរវល់ចងរវល់ស្រាយ។ ពាក្យថា “រវល់ចងរវល់ស្រាយ” នៅទីនេះ ខ្ញុំចង់មានន័យថាចិត្តយើងវក់វីរនឹងរឿងទុក្ខ រឿងសោក រឿងសប្បាយ និងមានអារម្មណ៍រវើររវាយ ដែលវានឹងធ្វើឱ្យយើងគ្មានពេលរៀនសូត្ររហូតដល់ដើរថយក្រោយ ឬដើរយឺត ឬដើរមិនទៅមុខ។
៦. យុវជនដែលចេះគ្រប់គ្រងចិត្តខ្លួនឯងបានទាំងខ្លួននៅវ័យក្មេង គឺជាមនុស្សអស្ចារ្យខ្លាំងបំផុត។ យុវជនបែបនេះហៅថា “មនុស្សចាស់ទុំ”។ មនុស្សចាស់ទុំមានន័យថា ពុំរំជើបរំជួលនឹងរឿងរ៉ាវគ្រប់យ៉ាងដែលបានកើតឡើងចំពោះខ្លួនឡើយ។ បើខ្លួនមានចំណេះដឹង ក៏គ្មានចិត្តអំនួតដែរ។ បើខ្លួនចាញ់ប្រៀបអ្នកដទៃ ក៏ពុំអស់សង្ឃឹមដែរ។ បើខ្លួនជោគជ័យ ក៏ពុំដាច់បង្ហៀរដែរ។ ចិត្តនឹងន ចិត្តមានជំហរ ចិត្តស្ងប់ ចិត្តដែលអត់ធ្មត់ ចិត្តដែលប្រឹងប្រែងដើរទៅមុខជាមួយនឹងបុព្វហេតុនៃជីវិតត្រឹមត្រូវ៕
“There is a wisdom of the head, and a wisdom of the heart.” – Charles Dickens
____
ប្រភពរូបភាព៖ https://heartfullyliving.com/…/heart-brain-illus-1000x600.j…
ប្រភព៖ឡាំ លីម

Thursday, October 18, 2018

No automatic alt text available.
១. ឡៅ ជឺ (Lao Tzu) ពោលថា “ខ្ញុំធ្វើល្អចំពោះមនុស្សល្អ ហើយខ្ញុំក៏ធ្វើល្អចំពោះមនុស្សអាក្រក់ផងដែរ ដ្បិតសេចក្តីល្អគឺជាគុណធម៌មួយ។ ខ្ញុំទុកចិត្តមនុស្សស្មោះត្រង់ ហើយខ្ញុំក៏ទុកចិត្តមនុស្សមិនស្មោះត្រង់ផងដែរ ដ្បិតទំនុកចិត្ត គឺជាគុណធម៌មួយ”។
២. បណ្ឌិតជនតែងតែមានគុណធម៌ក្នុងខ្លួន ដោយមិនថាជាមួយមនុស្សល្អ ឬជាមួយមនុស្សអាក្រក់ទេ ពីព្រោះគុណធម៌មានតម្លៃខ្ពស់កប់ពពក។ មនុស្សដែលមានគុណធម៌ បើទោះបីជាទៅដល់ទីណា ជួបបញ្ហាបែបណា ឬជួបមនុស្សបែបណា ឬមានឧបសគ្គជីវិតបែបណា ក៏មនុស្សមានគុណធម៌នេះនៅតែរក្សាតម្លៃនៃគុណធម៌ជានិច្ចដែរ។ ចរិតលក្ខណៈរបស់បរមគ្រូឡៅ ជឺ គឺជាបុគ្គលនឹងធឹង នឹងនរ ជំហរកណ្តាល ប្រកាន់នូវភាពត្រឹមត្រូវស្មោះត្រង់ និងគុណធម៌ប្រចាំខ្លួន។ មនុស្សដែលរស់នៅក្នុងកាលៈទេសៈនិយម តែងតែបត់បែនតាមកាលៈទេសៈជាក់ស្តែង តែវិញ្ញូជនពុំបត់បែនក្នុងផ្លូវអាក្រក់ឡើយ។
៣. ខ្ញុំធ្លាប់ឮបងប្អូនខ្លះនិយាយថា “មនុស្សត្រូវចេះបត់បែនឱ្យដូចជាទឹក”។ ទ្រឹស្តីនេះ គឺអ្នកប្រាជ្ញខាងយុទ្ធសាស្រ្តសង្គ្រាម ស៊ុន ជឺ (Sun Tzu) និងអ្នកប្រាជ្ញខាងធម្មជាតិនិយម ឡៅ ជឺ ជាអ្នកនិយាយ។ បើយើងបានសិក្សាពីប្រភពដើមនៃគំនិត “បត់បែនឱ្យដូចជាទឹក” នេះ យើងនឹងឃើញពីភាពខុសគ្នានៃកាលៈទេសៈ។ ទី១. អ្នកខ្លាំងខាងយុទ្ធសាស្រ្តសង្គ្រាម គឺពុំត្រូវឱ្យសៀវភៅយុទ្ធសាស្រ្តចងជើងបានឡើយ ក្នុងកាលៈទេសៈដែលកំពុងស្ថិតនៅសមរភូមិប្រយុទ្ធ (នេះជាការបកស្រាយរបស់ ស៊ុន ជឺ)។ ទី២. សិល្បៈនៃការរស់នៅក្នុងជីវិត មនុស្សត្រូវចេះរស់នៅស្របខ្លួននឹងធម្មជាតិ រស់នៅជាមួយធម្មជាតិ និងបត់បែនតាមធម្មជាតិឱ្យដូចជាលក្ខណៈរបស់ទឹក (នេះជាការបកស្រាយរបស់ ឡៅ ជឺ)។ ចំពោះឡៅ ជឺ មនុស្សត្រូវរស់នៅធ្វើខ្លួនជាបុគ្គលស្មោះត្រង់គ្រប់កាលៈទេសៈទាំងអស់ ដ្បិតភាពស្មោះត្រង់ វាជាគុណធម៌ដ៏ធំធេងបំផុតរបស់មនុស្ស។
៤. ភារកិច្ចរបស់មនុស្សដែលបានដំណើរជីវិតមកកាន់ផែនដីនេះ គួរតែរស់នៅក្នុងជីវិតដែលមានគុណធម៌នៃភាពស្មោះត្រង់ ធ្វើជាមនុស្សល្អ និងរស់នៅប្រកបទៅដោយកិត្តិយស។ យើងពុំគួរភ័យខ្លាចក្រ ខ្លាចដាច់ពោះស្លាប់ឡើយ ដ្បិតបើត្រឹមតែមួយរស់ គឺយើងអាចរស់នៅយ៉ាងត្រឹមត្រូវបាន ដោយមិនថាស្ថិតនៅក្នុងកាលៈទេសៈសង្គមបែបណាទេ។ ក្នុងអត្ថិភាពជាមនុស្ស មនុស្សខ្លះរស់នៅជឿលើសាសនាថា “ពេលស្លាប់ទៅ យើងនឹងត្រូវកើតជានេះ ឬកើតជានោះ”។ មែនទែនទៅ ការអះអាងរបស់សាសនាមិនថាក្នុងព្រះគម្ពីរ ឬព្រះត្រៃបិដក...។ល។ គឺពុំខុសឡើយ។ ប៉ុន្តែអ្វីដែលខុសគឺយើងជាមនុស្សជាតិត្រូវដឹងថា “គ្មានសាសនាណាមួយក្តោបយកសេចក្តីពិតទាំងអស់តែម្នាក់ឯងបានឡើយ”។ នេះមានន័យថាសេចក្តីពិតទាំងឡាយដែលមានក្នុងធម្មជាតិ បានត្រូវបែងចែកទៅតាមសាសនានីមួយៗ។ ការរស់នៅក្នុងជីវិតបណ្តោះអាសន្ននេះ យើងរស់នៅធ្វើអាក្រក់ ឬល្អបែបណា វាជាជម្រើសរបស់យើង តែទណ្ឌកម្ម ឬរង្វាន់ដែលយើងនឹងទទួលបានបន្ទាប់ពីស្លាប់ វាពុំមែនជាសាសនាណាជាអ្នកផ្តល់ឱ្យឡើយ តែជាច្បាប់ចក្រវាល ច្បាប់សកល និងច្បាប់ធម្មជាតិជាអ្នកកំណត់ទាំងអស់។ បើបុគ្គលណាម្នាក់ចង់រស់នៅក្បត់អ្នកដទៃ ក្បត់មិត្តភក្តិ ក្បត់ឧត្តមគតិខ្លួនឯង ឬគាបសង្កត់អ្នកដទៃ ព្រៃផ្សៃសាហាវយ៉ាងណាក៏តាមចិត្តចុះ តែកម្មពារពិតជាមានមែន៕
“I am good to people who are good and I am also good to people who are not good because virtue is goodness. I have faith in people who are faithful and I also have faith in people who are not faithful because virtue is faithfulness.” – Lao Tzu
ប្រភព៖ ឡាំ លីម

Wednesday, October 10, 2018

ក្រសែភ្នែកនារី

Image may contain: 2 people, text
១. “បុរសល្អស្វែងរកប្រពន្ធ តែបុរសអាក្រក់ស្វែងរកស្រីសម្រាប់លេងសើច។ នារីឆ្លាតមិនមែនរៀនចប់ថ្នាក់បណ្ឌិត តែល្ងង់លើវិជ្ជារើសស្វាមីនោះទេ ពីព្រោះជោគជ័យដែលធំជាងគេរបស់នារី គឺមានក្រសែភ្នែកល្អអាចជ្រើសរើសបុរសល្អម្នាក់បាន”។
២. កំលោះម្នាក់បានសួរទៅឪពុករបស់ខ្លួនថា “ពុក! តើខ្ញុំអាចស្វែងរកនារីល្អម្នាក់ដែលស័ក្ដិសមនឹងខ្ញុំបានដោយរបៀបណា?” 
ឪពុកបានឆ្លើយតបថា “កូនប្រុស! សូមកូនបំភ្លេចចោលរឿងកូនចង់ស្វែងរកនារីល្អដែលស័ក្ដិសមនឹងកូនទៅ ប៉ុន្តែសូមកូនគិតគូរថា តើត្រូវធ្វើបែបណាដើម្បីក្លាយខ្លួនជាបុរសល្អម្នាក់”។
៣. មនុស្សស្រីប្រុសជាច្រើន តែងតែប្រាថ្នាចង់បានមនុស្សល្អមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន តែភ្លេចគិតថាតើខ្លួនយើងបានធ្វើឱ្យខ្លួនឯងមានតម្លៃគ្រប់គ្រាន់ហើយឬនៅ។ បុរាណខ្មែរពោលថា “គ្របណា ឆ្នាំងហ្មឹង ឬនាងរត់រកអ្នក ស្រីខាតលក្ខណ៍រត់រកប្រុសកំបាក់អន្សា ជំទាវរត់រកឧញ៉ា ស្រីខ្លោចផ្សា រត់រកប្រុសហិនហោច”។
៤. កិលេសតណ្ហាមនុស្សលោកច្រើន នោះសេចក្តីទុក្ខក៏ច្រើនដែរ។ ភាពខ្លាំងប្រកបដោយភាពទន់ភ្លន់របស់នារី គឺបើឱ្យក្មេងដែលពូកែយំទៅនារីម្នាក់ នោះនាងនឹងធ្វើឱ្យក្មេងញញឹម, បើឱ្យអង្ករមួយកំប៉ុងទៅនារី នោះនាងនឹងបង្កើតបានជាបាយ ហើយបើទុកឱ្យនាងនៅផ្ទះដ៏រញ៉េរញ៉ៃ នោះនាងនឹងធ្វើឱ្យមានរបៀប៕
___
*អត្ថបទពីសៀវភៅ៖ ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ
*រូបភាព៖ ការរៀបចំរបស់មិត្តអ្នកអាន
*ប្រភព៖ ឡាំ លីម

Thursday, October 4, 2018

ទស្សនវិជ្ជាបង្ក្រាបមនោសញ្ចេតនា

១. អ្នកមនោសញ្ចេតនានិយមជឿថា អារម្មណ៍ដែលខ្លួនចង់បង្ហាញ បើទោះបីជាអារម្មណ៍លន្លង់លន្លោចអវិជ្ជមានយ៉ាងណាក៏ដោយ គឺគួរតែអាចបង្ហាញបានតាមចិត្តដោយសេរី។ ខ្ញុំនៅចាំសម្តីអតីតបណ្ឌិតសេដ្ឋកិច្ចខ្មែរម្នាក់ដែលលោកមានប្រសាសន៍ថា “អ្នកនយោបាយ បើបណ្តោយខ្លួនឱ្យដូចមហាជនធម្មតា គឺពុំបានទេ ពីព្រោះអ្នកនយោបាយ គឺជាអ្នកទទួលខុសត្រូវលើវាសនាជាតិ”។ ខ្ញុំបានបំប្លែងឃ្លានេះទៅជា “យុវជនដែលមានឆន្ទៈស្រឡាញ់សង្គមនិងចង់ជួយសង្គម បើបណ្តោយខ្លួនឱ្យដូចយុវជនធម្មតាពុំបានទេ ដ្បិតបើបណ្តោយខ្លួន គឺនឹងក្លាយខ្លួនដូចជាត្រីងាប់បណ្តោយទឹកហើយ”។
២. ឃ្លានេះ បើខ្ញុំបកស្រាយតាមទ្រឹស្តីភាពជាអ្នកដឹកនាំ (Leadership) ខ្ញុំមើលឃើញថា “ភាពជាគំរូ គឺសំខាន់ខ្លាំងបំផុតសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សក្នុងសង្គម”។ មនុស្សដែលមានចរិតជាអ្នកដឹកនាំ គឺតែងប្រុងប្រយ័ត្ននឹងសម្តី ឬទង្វើខ្លួនឯងជាប្រចាំ ពីព្រោះថាអ្វីដែលយើងនិយាយ ឬអ្វីដែលយើងធ្វើ គឺតែងមាន “អ្នកមើលគំរូតាម” ជានិច្ច។ តើអ្នកណាជាអ្នកមើល? មនុស្សទាំងឡាយណាដែលផ្តល់តម្លៃដល់យើង។
៣. បើយើងពុំបានជួយអ្វីដល់សង្គមទេ យ៉ាងហោចណាស់ក៏សូមជួយសាបព្រោះភាពរឹងមាំ និងភាពជាគំរូដល់មនុស្សទូទៅ ដល់យុវជន និងអនុវជនជំនាន់ក្រោយ ដោយធ្វើយ៉ាងឱ្យមនុស្សគិតរឿងសិក្សារៀនសូត្រជាធំ កុំវក់វីនឹងរឿងខ្លះដែលឥតប្រយោជន៍ ពីព្រោះខាតពេលវេលាច្រើនណាស់។ ទម្រាំតែយុវជនម្នាក់អាចដើរចេញពីភាពវក់វីទាំងនេះ គឺពេលខ្លះវាហួសពេល។ ឬពេលខ្លះទៀត បើដើរចេញពុំផុតទេ គឺមានតែរឿងអស់សង្ឃឹមបាក់ទឹកចិត្ត លែងប្រឹងប្រែង...។
៤. បើស្រឡាញ់ជាតិ គឺប្រើបេះដូងស្រឡាញ់ តែបើចង់ជួយជាតិ គឺត្រូវប្រើចំណេះដឹង។ ខុង ជឺ (Confucius) ធ្លាប់លើកឡើងថា “ទ្រព្យសម្បត្តិរបស់ជាតិ [......] គឺជាភាពរឹងមាំរបស់យុវជន”។ តើភាពរឹងមាំពិតរបស់យុវជនកើតចេញពីណា? ខ្ញុំធ្លាប់បានអានទ្រឹស្តីទស្សនវិជ្ជារបស់សេណុងសម័យក្រិក (Zeno) និយាយអំពីទស្សនវិជ្ជាស្តូអ៊ីកនិយម (Stoicism) ដែលទស្សនវិជ្ជានេះនិយាយពីការបង្ក្រាបមនោសញ្ចេតនា។ និយាយដោយខ្លី ទស្សវិជ្ជានេះគឺបង្រៀនមនុស្សកុំឱ្យមានចិត្តរន្ធត់ញាប់ញ័រនឹងសេចក្តីលំបាក កុំទំរន់នឹងសេចក្តីវេទនា និងត្រូវអំណត់អត់ធ្មត់ ខាំមាត់សង្កត់ចិត្តតស៊ូក្នុងជីវិតជានិច្ច។
៥. សង្គមមួយ គឺគ្មាននរណាជាអ្នកបំផ្លាញទេ តែវាអាចនឹងត្រូវខ្ទេចដោយដៃរបស់យុវជននិងជនសង្គម។ ចូរធ្វើជាអ្នកជាតិនិយមដែលផ្តល់តម្លៃលើការអប់រំ តែកុំធ្វើឱ្យជាតិយំ។ ចូរប្រឹងរស់ ប្រឹងរៀន រៀនអត់ធ្មត់ តស៊ូ នឿយហត់លំបាក ក៏ត្រូវតែប្រឹងទៅមុខជានិច្ចដែរ។ ពេលអស់សង្ឃឹម កុំបោះបង់ខ្លួនឯងចោល តែចូរលះបង់ខ្លួនប្រឹងរៀនដើម្បីសង្គម ឬដើម្បីគ្រួសារក៏បាន។ ភ្លេចអ្វីអាចភ្លេចបាន តែកុំភ្លេចខ្លួន ហើយកុំបណ្តោយខ្លួនឱ្យសោះ៕
_______________
ប្រភព៖ឡាំ លីម

តើអ្នកណាកំណត់ព្រេងវាសនា


១. “ខ្ញុំឆ្ងល់ថានៅលើផែនដីឥតព្រំដែននេះ នរណាជាអ្នកកំណត់រឿងចាញ់និងឈ្នះឡើងនិងចុះ”។
នៅគ្រាលំបាកមួយក្នុងការដឹកនាំបដិវត្តន៍ ទស្សនៈនេះជាការការបន្ទរឡើងរបស់ម៉ៅ សេទុង សួរមេឃសួរដីអំពីថា “តើនរណាជាអ្នកកំណត់ព្រេងវាសនាមនុស្ស និងព្រេងវាសនាប្រទេស”។ បើទោះបីជាយ៉ាងក៏ដោយ ម៉ៅ សេទុង ឱ្យតម្លៃខ្លាំងទៅលើការទទួលខុសត្រូវ។
២. មេដឹកនាំពិតប្រាកដ គឺជាអ្នកដែលចេះទទួលខុសត្រូវលើវាសនាជាតិ ដោយត្រូវធ្វើយ៉ាងណាដើម្បីឱ្យជាតិរួចផុតពីគ្រោះកាច។ តើអ្វីទៅជាការទទួលខុសត្រូវ? ការទទួលខុសត្រូវ គឺមានន័យថាទទួលយកទាំងខុសនិងទទួលយកទាំងត្រូវ។ នៅពេលដែលមេដឹកនាំចេញទទួលខុសត្រូវ គឺស្មើនឹងលែងពឹងផ្អែកទៅលើអ្វីដែលនៅក្រៅខ្លួនដូចជាទេវតា និងព្រះក្នុងសាសនាណាមួយទាំងអស់។
៣. មនុស្សម្នាក់ដែលពឹងផ្អែកទៅលើអ្វីដែលនៅក្រៅខ្លួន គឺគួរតែត្រៀមខ្លួនខូចចិត្តទុកជាមុន។ ទ្រឹស្តីពុទ្ធនិយមបានបង្ហាញថា “ព្រេងសំណាង គឺមនុស្សជាអ្នកបង្កើត”។ នៅក្នុងវចនានុក្រមភាសាខ្មែរបានពន្យល់យ៉ាងច្បាស់ថា “សំណាង គឺមកពីពាក្យថា សាង ឬកសាង”។ វាមិនខុសគ្នាពីទ្រឹស្តីហេតុផល ឬទ្រឹស្តីកម្មផលដែលព្រះពុទ្ធបានរកឃើញឡើយ។ បើសាងល្អនឹងបានផលល្អ តែបើសាងអាក្រក់នឹងបានផលអាក្រក់ សាបព្រោះអ្វីគឺនឹងបានទទួលផលនោះមកវិញ។
៤. អ្វីដែលខ្ញុំចង់មានន័យ គឺមនុស្សដែលមិនចេះបង្កើតការផ្លាស់ប្តូរដោយខ្លួនឯង គឺប្រៀបដូចជាមនុស្សដែលរង់ចំាព្រេងសំណាង ឬស្រដៀងនឹងរងចាំទឹកភ្លៀងខែប្រាំង។ ក្នុងលក្ខខណ្ឌខាងលើ យើងត្រូវដឹងថា “ការផ្លាស់ប្តូរមួយ គឺពោរពេញទៅដោយសេចក្តីឈឺចាប់ តែបើមិនផ្លាស់ប្តូរ គឺមានតែផ្លូវស្លាប់”។ ឃ្លាដដែលៗដែលថា “គ្មានអ្វីបានមកដោយទទេៗឡើយ”។ មនុស្សដែលពុំធ្វើអ្វីសោះ គឺប្រៀបដូចជារងចាំស្លាប់៕
“I wonder who, upon this boundless earth, decides all beings’ fall and rise.” – Mao Zedong
_____
ប្រភពរូបភាព៖ https://www.marxists.org/reference/…/mao/images/unk-serf.jp
ប្រភព៖ ឡាំ លីម

Saturday, September 1, 2018

#មិនខ្លាចស្លាប់តែខ្លាចបាប ?????



១. មនុស្សធម្មតាចង់ធ្វើរឿងអាក្រក់បែបណាក៏គ្មានចិត្តឈឺចាប់និងអៀនខ្មាស់ចំពោះខ្លួនឯងដែរ តែមនុស្សដែលមានចំណេះដឹងពិតប្រាកដ (ចំណេះដឹង + សីលធម៌ + គុណធម៌ + ភាពជាមនុស្សត្រឹមត្រូវ) តែងសុខចិត្តស្លាប់ខ្លួន ក៏ពុំបណ្តោយខ្លួនធ្វើរឿងអាក្រក់ដាច់ខាត។ ចំណេះដឹងពិតប្រាកដធ្វើឱ្យមនុស្សខ្លាចបាប ហើយខ្លាចខ្លាំងរហូតដល់សុខចិត្តស្លាប់ក៏ពុំសាងបាបដែរ។
២. ពេលលើកឡើងពីរឿងនេះ អ្នកខ្លះប្រហែលជាវាយតម្លៃទស្សនៈនេះថាជាទ្រឹស្តីបែបឧត្តមគតិនិយម (ទ្រឹស្តីបែបស្រមើស្រមៃ គំនិតខ្ពស់កប់ពពក តែយកប្រើក្នុងភាពប្រាកដនិយមពុំបាន) តែនៅក្នុងសង្គមខ្មែរយើង ពិតជាមានមនុស្សបែបនេះមែន គ្រាន់តែពុំមានច្រើនប៉ុណ្ណោះ។ ដើរតាមផ្លូវបាប ពីមួយជំហានទៅមួយជំហាន មើលទៅដូចសប្បាយរីករាយ និងមានបានស្តុកស្តម្ភខ្លាំងណាស់ តែនៅទីបញ្ចប់មនុស្សអាក្រក់បែបនេះ នឹងដឹងខ្លួនស្ពាយវិប្បដិសារី។ កំពុងដើរ គឺកំពុងតែសប្បាយនឹងសេចក្តីអាក្រក់ តែជិតចូលក្តាមឈូសទើបស្រក់ទឹកភ្នែក។
៣. ក្នុងសង្គម គ្មាននរណាម្នាក់ឆ្ងល់ថាអ្នកជាមនុស្សទុច្ចរិតឬសុចរិតទេ តែសំខាន់លទ្ធផលអស្ចារ្យដែលអ្នកកំពុងកាន់ក្នុងដៃ បើទោះបីជាវាកើតចេញពីទង្វើស្មោគគ្រោកកាប់ចាក់មនុស្សល្អក៏ដោយ។ ប៉ុន្តែខ្ញុំថា មិនថាសំខាន់ទេថាលទ្ធផលដែលអ្នកទទួលបានអស្ចារ្យខ្លាំងប៉ុនណា តែសំខាន់បើអ្នកបង្កហេតុខាងដើមតាមផ្លូវទុច្ចរិត នោះចុងបញ្ចប់នៃជីវិត អ្នកនឹងមានឈ្មោះត្រឹមតែជាអ្នកចាញ់។ មនុស្សដែលឆ្លាតក្នុងការរស់នៅ គឺតែងតែរក្សាភាពស្អាតស្អំឱ្យខ្លួនឯងគ្រប់កាលៈទេសៈជីវិតទាំងអស់៕
.............................
ប្រភព ឡាំ លីម

តើខ្ញុំមានអារម្មណ៍ឯកោកណ្តោចកណ្តែងទេ?

១. ថ្ងៃមួយមានប្អូនស្រីម្នាក់បានសួរពីទស្សនៈរបស់ខ្ញុំចំពោះសាសនាក្នុងសង្គម វប្បធម៌ក្នុងសង្គម ការឱ្យតម្លៃមនុស្សក្នុងសង្គម ចរិតមនុស្សក្នុងសង្គម។ល។ ខ្ញុំបានចំណាយពេលនិយាយរៀបរាប់ពីរឿងទាំងអស់នេះ ហើយបន្ទាប់មកនាងក៏បានសួរខ្ញុំមួយសំនួរចុងក្រោយថា “តើខ្ញុំមានអារម្មណ៍ឯកោកណ្តោចកណ្តែងទេ?”
២. ខ្ញុំតបថា “ខ្ញុំរស់នៅម្នាក់ឯងគត់ តែខ្ញុំពុំឯកោឡើយ ពីព្រោះអ្នកទាំងឡាយណាដែលយល់ពីជីវិត គឺដឹងពីរបៀបរស់”។ រឿងនេះពុំចម្លែកទេដែលសិស្សម្នាក់ធ្លាប់សួរខុងជឺថា “តើអ្វីទៅជាសេចក្តីស្លាប់” ហើយមុនពេលសូក្រាតស្លាប់ សិស្សម្នាក់ក៏ធ្លាប់បានសួរដែរថា “តើលោកគ្រូខ្លាចស្លាប់ទេ?”។ មិនស្គាល់ពីជីវិត ហេតុអ្វីត្រូវឆ្ងល់ពីរឿងស្លាប់ ហើយមិនដឹងថាស្លាប់ជាអ្វីផង តើហេតុអ្វីត្រូវខ្លាចនូវអ្វីដែលខ្លួនមិនដឹង។
៣. ខ្ញុំនឹងឯកោនៅពេលដែលខ្ញុំរស់នៅក្បែរមនុស្សរាប់រយនាក់ តែគ្មាននរណាម្នាក់យល់ពីខ្ញុំសោះ។ មកដល់ថ្ងៃនេះ ខ្ញុំមិននឹកស្មានថាខ្ញុំដើរបានត្រឹមពាក់កណ្តាលផ្លូវសោះ តែខ្ញុំបែរជាមានឱកាសបានមើលឃើញទីបញ្ចប់នៃជីវិតសត្វលោកទៅវិញ។ ក្នុងប្រទេសរបស់ខ្ញុំ ខ្ញុំរស់នៅទីនេះក្នុងនាមជាខ្មែរ តែសម្រាប់ផែនដីនេះនិងចក្រវាលដ៏ធំធេងនេះ ខ្ញុំគ្រាន់តែជាអ្នកដំណើរ និងជនបរទេសម្នាក់ប៉ុណ្ណោះ។ រយៈពេលមិនយូរទេ ខ្ញុំនឹងត្រឡប់ទៅកន្លែងដែលខ្ញុំមិនស្គាល់វិញជាក់ជាពុំខាន។ ទុកឱ្យជនអាក្រក់ហក់លោតសាងបាប ហើយរីករាយនឹងផលផ្លែផ្កាដែលបានពីសេចក្តីអាក្រក់ចុះ តែមិនមែនខ្ញុំឡើយ៕
*អត្ថបទនេះឆ្លុះបញ្ចាំងពីធាតុនាម (វិញ្ញាណ) របស់បុគ្គលម្នាក់ដែលរស់ពុំរណបទាំងស្រុងនឹងវប្បធម៌សង្គមមួយ (បញ្ជ្រាសនឹងវប្បធម៌ ឬរស់ក្រៅប្រអប់វប្បធម៌សង្គមរបស់មនុស្ស)។ ការស្គាល់ខ្លួនឯងដល់ថ្នាក់ស៊ីជម្រៅ តែងធ្វើឱ្យយើងដឹងថាខ្លួនជានរណា ដឹងថាពេលស្លាប់ត្រូវទៅណា ដឹងថាបច្ចុប្បន្នត្រូវរស់នៅបែបណា ធ្វើដំណើរបែបណា និងសាងល្អឬសាងអាក្រក់។ បុគ្គលដែលពុំខ្លាចសូម្បីតែសេចក្តីស្លាប់ តើគេត្រូវខ្លាចអ្វីផ្សេងទៀតទេ? បុគ្គលប្រភេទនេះខ្លាចតែរឿងម្យ៉ាងគត់ គឺរស់នៅប្រឆាំងនឹងច្បាប់ធម្មជាតិ និងរស់នៅប្រឆាំងនឹងសេចក្តីល្អ។ គ្មានអាទិទេពណាអាចសម្លាប់មនុស្សបែបនេះបានទេ ហើយមានតែសេចក្តីល្អម្យ៉ាងគត់ដែលអាចសម្លាប់បុគ្គលប្រភេទនេះបាន។
-------------------------
ប្រភព ឡាំ លីម

Sunday, August 26, 2018

មនុស្សល្អ ត្រូវស្មោះត្រង់នឹងសេចក្តីល្អ តែមិនមែនស្មោះត្រង់នឹងមនុស្សទេ

១.មនុស្សល្អ ត្រូវស្មោះត្រង់នឹងសេចក្តីល្អ តែមិនមែនស្មោះត្រង់នឹងមនុស្សទេ មនុស្សល្អ ត្រូវស្មោះត្រង់នឹងសេចក្តីល្អ តែមិនមែនស្មោះត្រង់នឹងមនុស្សទេ។ កុំព្យាយាមរស់នៅក្រោមឆន្ទៈអ្នកដទៃដោយងប់ងុល់ ឬដោយងើបមុខមិនរួច ពីព្រោះកាលណាបើងើបមុខមិនរួច គឺមើលភាពត្រឹមត្រូវ ឬភាពខុសឆ្គងរបស់បុគ្គលនោះមិនឃើញច្បាស់ឡើយ។ បើខ្ញុំបានធ្វើសេចក្តីល្អ ក៏ត្រឹមតែលើកតម្កើង “សេចក្តីល្អ” ទៅបានហើយ តែសូមកុំព្យាយាម “លើកតម្កើងខ្ញុំ” ពីព្រោះថ្ងៃណាមួយ ក្នុងនាមជាមនុស្សជាតិម្នាក់ គឺថាខ្ញុំនៅតែមានភាពជាមនុស្ស ដែលតែងតែមានការប្រែប្រួល និងជាប់ជំពាក់ដោយលោភៈ ទោសៈ និងមោហៈក្នុងខ្លួនជាដរាប។
មនុស្សល្អ ត្រូវស្មោះត្រង់នឹងសេចក្តីល្អ តែមិនមែនស្មោះត្រង់នឹងមនុស្សទេ។ សេចក្តីល្អ គឺនៅតែជាសេចក្តីល្អ ហើយឥតប្រែប្រួលឡើយ តែមនុស្សគឺតែងប្រែប្
២. កុំព្យាយាមស្មោះស្ម័គ្រនឹងមេដឹកនាំណាម្នាក់ឱ្យសោះ តែត្រូវស្មោះត្រង់នឹងជាតិមាតុភូមិ។ មេដឹកនាំគឺជាមនុស្ស។ ដូច្នេះ មនុស្សគង់តែប្រែប្រួលដោយសារ តែភាពលោភលន់នឹងអំណាចក្នុងដៃឬសេចក្តីអំនួតនឹងអំណាច។ ក្នុងសង្គមគ្រួសារ ម្តាយគឺជាមាតាតូច តែជាតិមាតុភូមិ គឺជាមាតាធំ។ មាតាតូចអាចស្លាប់មួយពេល តែមាតាធំ បើស្លាប់គឺរលាយជាតិមាតុភូមិ។ យើងទាំងអស់គ្នារស់នៅបានមកដល់ថ្ងៃនេះ គឺមិនមែនដោយសារតែបាយមួយដុំដែលយើងញុំារាល់ថ្ងៃនោះទេ តែដោយសារប្រវត្តិសាស្ត្រនៃការយកជីវិតមកតស៊ូរបស់យុទ្ធជន និងបុព្វបុរសអតីតកាល។ ដូចគ្នាដែរ អនាគតអនុជនជំនាន់ក្រោយ នឹងបន្តជីវិតរស់នៅទៅបាន ក៏ប្រហែលជាដោយសារសកម្មភាពនៃការប្រឹងប្រែងរបស់យើងនៅថ្ងៃនេះដែរ។
៣. កុំរស់នៅក្រោមឆន្ទៈមនុស្សដទៃ តែត្រូវរស់ឱ្យតម្លៃសេចក្តីល្អ។ កុំស្ម័គ្រស្លាប់ដើម្បីមេដឹកនាំណាម្នាក់ឱ្យសោះ តែត្រូវស្មោះនឹងជាតិមាតុភូមិដែលជាមាតាធំ។ អនាគតអនុជនជំនាន់ក្រោយនឹងអាចរស់ឬស្លាប់ គឺដោយសារសកម្មភាពរបស់យើងនៅបច្ចុប្បន្ននេះ។ ជួយខ្លួនឯង ជួយគ្រួសារ ជួយមាតាធំ ហើយទាំងអស់នេះគឺជាគោលការណ៍នៃតួនាទីរបស់មនុស្សម្នាក់ក្នុងសង្គមមួយ។ ដើម្បីជួយខ្លួនឯងបាន លុះត្រាតែយើងប្រឹងប្រែងរៀន។ ដើម្បីជួយគ្រួសារបាន លុះត្រាតែយើងប្រឹងប្រែងរៀន។ ដើម្បីជួយសង្គមបាន លុះត្រាតែយើងប្រឹងប្រែងរៀន។ ការប្រឹងប្រែងមិននាំឱ្យយើងស្លាប់ទេ តែបើមិនប្រឹងរៀន ទើបឆាប់ស្លាប់។ ការប្រឹងប្រែងរៀន នឹងនាំមកនូវសេរីភាពខាងគំនិត ហើយជាគំនិតដែលអហិង្សាមិនឈ្លោះគ្នា និងសាមគ្គីជួយសង្គមឱ្យដើរទៅមុខ៕
____
អត្ថបទទាំងស្រុងចេញពីសៀវភៅ ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ
ប្រភព៖ ឡាំ លីម

Friday, August 24, 2018

ទុកមនុស្សល្អកំទេចមនុស្សអាក្រក់ (ទ្រឹស្តីព្រះពុទ្ធសាសនាមហាយាន)

១. “មនុស្សអាក្រក់គួរតែត្រូវកំទេចចោល ហើយបញ្ញាជនគួរតែត្រូវគោរពលើកតម្កើង។ ចូរធ្វើខ្លួនជាមនុស្សស្មោះត្រង់ តែត្រូវចេះការពារមនុស្សល្អ”។
២. ព្រះរាជាខ្លាំង ត្រឹមមានឈ្មោះជាវីរបុរសរបស់ប្រទេស តែបញ្ញាជនរស់នៅក្នុងផែនដី បើទៅដល់ទីណា មានមនុស្សម្នារគោរពឱ្យតម្លៃគ្រប់ទីកន្លែង។ មនុស្សធម្មតារស់នៅគោរពច្បាប់ គោរពទម្លាប់ គោរពវប្បធម៌សង្គម តែបញ្ញាជនរស់នៅគ្មានជាប់ពាក់ព័ន្ធនឹងប្រព័ន្នច្បាប់សង្គម រស់នៅមិនរណបវប្បធម៌សង្គមណាមួយឡើយ។
៣. បុគ្គលប្រភេទនេះរស់នៅក្នុងសេចក្តីល្អដ៏ត្រឹមត្រូវ គោរពមនុស្សក្នុងនាមជាមនុស្ស តែពុំមែនគោរពឋានៈសង្គមរបស់មនុស្សទេ។ អ្នកក្រគោរពអ្នកមាន ដោយរំពឹងថាអ្នកមាននឹងផ្តល់ក្តីអាណិតអាសូរធ្វើទានខ្លះ។ មនុស្សអវិជ្ជាគោរពអ្នកចេះពីព្រោះតែគេមានចំណេះដឹង តែបញ្ញាជនគោរពអ្នកចេះពីព្រោះតែគេនោះមានសីលធម៌និងគុណធម៌។ នេះហៅថាបញ្ញាជនពិតប្រាកដ។
៤. បញ្ញាជនដឹងហេតុនៃសេចក្តីអាក្រក់ ស្គាល់ឬសគល់ដែលបង្កើតមនុស្សអាក្រក់។ ដូច្នេះ បញ្ញាជនដឹងថាគួរកំចាត់មនុស្សអាក្រក់ក្នុងកាលៈទេសៈណា ឬទុកឱកាសឱ្យមនុស្សអាក្រក់កែខ្លួនសិន។ ក្នុងទ្រឹស្តីពុទ្ធសាសនាមហាយាននេះ (Mahāyāna Buddhism) មានលក្ខណៈពុំព្រងើយកន្តើងនឹងសេចក្តីអយុត្តិធម៌ដែលបង្កឡើងដោយមនុស្សអាក្រក់ឡើយ។ បញ្ញាជនជាបុគ្គលស្អប់បាបនិងស្អប់ទង្វើអាក្រក់ តែវិធីកំចាត់ទង្វើអាក្រក់ គឺពុំមែនត្រូវប្រើវិធី អាក្រក់ជាងនោះទេ៕
“Harmful people should be tamed; The wise should be reverenced. Fill your treasury with honest deeds, and protect your fellow men.”
______
ទស្សនៈដកស្រង់ចេញពីសៀវភៅ “Elegant Sayings Dharma”
ប្រភព៖ឡាំ លីម

សាមកុកនិយម

១. យើងមិនអាចចាត់ទុកខ្លួនឯងជាអ្នកចេះ ឬជាអ្នកនិពន្ធ ឬជាអ្នកចិត្តសាស្រ្ត ឬជាអ្នកយុទ្ធសាស្រ្តបាន ដោយគ្រាន់តែអង្គុយសំកុកមើលរឿងសាមកុក រួចហើយចម្លងរឿងសាមកុកចូលសៀវភៅនោះទេ។ ឥរិយាបថអ្នកចេះពិតប្រាកដ ពុំវក់វីនឹងយុទ្ធសាស្រ្តបើកចំហទេ តែគេឱ្យតម្លៃលើសីលធម៌ គុណធម៌ ភាពស្មោះត្រង់ ហើយយុទ្ធសាស្រ្តប្រើតែជាមួយសត្រូវប៉ុនណោះ (ប្រទេសជិតខាង)។
២. អ្នកយុទ្ធសាស្រ្តពិតប្រាកដ គឺត្រូវអាថ៌កំបាំង ស្ងប់ស្ងៀម លាក់ចំណុចខ្លាំង លាក់ចំណុចខ្សោយរបស់ខ្លួន និងបង្ហាញតែអ្វីដែលខ្លួនមានចេតនាចង់ឱ្យមហាជនឃើញប៉ុនណោះ។ ក្នុងសង្គមដែលកំពុងតែបែកបាក់គ្នា យើងពុំគួរសរសេរអត្ថបទណាដែលបង្ហាញពីលក្ខណៈមិនទុកចិត្តគ្នា (ល្បិចកល ចរិតយុទ្ធសាស្រ្តខ្វះភាពស្មោះត្រង់ និងបាតដៃជាខ្នងដៃ) របស់ជាតិសាសន៍មួយឡើយ។
៣. ខ្ញុំតែងតែពិចារណានូវពាក្យមួយឃ្លាដែលថា “ស្លូតស្លាប់ វេចវេរមានភ័ព្វ […]”។ ខ្ញុំមានទស្សនៈយល់ស្របនឹងឡៅ ជឺ ដែលថា “បើទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏ក្នុងនាមយើងជាមនុស្ស គួររក្សាជំហរជាមនុស្សស្មោះត្រង់ជានិច្ចដែរ”។ បើទោះបីជាយើងបានកំពុងរស់នៅក្នុងសង្គមដែលមនុស្សមិនសូវទុកចិត្តគ្នាក៏ដោយ ក៏យើងនៅតែត្រូវរក្សាតម្លៃនៃភាពស្មោះត្រង់ជានិច្ច។
៤. វិស័យសិល្បៈ (ជាពិសេសចម្រៀង) បានកំពុងតែពង្វក់យុវជន ហើយយើងជាអ្នកសរសេរជំនាន់ថ្មី គួរតែមានទស្សនៈវិស័យមួយ ដែលផ្តោតសំខាន់ទៅលើប្រយោជន៍អនាគត បើទោះបីពេលនេះវេទនាបន្តិចក៏ដោយ។ យុទ្ធសាស្រ្តដែលសង្គមត្រូវការ គឺយុទ្ធសាស្រ្តបង្រួមមនុស្សឱ្យខ្លាំងទាំងអស់គ្នា មានប្រៀបទាំងអស់គ្នា តែពុំមែនយុទ្ធអញនិយម ឈ្នះម្នាក់ឯង និងខ្លាំងម្នាក់ឯងនោះទេ៕
..................................
ប្រភព៖ឡាំ លីម

មនុស្សល្អ ត្រូវស្មោះត្រង់នឹងសេចក្តីល្អ តែមិនមែនស្មោះត្រង់នឹងមនុស្សទេ

១. មនុស្សល្អ ត្រូវស្មោះត្រង់នឹងសេចក្តីល្អ តែមិនមែនស្មោះត្រង់នឹងមនុស្សទេ។ សេចក្តីល្អ គឺនៅតែជាសេចក្តីល្អ ហើយឥតប្រែប្រួលឡើយ តែមនុស្សគឺតែងប្រែប្រួលជានិច្ច។ កុំព្យាយាមរស់នៅក្រោមឆន្ទៈអ្នកដទៃដោយងប់ងុល់ ឬដោយងើបមុខមិនរួច ពីព្រោះកាលណាបើងើបមុខមិនរួច គឺមើលភាពត្រឹមត្រូវ ឬភាពខុសឆ្គងរបស់បុគ្គលនោះមិនឃើញច្បាស់ឡើយ។ បើខ្ញុំបានធ្វើសេចក្តីល្អ ក៏ត្រឹមតែលើកតម្កើង “សេចក្តីល្អ” ទៅបានហើយ តែសូមកុំព្យាយាម “លើកតម្កើងខ្ញុំ” ពីព្រោះថ្ងៃណាមួយ ក្នុងនាមជាមនុស្សជាតិម្នាក់ គឺថាខ្ញុំនៅតែមានភាពជាមនុស្ស ដែលតែងតែមានការប្រែប្រួល និងជាប់ជំពាក់ដោយលោភៈ ទោសៈ និងមោហៈក្នុងខ្លួនជាដរាប។
២. កុំព្យាយាមស្មោះស្ម័គ្រនឹងមេដឹកនាំណាម្នាក់ឱ្យសោះ តែត្រូវស្មោះត្រង់នឹងជាតិមាតុភូមិ។ មេដឹកនាំគឺជាមនុស្ស។ ដូច្នេះ មនុស្សគង់តែប្រែប្រួលដោយសារ តែភាពលោភលន់នឹងអំណាចក្នុងដៃឬសេចក្តីអំនួតនឹងអំណាច។ ក្នុងសង្គមគ្រួសារ ម្តាយគឺជាមាតាតូច តែជាតិមាតុភូមិ គឺជាមាតាធំ។ មាតាតូចអាចស្លាប់មួយពេល តែមាតាធំ បើស្លាប់គឺរលាយជាតិមាតុភូមិ។ យើងទាំងអស់គ្នារស់នៅបានមកដល់ថ្ងៃនេះ គឺមិនមែនដោយសារតែបាយមួយដុំដែលយើងញុំារាល់ថ្ងៃនោះទេ តែដោយសារប្រវត្តិសាស្ត្រនៃការយកជីវិតមកតស៊ូរបស់យុទ្ធជន និងបុព្វបុរសអតីតកាល។ ដូចគ្នាដែរ អនាគតអនុជនជំនាន់ក្រោយ នឹងបន្តជីវិតរស់នៅទៅបាន ក៏ប្រហែលជាដោយសារសកម្មភាពនៃការប្រឹងប្រែងរបស់យើងនៅថ្ងៃនេះដែរ។
៣. កុំរស់នៅក្រោមឆន្ទៈមនុស្សដទៃ តែត្រូវរស់ឱ្យតម្លៃសេចក្តីល្អ។ កុំស្ម័គ្រស្លាប់ដើម្បីមេដឹកនាំណាម្នាក់ឱ្យសោះ តែត្រូវស្មោះនឹងជាតិមាតុភូមិដែលជាមាតាធំ។ អនាគតអនុជនជំនាន់ក្រោយនឹងអាចរស់ឬស្លាប់ គឺដោយសារសកម្មភាពរបស់យើងនៅបច្ចុប្បន្ននេះ។ ជួយខ្លួនឯង ជួយគ្រួសារ ជួយមាតាធំ ហើយទាំងអស់នេះគឺជាគោលការណ៍នៃតួនាទីរបស់មនុស្សម្នាក់ក្នុងសង្គមមួយ។ ដើម្បីជួយខ្លួនឯងបាន លុះត្រាតែយើងប្រឹងប្រែងរៀន។ ដើម្បីជួយគ្រួសារបាន លុះត្រាតែយើងប្រឹងប្រែងរៀន។ ដើម្បីជួយសង្គមបាន លុះត្រាតែយើងប្រឹងប្រែងរៀន។ ការប្រឹងប្រែងមិននាំឱ្យយើងស្លាប់ទេ តែបើមិនប្រឹងរៀន ទើបឆាប់ស្លាប់។ ការប្រឹងប្រែងរៀន នឹងនាំមកនូវសេរីភាពខាងគំនិត ហើយជាគំនិតដែលអហិង្សាមិនឈ្លោះគ្នា និងសាមគ្គីជួយសង្គមឱ្យដើរទៅមុខ៕
____
អត្ថបទទាំងស្រុងចេញពីសៀវភៅ ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ

Tuesday, August 14, 2018

“សម្រាប់អ្នកឆ្លាត ជីវិតគឺជាសុបិន តែសម្រាប់អ្នកល្ងង់ ជីវិតគឺជាល្បែង។ សម្រាប់អ្នកមាន ជីវិតគឺជារឿងកំប្លែង តែសម្រាប់អ្នកក្រ ជីវិតគឺជាសោកនាដកម្ម”

“សម្រាប់អ្នកឆ្លាត ជីវិតគឺជាសុបិន តែសម្រាប់អ្នកល្ងង់ ជីវិតគឺជាល្បែង។ សម្រាប់អ្នកមាន ជីវិតគឺជារឿងកំប្លែង តែសម្រាប់អ្នកក្រ ជីវិតគឺជាសោកនាដកម្ម”។
មនុស្សឆ្លាត តែងមានបុព្វហេតុសម្រាប់ជីវិត តែសម្រាប់មនុស្សល្ងង់ តែងយកជីវិតទៅភ្នាល់ដូចល្បែង អាចចាញ់អាចឈ្នះ គ្មានគោលដៅច្បាស់លាស់ ហើយឈ្នះមុខខ្លាញ់ ចាញ់មុខខ្លា។ អ្នកមានខ្លះ មានលុយរស់នៅដោយភាពហ៊ីហា ហឹកហ៊ាក សប្បាយដាច់បង្ហៀរ តែសម្រាប់អ្នកក្រខ្លះហូរញើសហូរឈាមស្ទើតែមិនរស់ ប្រឹងប្រែងរស់ដើម្បីកំដរភាពឈឺចាប់។
ជីវិតពេញលេញ មិនត្រូវការភាពល្បីល្បាញដោយសារតែភាពឆ្លាត មានចំណេះដឹងខ្ពស់ ឬមានលុយច្រើនទេ។ ប៉ុន្តែ តួនាទីជីវិតមនុស្សឆ្លាត គួរត្រូវចេះជួយមនុស្សល្ងង់ឱ្យផុតពីរណ្តៅអវិជ្ជា ហើយតួនាទីអ្នកមាន ក៏គួរតែបរិច្ចាគដល់អ្នកក្រខ្លះ។ លក្ខណៈមនុស្សពេញលេញ គឺចិត្ត គំនិត សម្តី ទង្វើ សកម្មភាព គឺតែងស្របគ្នា៕
Life is a dream for the wise, a game for the fool, a comedy for the rich, a tragedy for the poor. -Sholom Aleichem
--------------------------
ប្រភព៖ ឡាំ លីម

Monday, August 13, 2018

“យើងនឹងពុំអាចទៅដល់គោលដៅបានឡើយ បើសិនជាយើងរវល់តែចំណាយពេលយកដុំថ្មគប់សត្វឆ្កែដែលព្រុសយើង”

១. អារម្មណ៍ក្នុងចិត្តតែងប្រែប្រួលមិនទៀងពីមួយខណៈទៅមួយខណៈ។ យើងតែងនាំគ្នានិយាយថា “មនុស្ស១០ ចិត្ត១០” តែខ្ញុំយល់ថា “ពេលខ្លះ មនុស្ស១០ ចិត្ត១០០”។ មិនថាមនុស្សបែបណាទេ ឱ្យតែគ្មានគោលការណ៍ គឺហៅថាមនុស្សប្រើអារម្មណ៍។
២. សុខក៏ដោយសារចិត្ត ទុក្ខក៏ដោយសារចិត្ត តែមនុស្សខ្លាំងពិតប្រាកដ គិតគោលការណ៍ជាធំ។ ព្រះពុទ្ធសម្តែងថា “ចិត្តជាប្រធាន”។ ចង់ឈ្នះមនុស្សម្នាក់ ត្រូវសម្លាប់ចិត្ត។ ចង់ឈ្នះសង្គមមួយ ត្រូវធ្វើឱ្យចិត្តមនុស្សក្នុងសង្គមវក់វី វង្វេង ភ្លេចខ្លួន សប្បាយដាច់បង្ហៀរ ទុក្ខផ្តាច់សង្ខារ។
៣. មិនថាក្នុងរឿងនយោបាយ ឬក្នុងរឿងបុគ្គលទេ ជោគជ័យពិតប្រាកដ គឺមើលគោលដៅជាធំ តែពុំមែនចាប់អារម្មណ៍រឿងឥតបានការណ៍តាមផ្លូវទៅរកគោលដៅទេ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក វីនស្តុន ឆើឈីល (Winston Churchill) បានពោលថា “យើងនឹងពុំអាចទៅដល់គោលដៅបានឡើយ បើសិនជាយើងរវល់តែចំណាយពេលយកដុំថ្មគប់សត្វឆ្កែដែលព្រុសយើង”។
៤. ក្នុងលក្ខខណ្ឌយុទ្ធសាស្រ្ត បើខ្ញុំដឹងថាសត្រូវរបស់ខ្ញុំជាមនុស្សប្រើអារម្មណ៍ ខ្ញុំនឹងបង្កើតឆ្កែ១០០០ក្បាល ដើម្បីរំខានសត្រូវរបស់ខ្ញុំឱ្យវក់វីនឹងរឿងនេះ។ ចុងក្រោយខ្ញុំនឹងធ្វើឱ្យសត្រូវរបស់ខ្ញុំបរាជ័យឥតដល់គោលដៅដោយសារតែអារម្មណ៍។ មហាត្មៈ គន្ធី លើកឡើងពី “នយោបាយដោយគ្មានគោលការណ៍ ឬ Politics Without Principle”។ ខ្ញុំសង្កេតឃើញអ្នកនយោបាយខ្មែរខ្លះ ដូចជាខ្វះយុទ្ធសាស្រ្តស្រូបមនុស្ស ខ្វះភាពជាអ្នកដឹកនាំ និងខ្វះគោលការណ៍។ បើត្រឹមតែត្រូវគេជេរពីរបីម៉ាត់ក៏ដកដាវដែរ នោះមិនចាត់ទុកថាអ្នកក្លាហានទេ។
៥. យុវជនខ្មែរគួរតែរៀនគ្រប់គ្រងអារម្មណ៍នេះ ដោយកុំរំជើបរំជួលតាមព្រឹត្តិការណ៍ដែលគេបង្កើតឡើង តែត្រូវផ្តោតសំខាន់តែទៅការងារដែលចាំបាច់។ ការងារចំបាច់សម្រាប់អ្នកខ្សោយ គឺប្រឹងរៀន។ ការងារចាំបាច់សម្រាប់អ្នកចេះ គឺផ្សព្វផ្សាយចំណេះដឹងពិត៕
____
ប្រភព៖ ឡាំ លីម

Thursday, August 9, 2018

ទស្សនវិទូក្រិច សូក្រាត ធ្លាប់និយាយថា “ម្តាយខ្ញុំជាឆ្មបសម្រាលកូន ហើយខ្ញុំជាឆ្មបបង្កើតគំនិត”

១. អ្នកនិពន្ធ វីល្លៀម ស្ហេកស្ពៀរ (William Shakespeare) ធ្លាប់បានលើកឡើងថា “គំនិត គឺជាអ្នកគ្រប់គ្រងពិភពលោកទាំងមូល”។ អំណាចនៃគំនិត គឺវាអានុភាពធំបំផុតរហូតដល់គ្មាននរណាម្នាក់អាចបដិសេធបានឡើយ។ ពីយុគសម័យមួយទៅយុគសម័យមួយ ទស្សនវិទូ សេដ្ឋវិទូ សង្គមវិទូ សាសនវិទូ ឬក្រុមអ្នកប្រាជ្ញទាំងអស់សុទ្ធតែជាអ្នកបង្កើតគំនិតថ្មីៗជានិច្ច។ ទស្សនវិទូក្រិច សូក្រាត ធ្លាប់និយាយថា “ម្តាយខ្ញុំជាឆ្មបសម្រាលកូន ហើយខ្ញុំជាឆ្មបបង្កើតគំនិត”។ យើងអាចចោទជាសំនួរសួរបន្តថា “តើមានអ្វីក្នុងលោកដែលអស្ចារ្យជាង ខ្លាំងជាង និងមានអានុភាពជាងគំនិត?” សំនួរនេះ ព្រះពុទ្ធបានបង្ហាញថា “ចិត្ត គឺជាប្រធាន”។ ចិត្តជាប្រធាន គឺមានន័យថាគ្រប់យ៉ាងក្នុងលោក គឺគ្រប់គ្រងដោយ “ចិត្ត”។ ចិត្តមានអំណាចខ្លាំងបំផុត ពីព្រោះចិត្តមានសមត្ថភាពគ្រប់គ្រាន់ដើម្បីគ្រប់គ្រងគំនិតដែលមានក្នុងខួរក្បាល។ តើគំនិតនិយម និងជាក់ស្តែងនិយម វាមានសម្ព័ន្ធភាពនឹងគ្នាបែបណា?

២. ខ្មែរយើងតែងនិយាយថា “គិតមុនគូ” ឬមានន័យថាមុននឹងធ្វើអ្វីមួយ គឺត្រូវចេះគិតមុខគិតក្រោយសិន។ គិតដោយពុំបានធ្វើ គឺហៅថាទ្រឹស្តីនិយម ឬគំនិតនិយម តែបើធ្វើដោយពុំបានគិតវិញ គឺស្មើនឹងបរាជ័យ។ បើយោងតាមទ្រឹស្តីរបស់ ភីទ័រ ដ្រាក់ឃ័រ (Peter F. Drucker) ដែលជាបិតាផ្នែកវិជ្ជាគ្រប់គ្រងបានអះអាងថា “ការធ្វើដែលត្រឹមត្រូវ គឺត្រូវតែជាសកម្មភាពដែលនាំឱ្យទទួលបាននូវលទ្ធផលល្អប្រកបដោយប្រសិទ្ធិភាព”។ តើឃ្លានេះមានអត្ថន័យបែបណា? បើមានចំណេះ តែមិនធ្វើ គឺស្មើនឹងបរាជ័យ។ បើបានធ្វើ តែពុំបានជោគជ័យ គឺស្មើនឹងបរាជ័យ។ បើបរាជ័យ គឺស្មើនឹងគ្មានលទ្ធផល។ បើបានធ្វើហើយ តែបែរជាគ្មានលទ្ធផល គឺស្មើនឹងមិនបានធ្វើដូចគ្នាដែរ (មួយតំបរ និងបួន)។ បើធ្វើ គឺត្រូវធ្វើឱ្យទទួលលទ្ធផលល្អ តែបើធ្វើដោយទទួលលទ្ធផលបរាជ័យដដែល គួរចាំបាច់ធ្វើល្អប្រសើរជាង។ គំនិតដែលអាចប្រើបាន គឺត្រូវតែគំនិតដែលអាចអនុវត្តបាន។ ការអនុវត្តន៍ដែលអាចយកជាការបាន លុះត្រាតែជាការអនុវត្តន៍ដែលនាំមកនូវលទ្ធផលជោគជ័យនិងមានប្រសិទ្ធិភាព៕

................................
ប្រភព៖ ឡាំ លីម

បើគ្មានសេចក្តីប្រឹងប្រែងក្នុងងការសិក្សាទេ មនុស្សគង់មិនអាចរីកចម្រើនសមត្ថភាពនិងគតិបណ្ឌិតបានឡើយ

១. “
បើគ្មានសេចក្តីប្រឹងប្រែងក្នុងងការសិក្សាទេ មនុស្សគង់មិនអាចរីកចម្រើនសមត្ថភាពនិងគតិបណ្ឌិតបានឡើយ។ បើគ្មានមហិច្ឆតាក្នុងជីវិតទេ មនុស្សគង់ពុំអាចសម្រេចដល់សេចក្តីប៉ងប្រាថ្នាបានឡើយ”។

២. ទស្សនវិទូក្រិចបុរាណពោលថា “ចំណេះដឹង គឺជាគុណធម៌”។ ចំណេះវិជ្ជាជ្រៅជ្រះ គឺនឹងធ្វើឲ្យមនុស្សខ្លាចនូវសេចក្តីអគុណធម៌។ មនុស្សដែលមានការយល់ដឹងនូវសច្ចៈនេះ គឺពុំងាយប្រព្រឹត្តនូវអកុសលកម្មឡើយ។ មនុស្សសាមញ្ញដែលមានការអប់រំពុំដល់ចំណុចកំពូល គឺតែងប្រព្រឹត្តកុសលនិងអកុសលលាយឡំគ្នា តែវិញ្ញូជន បើត្រឹមតែអាចរស់មានជីវិត គេពុំធ្វើឲ្យកម្មអាក្រក់រុំវិញ្ញាណឡើយ។ មាគ៌ាទៅកាន់ចំណេះដឹងគឺការអប់រំ ហើយការអប់រំពុំមែនត្រឹមតែរៀននៅសាលានោះទេ តែវាត្រូវបូកនឹងការសិក្សាសង្កេតពីដំណើរជីវិតប្រចាំថ្ងៃផងដែរ។

៣. ជោគជ័យកើតចេញពីប្រឹងរៀន។ ការរៀនដោយត្រឹមត្រូវ គឺត្រូវរៀនដោយយកចិត្តទុកដាក់បំផុត។ ការយកចិត្តទុកដាក់រៀន ត្រូវកើតចេញពីចិត្តដែលមានសន្តិភាព ឬចិត្តស្ងប់ដែលចេះអត់ធ្មត់។ ជីវិតរស់នៅក្នុងសេចក្តីអត់ធ្មត់ដ៏ខ្លាំងបំផុត គឺពុំមែនជាជីវិតមនុស្សធម្មតាទេ តែវាជាលក្ខណៈជីវិតរបស់វិញ្ញូជន និងអ្នកប្រាជ្ញ។ វិញ្ញូជននិងអ្នកប្រាជ្ញ តែងរស់នៅបែបសាមញ្ញ តែពុំមែនបណ្តោយខ្លួនសាមញ្ញដូចជនធម្មតាឡើយ។ បណ្តាំរបស់ជូកឺ លៀង ទុកសម្រាប់កូនប្រុស គឺបានបង្ហាញជូនយ៉ាងច្បាស់ថា “ការសិក្សាពុំមែនជាមុខរបបរកស៊ីឡើយ តែវាជាមាគ៌ាគុណធម៌ដែលវិញ្ញូជនត្រូវតែស្វែងរក”។

៤. មនុស្សធម្មតា រៀនដើម្បីតែរស់ តែមនុស្សដែលមានចិត្តជាអ្នកប្រាជ្ញ គឺរស់ដើម្បីរៀន។ រៀនដើម្បីតែរស់ គឺមានន័យថា មិនមែនយកការសិក្សាធ្វើជាមុខរបបរតែម៉្យាង ទេ ឬយកការសិក្សាធ្វើជាកំាជណ្តើរឡើងទៅយកឋានៈ បុណ្យសក្តិ តួនាទី និងកត្តិយសក្នុងសង្គម។ ពេលមានឋានៈ មានតួនាទីក្នុងសង្គម អ្នករៀនធម្មតានឹងប្រុងបូមយកប្រយោជន៍។ ប៉ុន្តែ រៀនដោយមានទស្សនវិស័យ ហើយជាទស្សនវិស័យដែលអ្នកជំនាន់ក្រោយអាចយកជាគំរូតាមបាន។ សម្បកក្រៅ មើលទៅជាអ្នករៀនដែលមានស្រោមមុខជាអ្នកមានគុណធម៌និយម តែធាតុពិត គឺបម្រើតែចិត្តអញនិយមប៉ុនណ្ណោះ

“Without hard work, one can never improve ability and wisdom; without great ambition, one can never make achievements.”
________
*សង្ខេបចេញពីសៀវភៅបរទេស “ស៊ី ជិនពីង វិលទៅរកគំនិតអ្នកប្រាជ្ញអតីតកាល”

ប្រភព៖ ឡាំ លីម