Search

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

khmerminds24.blogspot.com ចែករំលែក ចំណេះដឹង ព័ត៌មាន ការកំសាន្ត ការអបរំ ការសិក្សា បច្ចេកកវិទ្យា កសិកម្ម ស្នេហា. ចែករំលែកដល់អ្នករាល់គ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្មានដែនកំណត់។

Sunday, November 25, 2018

ទំនុកចិត្តជាគ្រឹះក្នុងភាពជាអ្នកដឹកនាំ

No automatic alt text available.
១. ទំនុកចិត្ត វាជារឿងដែលត្រូវសន្សំរាប់សិបឆ្នាំ តែវាអាចរលាយវិញក្នុងរយៈពេលខ្លី បើមេដឹកនាំមិនឈរខាងការពិត គ្មានភាពស្មោះត្រង់ គ្មានសច្ចភាព និងកុហកបោកប្រាស់។ កុហកម្តង ក៏ជាការកុហក ឬកុហកពីរដង ក៏ជាការកុហក។ កុហកតិចឬកុហកច្រើន វាសុទ្ធតែជាការកុហក ដែលជាហេតុធ្វើឱ្យអ្នកដើរតាមឬប្រជាជនបាត់បង់ទំនុកចិត្ត។ ក្នុងលក្ខខណ្ឌនេះហើយ ទើបតម្រូវឱ្យបុគ្គលណាក៏ដោយ ឱ្យតែស្ថិតក្នុងឋានៈតួនាទីជាមេដឹកនាំ ត្រូវប្រឹងប្រយ័ត្នសម្តីរបស់ខ្លួន ដោយមិនអាចនិយាយលេងសើចកំប្លុកកំប្លែងច្រើនពេក ឬនិយាយអ្វីក៏ដោយដែលប៉ះពាល់ដល់រឿងទំនុកចិត្ត។ និយាយដោយខ្លី ពាក្យអសុរោះទាំងអស់ គឺមិនត្រូវហារមាត់និយាយជាសាធារណៈដាច់ខាត ឬសូម្បីតែសត្រូវរបស់ខ្លួន ក៏មិនត្រូវប្រើពាក្យជេរ ឬពាក្យអសុរោះដែរ។ តើហេតុអ្វី?
២. កុំយកលេសថាសម្តីអាក្រក់មែន តែចិត្តល្អ។ លក្ខណៈបែបនេះ គឺហៅថាមានគោលដៅ តែខ្វះបច្ចេកទេស។ ជាចិត្តសាស្រ្ត មិនថាមនុស្សល្អ ឬមនុស្សអាក្រក់ទេ សុទ្ធតែត្រូវការពាក្យពីរោះ។ មេដឹកនាំ ត្រូវតែជាបុគ្គលដែលពូកែទាក់ទាញទំនុកចិត្តពីអ្នកដទៃ។ មាសប្រាក់មានតម្លៃ តែមិនអាចទិញមនុស្សមានសមត្ថភាព និងមានគុណធម៌បានទេ។ មេដឹកនាំដែលឈរខាងភាពត្រឹមត្រូវ មុនឬក្រោយនឹងមានអ្នកគាំទ្រ។ អ្នកដើរតាមខ្លះវង្វេងសច្ចភាព តែពេលវលាយូរៗទៅ អ្នកដែលមានសតិសម្បជ្ជញ្ញៈនឹងវិលមករកសច្ចភាពវិញ។ សមត្ថភាព គឺទុកប្រើប្រាស់សម្រាប់ដឹកនាំក្រុមមនុស្ស ហើយគុណធម៌ទុកស្ទូចពូកសត្រូវឱ្យក្លាយទៅជាមិត្ត។ មិនថាក្នុងក្រុម ឬស្ថាប័ន ឬប្រទេសនោះទេ មេដឹកនាំត្រូវមានលក្ខណៈសម្បត្តិជាមនុស្សដែលគួរឱ្យទុកចិត្តជាទីបំផុត។ នៅពេលដែលមេដឹកនាំមានលក្ខណៈសម្បត្តិដែលគួរឱ្យទុកចិត្តបំផុត គឺវាស្មើនឹងភាពរីកធំធាត់របស់ក្រុម។ អ្នកមិនទាន់ស្គាល់ មិនងាយចូល តែបើចូលហើយ មិនងាយចេញវិញឡើយ។
៣. សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់។ ជាទូទៅ នៅពេលដែលក្រុមណាមួយរឹងមាំ សត្រូវប្រើវិធីបំបែកមិត្ត ដោយធ្វើយ៉ាងណាកុំឱ្យមនុស្សក្នុងក្រុមមួយសាមគ្គីគ្នា។ របៀបនៃការបំបែកមិត្តមានច្រើនវិធីសាស្រ្តដូចជាប្រើប្រាស់មាសប្រាក់ ប្រើប្រាស់រឿងក្តៅក្រហាយ....ឬធ្វើយ៉ាងណាកុំឱ្យមនុស្សក្នុងក្រុមសាមគ្គីគ្នា។ មេដឹកនាំដែលទទួលការទុកចិត្តពីអ្នកដើរតាមពិតប្រាកដ បើទោះបីជាសត្រូវប្រើវិធីបំបែកបំបាក់ ក៏មិនអាចទទួលលទ្ធផលល្អដែរ។ ឧទាហរណ៍. សត្រូវនិយាយកុហកអ្នកដើរតាមថា មេដឹកនាំខ្លួនជាមនុស្សអាក្រក់ តែបើអ្នកដើរតាមទុកចិត្តមេដឹកនាំខ្លាំង គឺមិនជឿដាច់ខាត។ ឬពេលខ្លះ បើទោះបីជាមេដឹកនាំខ្លួនអាក្រក់ពិតមែនក៏ដោយ ក៏អ្នកដើរតាមនៅងប់មិនជឿថា មេដឹកនាំខ្លួនអាក្រក់មែនដែរ។ សត្រូវនិយាយការពិត ក៏មិនជឿ ហើយសត្រូវនិយាយកុហក ក៏មិនជឿ។ នេះជាអំណាចនៃទំនុកចិត្ត។ ឱ្យតែមានកម្លាំងមនុស្សច្រើន ការងារធំតែងតែបានសម្រេច។ នៅក្នុងសង្គមយើង បើនិយាយមេដឹកនាំប្រភេទនេះ ដូចជាមិនសូវមានច្រើនទេ តែសម្បូរតែរឿងជេរ រឿងស្បថ រឿងស្បែរ៕
source: Lam Lim

ចេះមែនតែលង់ក្នុងលោភៈ

Image may contain: drawing១. មនុស្សយើង ចេះដឹងមែនពិត តែមិនងាយគេចផុតពីលោភៈ ទោសៈ មោហៈ យសសក្តិទេ។ ជាទូទៅ មនុស្សធម្មតាយល់ថា “រៀនដើម្បីឱ្យបានចេះដឹង យកចំណេះចិញ្ចឹមជីវិតឱ្យរស់នៅសុខស្រួលខាងផ្លូវកាយ” តែអ្នកខ្លះរៀនឱ្យចេះ ដើម្បីយកចំណេះដុតកម្ទេចលោភៈ ទោសៈ មោហៈ ក្នុងខ្លួនចេញឱ្យអស់។ មែនទែនទៅ គោលបំណងនៃជីវិតជាមនុស្សនេះ គឺដើម្បីដុសខាត់ព្រលឹងឱ្យបរិសុទ្ធ។
២. ការដុសខាត់ព្រលឹងឱ្យបរិសុទ្ធទៅបាន លុះត្រាណាតែមានជំនួយពីរូបរាងកាយ។ កាយនេះត្រូវការតែអាហារដែលញុំាទៅធ្វើឱ្យមនុស្សមានសុខភាពល្អប៉ុណ្ណោះ។ ប៉ុន្តែ លោភៈ ទោសៈ មោហៈ វាតែងធ្វើឱ្យមនុស្សត្រូវការអ្វីដែលលើសពីសេចក្តីត្រូវការពិត។ សេចក្តីបរិសុទ្ធនឹងផុសឡើង បើមនុស្សធ្វើល្អតាំងតែពីតូចក្រូចឆ្មា រហូតដល់ពេញមួយជីវិត។
៣. គួរឱ្យស្តាយដែលមនុស្សខ្លះ ប្រព្រឹត្តសេចក្តីអាក្រក់យ៉ាងឆ្អែតឆ្អន់ ទើបដល់ចាស់នឹកឃើញដល់រឿងសេចក្តីល្អមុនស្លាប់ ដោយយល់ថាការសម្រុកធ្វើសេចក្តីល្អចុងក្រោយ ក្រែងល៎បានស្រែបុណ្យធំ។ ពេលខ្លះលុយ មិនអាចទិញបុណ្យបានឡើយ តែចេតនាល្អក្នុងចិត្តទេ ដែលទទួលបានបុណ្យច្រើន។ តើមាននរណាធ្លាប់ឭរឿងមួយដែលនិយាយពីមនុស្សម្នាក់ធ្វើបុណ្យដាក់លុយ ៥០០រៀលរបស់ខ្លួនទាំងអស់ ហើយទទួលបានបុណ្យច្រើន។ រីម្នាក់ទៀត ធ្វើបុណ្យដាក់លុយ ៥០០ដុល្លារ តែមិនទទួយបានបុណ្យច្រើនសោះ៕
source : Lam Lim

ល្ខោនក្នុងភាពជាអ្នកដឹកនាំ

Image may contain: 4 people, people standing១. “ជ័យជម្នះក្នុងក្រុមមួយ វាមិនប្រាកដថាត្រូវតែដើរផ្លូវដែលត្រង់ភ្លឹងឡើយ តែត្រូវដើរជាមួយផ្លូវយុទ្ធសាស្រ្តដែលប្រកបទៅដោយសិល្បៈ ដែលមានលក្ខណៈបត់បែន”។
២. មេដឹកនាំត្រូវមានសិល្បៈសម្រេចទស្សនវិស័យ។ ទស្សនវិស័យដែលគ្មានសិល្បៈអនុវត្តន៍ឱ្យជោគជ័យ វានឹងក្លាយទៅជាការស្រមើស្រមៃបែបរវើររវាយ។ ដើម្បីសម្រេចទស្សនវិស័យរួមមួយទៅបាន លុះត្រាណាតែមានការចូលរួមសហប្រតិបត្តិជាមួយគ្នារវាងមេដឹកនាំនិងអ្នកដើរតាម។ ការសហប្រតិបត្តិការ វាតែងធ្វើឱ្យការងារធំៗបានសម្រេចដល់គោលដៅ។ មេដឹកនាំនិងកូនចៅត្រូវមានយុទ្ធសាស្ត្រត្រឹមត្រូវ ធ្វើការប្រកបទៅដោយចិត្តមួយថ្លើមមួយ និងចេះយល់ចិត្តថ្លើមគ្នា ប្រៀបដូចជាកីឡាករបាល់ទាត់ដែលដឹងថាត្រូវបណ្តើរបាល់យ៉ាងដូចម្តេច និងបញ្ចូនបាល់បន្តទៅសហការីយ៉ាងដូចម្តេចទៀត។ តើត្រូវសហប្រតិបត្តិការយ៉ាងដូចម្តេច?
៣. ប្តីប្រពន្ធដែលចេះចាប់ដៃគ្នា មានចិត្តមួយថ្លើមមួយ នឹងធ្វើឱ្យគ្រួសាររីកចម្រើន។ អ្នកចែវទូកដែលចេះសហការគ្នាប្រកបទៅដោយទឹកចិត្តចង់ជោគជ័យ នឹងប្រឹងប្រែងរហូតទទួលបានជោគជ័យ។ ល្ខោនមួយដែលសម្តែងទៅ ធ្វើឱ្យអ្នកមើលចាប់អាម្មរណ៍ច្រើនបំផុត គឺដោយសារតែតួសម្តែងចេះចាប់ដៃគ្នា ចេះសម្តែងក្លែងធ្វើពុតឱ្យសមសាច់រឿង។ នេះមានន័យថាអ្នកខ្លះត្រូវចេះសម្តែងធ្វើតួយក្ស, អ្នកខ្លះត្រូវចេះសម្តែងធ្វើតួស្លួត, អ្នកខ្លះត្រូវចេះសម្តែងធ្វើតួកម្សត់, អ្នកខ្លះត្រូវចេះសម្តែងធ្វើតួអាក្រក់ឬតួចិត្តល្អ...។ល។ ស្របគ្នានេះដែរ មេដឹកនាំនិងកូនចៅត្រូវតែជាមនុស្សដែលយល់ច្បាស់ពីទស្សនវិស័យរួមដែលខ្លួនចង់សម្រេច ហើយបន្ទាប់មកត្រូវចេះចាប់ដៃគ្នា ដើម្បីដោះស្រាយស្ថានការណ៍បន្ទាន់។ តើត្រូវសម្តែងយ៉ាងដូចម្តេច?
៤. ជ័យជម្នះ ពេលខ្លះវាមិនមែនត្រូវតែដើរលើផ្លូវត្រង់ ឬផ្លូវវៀចទេ តែជាផ្លូវដែលត្រូវមើលលើស្ថានភាព និងកាលៈទេសៈបន្ទាន់ជាក់ស្តែង។ បើទោះបីជាដើរលើផ្លូវណា តាមវិធីណាបែបក៏ដោយ ក៏មេដឹកនាំនិងអ្នកដើរតាមត្រូវចេះសហការសម្តែងប្រកបទៅដោយយុទ្ធសាស្រ្តដែរ។ យុទ្ធសាស្រ្ត វាគ្រាន់តែជាបច្ចេកទេសប៉ុណ្ណោះ តែអ្វីដែលសំខាន់គឺការសម្រេចលទ្ធផលជោគជ័យ ដើរទៅដល់គោលដៅនិងទស្សនវិស័យរួម។ នៅក្នុងរឿងសាមកុក មានល្ខោនល្អមើលមួយឈុតដែលសម្តែងដោយទីប្រឹក្សាជូកឺលៀង (Zhuge Liang) និង លីវប៉ី (Liu Bei)។ ជូកឺលៀង បានដឹងមុនថាមេទ័ព គួន អ៊ី (Guan Yu) ដែលធ្លាប់ទទួលគុណពីឆាវឆាវ (Cao Cao) គឺមានចិត្តមិនដាច់សម្លាប់ឆាវឆាវឡើយ។ ហើយម្យ៉ាង បើតាមយុទ្ធស្រ្ត ជូកឺលៀង និងលីវប៉ី ដាច់ខាតមិនត្រូវសម្លាប់ឆាវឆាវទេ ដ្បិតបើឆាវឆាវស្លាប់ក្នុងដៃខ្លួន វាអាចនាំគ្រោះដល់ខ្លួន។ ដើម្បីរំដោះគ្រោះធំនេះ លីវប៉ី និង ជូកឺលៀង បានសហការគ្នាសម្តែងល្ខោនមួយឈុត ក្រោយពេលដែលមេទ័ព គួនអ៊ី មិនបានសម្លាប់ឆាវឆាវ។ បើទោះបីជា លូស៊ូ (Lu Su) មើលល្ខោននេះយល់ ឬមិនយល់ ឬចង់បញ្ឈប់ការសម្តែងល្ខោននេះក៏ដោយ ក៏មិនអាចឈ្នះមនុស្សដែលយល់សាច់ការ ចេះសហការគ្នាសម្តែង ដឹងចិត្តថ្លើមគ្នា មើលធ្លុះសភាពការណ៍មុនដូច ជូកឺលៀង និងលីវប៉ី ដែរ។
៥. យុទ្ធសាស្រ្តនេះ វាជាយុទ្ធសាស្រ្តបែបចិត្តសាស្រ្តដែលបង្ខំឱ្យសត្រូវដើរផ្លូវចុះចាញ់។ ថ្វីត្បិតតែ លូស៊ូ អាចមើលធ្លុះ តែក្នុងល្ខោនដែលមានលក្ខណៈតក្កវិជ្ជាបែបនេះ ឬសមហេតុផលពេក រហូតធ្វើឱ្យសត្រូវត្រូវតែបង្ខំចិត្តចុះចាញ់ទាំងមិនអស់ចិត្ត។ មេដឹកនាំនិងអ្នកដើរតាមត្រូវតែជាមនុស្សដែលចេះគិតពីប្រយោជន៍រួមជាធំ បើទោះបីជាត្រូវលះបង់អ្វីមួយ ក្នុងតម្លៃណាមួយក៏ដោយ។ ការអនុវត្តន៍យុទ្ធសាស្រ្តណាក៏ដោយ វាមិនមានកំហុសទេ តែអ្វីដែលខុសធំបំផុត គឺប្រើយុទ្ធសាស្រ្តដើម្បីច្បាមយកប្រយោជន៍សួនតួ ឬប្រើដើម្បីសម្រេចគោលដៅមិនល្អ។ ជ័យជម្នះរបស់មេដឹកនាំ គឺអាចស្វែងរកមនុស្សខ្លាំងមករួមការងារជាមួយខ្លួនបាន។ មេដឹកនាំឆ្លាត សុខចិត្តរង់ចាំ១០ឆ្នាំ សំខាន់ឱ្យតែបានក្រុមការងារខ្លាំង។ រឿងលំបាកបីយ៉ាងរបស់មេដឹកនាំដែលជោគជ័យគឺ៖ ១. ការកសាងក្រុមការងារ ឬស្វែងរកមនុស្សខ្លាំងមករួមសហការ, ២. ការថែរក្សាក្រុមឱ្យបន្តសហការគ្នា កុំបែកបាក់សាមគ្គី, ៣. ធ្វើឱ្យក្រុមចេះតែខ្លាំងទៅៗ និងពង្រីកខ្លួនឱ្យធំទៅៗ...។ មេដឹកនាំណាក៏ដោយ ឱ្យតែធ្វើរឿងទាំងបីនេះបាន បើទោះបីជាភ្នំរាំងនៅនឹងមុខ ក៏គង់តែត្រូវខ្ទេច ឬគ្មានអ្វីដែលអាចរារាំងកម្លាំងសាមគ្គីរបស់មនុស្សខ្លាំង ដែលបានរួមសហការគ្នាឡើយ៕
_____
រូបភាព៖ ជូកឺលៀងកំពុងតែសម្តែងល្ខោនជាមួយនឹងលីវប៉ី ឱ្យលូស៊ូ មើល។ ឱ្យមានអ្នកសម្តែង គឺត្រូវតែមានអ្នកមើល!
ប្រភព៖ ឡាំ លីម

Thursday, November 8, 2018

អាងឈ្មោះបណ្ឌិត

១. មហាត្មៈ គន្ធី និយាយថា “ចូរនិយាយការពិត បើទោះបីជាអ្នកស្ថិតនៅក្នុងក្រុមមតិភាគតិចក៏ដោយ ដ្បិតសេចក្តីពិត វានៅតែជាសេចក្តីពិត”។
២. នៅក្នុងចក្រវាលដ៏ធំធេងនេះ គ្មានអាទិភាពណា ឬព្រះជាម្ចាស់ណាដែលមានអំណាចធំមហាសាលជាងសច្ចភាពឬសេចក្តីពិតឡើយ។ ការពិត វានៅតែជាការពិត បើទោះបីជាមានបុគ្គលអស្ចារ្យណាអាចកាឡៃការពិតបានក៏ដោយ ពីព្រោះភាពកាឡៃ វាពុំស្ថិតស្ថេរជាអមតៈរៀងរហូតឡើយ។ ទ្រឹស្តីពុទ្ធនិយមបង្ហាញថា “ក្នុងលោកមានវត្ថុ ៣យ៉ាង ដែលមិនអាចបិទបាំងជិតជារៀងរហូតបាន៖ ទីមួយគឺព្រះអាទិត្យ, ទីពីរគឺព្រះចន្ទ, និងទីបីគឺការពិត”។ សុភាសិតខ្មែរលើកឡើងថា “ដំរីសារស្លាប់ ទៅយកចង្អេរបាំង”។ ត្រូវឬខុស វាមិនមែនអាស្រ័យលើមតិភាគច្រើនទេ តែវាអាស្រ័យទៅលើចំណេះដឹងរបស់មនុស្សនិងការពិតជាក់ស្តែងដែលបានកើតឡើង។ មនុស្សល្ងង់តែងសម្រេចយកខុសឬត្រូវតាមរយៈការផ្អើលតាមហ្វូង ឃើញគ្នាច្រើន មានអ្នកគាំទ្រច្រើន ក៏សម្រេចចិត្តនាំគ្នាកំណត់អ្វីមួយថាត្រូវឬខុសទៅ។
៣. មនុស្សឆ្លាតមិនងាយជឿ ហើយមនុស្សដែលងាយជឿ តែងឆាប់កំណត់យកអ្វីមួយខុសឬអ្វីមួយត្រូវ ដោយរហ័សលឿនពេក។ ក្បាលដែលល្អ គឺជាក្បាលដែលមានបញ្ញា ដ្បិតបញ្ញាជាអ្នកវែកញែករវាងខុសនិងត្រូវ។ បញ្ញាដែលត្រឹមត្រូវ គឺជាបញ្ញាដែលយកទៅប្រើបម្រើសេចក្តីពិត។ ខ្ញុំបែងចែកបញ្ញាជនជាពីរប្រភេទ៖ ប្រភេទទីមួយ គឺបញ្ញាជនដែលមានចិត្តសុចរិត និងប្រភេទទីពីរ គឺបញ្ញាជនដែលមានចិត្តទុច្ចរិត។ ចំណេះដឹង វាគឺជាអំណាច។ ចំណេះដឹងជាអំណាចដោយសារតែវាអាចយកទៅប្រើប្រាស់បានគ្រប់ផ្លូវ ទាំងផ្លូវល្អ និងផ្លូវអាក្រក់។ យើងត្រូវចេះប្រុងប្រយ័ត្នចំពោះបញ្ញាជនដែលមានចិត្តទុច្ចរិត ពីព្រោះថាមនុស្សបែបនេះបានយកចំណេះដឹងទៅប្រើប្រាស់ក្នុងផ្លូវទុច្ចរិត។ តើត្រូវធ្វើបែបណាដើម្បីទប់ទល់នឹងបញ្ញាជនទុច្ចរិត?
៤. បុរស “ក” បានសួរទៅបញ្ញាជនម្នាក់អំពីបញ្ហាសង្គមថា “ខ្ញុំបានឮ និងបានឃើញព័ត៌មានមិនផ្លូវការចុះផ្សាយព្រោងព្រាតអំពីបញ្ហាសង្គមដែលជាការធ្វេសប្រហែសរបស់មេដឹកនាំ។ ជាពិសេស មិនថាអ្នកស្រប ឬអ្នកប្រឆាំងសុទ្ធតែបានលើកឡើងពីបញ្ហានេះ។ តើនរណាជាអ្នកទទួលខុសត្រូវ [...]?” បុរស “ក” សួរមិនទាន់នឹងចប់ផង, បញ្ញាជនបានសួរបញ្ច្រាសមកវិញថា “តើអ្នកនិយាយជាអ្នកណា? កុំជឿឱ្យសោះ បើអ្នកនិយាយនោះ ពុំមែនជាបណ្ឌិត”។ ខ្ញុំក៏បានលូកមាត់សួរទៅបញ្ញាជនថា “មនុស្សគ្រប់គ្នា រួមទាំងខ្ញុំផងដែរ បានឃើញមនុស្សម្នាក់កំពុងតែដួលនឹងដី។ យើងទាំងអស់គ្នាឃើញការពិតជាក់ស្តែង។ តើមនុស្សគ្រប់គ្នាដែលបានឃើញហេតុការណ៍ និងខ្ញុំ អាចនិយាយថា បុគ្គលម្នាក់នេះកំពុងតែដួលមែន បានដែរឬទេ? ឬក៏ខ្ញុំត្រូវរង់ចាំបណ្ឌិតណាម្នាក់មកប្រាប់យើងរាល់គ្នាថា អូ! បុគ្គលនេះពិតជាដួលមែន ទើបហៅថាការពិត?”
៥. មុននឹងជឿអ្វីលើអ្វីមួយ ឬជឿសម្តីនរណាម្នាក់ យើងត្រូវចេះថ្លឹងថ្លែងរកហេតុផលផង។ ជាពិសេសត្រូវមើលលើទំនោរឬនិន្នាការ ដ្បិតអ្នកនៅខាងស្រប គេនឹងនិយាយការពារលើកតម្កើងខាងស្របដែលជាក្រុមរបស់ខ្លួន ហើយអ្នកនៅខាងប្រឆាំង គេនឹងនិយាយការពារលើកតម្កើងខាងប្រឆាំងដែលជាក្រុមរបស់ខ្លួន។ បើទោះបីជានៅខាងស្រប ឬនៅខាងប្រឆាំងក៏ដោយ តែសំខាន់ឱ្យតែហ៊ាននិយាយការពិត ដ្បិតការនិយាយការពិត វាធ្វើឱ្យមនុស្សអាចរក្សាតម្លៃរបស់ខ្លួនបានជានិច្ច, ឬប្រៀបដូចជាដើមឈូកដែលដុះចេញពីភក់ តែមិនប្រឡាក់ទៅដោយភក់ឡើយ។ ពាក្យចាស់លោកថា “ស្ងៀម ល្អជាងស្រដី” តែកុំយល់ថា “ស៊ីចេកខ្ចី វាប្រសើរជាងនៅមាត់ទទេ” ឱ្យសោះ។ សូមទៅអានគម្ពីរ “កាឡាមសូត្រ (Kālāma Sutta)” របស់ព្រះពុទ្ធ ដែលរៀបរាប់ពីរឿងគួរជឿ និងមិនគួរជឿ ប្រកបទៅដោយការពិចារណា៕
“If you are right and you know it, speak your mind. even you are a minority of one, the truth is still the truth.” – Mahatma Gandhi