Search

khmerminds24.blogspot.com ចែករំលែក ចំណេះដឹង ព័ត៌មាន ការកំសាន្ត ការអបរំ ការសិក្សា បច្ចេកកវិទ្យា កសិកម្ម ស្នេហា. ចែករំលែកដល់អ្នករាល់គ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្មានដែនកំណត់។

Thursday, October 4, 2018

ទស្សនវិជ្ជាបង្ក្រាបមនោសញ្ចេតនា

១. អ្នកមនោសញ្ចេតនានិយមជឿថា អារម្មណ៍ដែលខ្លួនចង់បង្ហាញ បើទោះបីជាអារម្មណ៍លន្លង់លន្លោចអវិជ្ជមានយ៉ាងណាក៏ដោយ គឺគួរតែអាចបង្ហាញបានតាមចិត្តដោយសេរី។ ខ្ញុំនៅចាំសម្តីអតីតបណ្ឌិតសេដ្ឋកិច្ចខ្មែរម្នាក់ដែលលោកមានប្រសាសន៍ថា “អ្នកនយោបាយ បើបណ្តោយខ្លួនឱ្យដូចមហាជនធម្មតា គឺពុំបានទេ ពីព្រោះអ្នកនយោបាយ គឺជាអ្នកទទួលខុសត្រូវលើវាសនាជាតិ”។ ខ្ញុំបានបំប្លែងឃ្លានេះទៅជា “យុវជនដែលមានឆន្ទៈស្រឡាញ់សង្គមនិងចង់ជួយសង្គម បើបណ្តោយខ្លួនឱ្យដូចយុវជនធម្មតាពុំបានទេ ដ្បិតបើបណ្តោយខ្លួន គឺនឹងក្លាយខ្លួនដូចជាត្រីងាប់បណ្តោយទឹកហើយ”។
២. ឃ្លានេះ បើខ្ញុំបកស្រាយតាមទ្រឹស្តីភាពជាអ្នកដឹកនាំ (Leadership) ខ្ញុំមើលឃើញថា “ភាពជាគំរូ គឺសំខាន់ខ្លាំងបំផុតសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សក្នុងសង្គម”។ មនុស្សដែលមានចរិតជាអ្នកដឹកនាំ គឺតែងប្រុងប្រយ័ត្ននឹងសម្តី ឬទង្វើខ្លួនឯងជាប្រចាំ ពីព្រោះថាអ្វីដែលយើងនិយាយ ឬអ្វីដែលយើងធ្វើ គឺតែងមាន “អ្នកមើលគំរូតាម” ជានិច្ច។ តើអ្នកណាជាអ្នកមើល? មនុស្សទាំងឡាយណាដែលផ្តល់តម្លៃដល់យើង។
៣. បើយើងពុំបានជួយអ្វីដល់សង្គមទេ យ៉ាងហោចណាស់ក៏សូមជួយសាបព្រោះភាពរឹងមាំ និងភាពជាគំរូដល់មនុស្សទូទៅ ដល់យុវជន និងអនុវជនជំនាន់ក្រោយ ដោយធ្វើយ៉ាងឱ្យមនុស្សគិតរឿងសិក្សារៀនសូត្រជាធំ កុំវក់វីនឹងរឿងខ្លះដែលឥតប្រយោជន៍ ពីព្រោះខាតពេលវេលាច្រើនណាស់។ ទម្រាំតែយុវជនម្នាក់អាចដើរចេញពីភាពវក់វីទាំងនេះ គឺពេលខ្លះវាហួសពេល។ ឬពេលខ្លះទៀត បើដើរចេញពុំផុតទេ គឺមានតែរឿងអស់សង្ឃឹមបាក់ទឹកចិត្ត លែងប្រឹងប្រែង...។
៤. បើស្រឡាញ់ជាតិ គឺប្រើបេះដូងស្រឡាញ់ តែបើចង់ជួយជាតិ គឺត្រូវប្រើចំណេះដឹង។ ខុង ជឺ (Confucius) ធ្លាប់លើកឡើងថា “ទ្រព្យសម្បត្តិរបស់ជាតិ [......] គឺជាភាពរឹងមាំរបស់យុវជន”។ តើភាពរឹងមាំពិតរបស់យុវជនកើតចេញពីណា? ខ្ញុំធ្លាប់បានអានទ្រឹស្តីទស្សនវិជ្ជារបស់សេណុងសម័យក្រិក (Zeno) និយាយអំពីទស្សនវិជ្ជាស្តូអ៊ីកនិយម (Stoicism) ដែលទស្សនវិជ្ជានេះនិយាយពីការបង្ក្រាបមនោសញ្ចេតនា។ និយាយដោយខ្លី ទស្សវិជ្ជានេះគឺបង្រៀនមនុស្សកុំឱ្យមានចិត្តរន្ធត់ញាប់ញ័រនឹងសេចក្តីលំបាក កុំទំរន់នឹងសេចក្តីវេទនា និងត្រូវអំណត់អត់ធ្មត់ ខាំមាត់សង្កត់ចិត្តតស៊ូក្នុងជីវិតជានិច្ច។
៥. សង្គមមួយ គឺគ្មាននរណាជាអ្នកបំផ្លាញទេ តែវាអាចនឹងត្រូវខ្ទេចដោយដៃរបស់យុវជននិងជនសង្គម។ ចូរធ្វើជាអ្នកជាតិនិយមដែលផ្តល់តម្លៃលើការអប់រំ តែកុំធ្វើឱ្យជាតិយំ។ ចូរប្រឹងរស់ ប្រឹងរៀន រៀនអត់ធ្មត់ តស៊ូ នឿយហត់លំបាក ក៏ត្រូវតែប្រឹងទៅមុខជានិច្ចដែរ។ ពេលអស់សង្ឃឹម កុំបោះបង់ខ្លួនឯងចោល តែចូរលះបង់ខ្លួនប្រឹងរៀនដើម្បីសង្គម ឬដើម្បីគ្រួសារក៏បាន។ ភ្លេចអ្វីអាចភ្លេចបាន តែកុំភ្លេចខ្លួន ហើយកុំបណ្តោយខ្លួនឱ្យសោះ៕
_______________
ប្រភព៖ឡាំ លីម

0 comments:

Post a Comment