
១. មហាត្មៈ គន្ធី និយាយថា “ចូរនិយាយការពិត បើទោះបីជាអ្នកស្ថិតនៅក្នុងក្រុមមតិភាគតិចក៏ដោយ ដ្បិតសេចក្តីពិត វានៅតែជាសេចក្តីពិត”។
២. នៅក្នុងចក្រវាលដ៏ធំធេងនេះ គ្មានអាទិភាពណា ឬព្រះជាម្ចាស់ណាដែលមានអំណាចធំមហាសាលជាងសច្ចភាពឬសេចក្តីពិតឡើយ។ ការពិត វានៅតែជាការពិត បើទោះបីជាមានបុគ្គលអស្ចារ្យណាអាចកាឡៃការពិតបានក៏ដោយ ពីព្រោះភាពកាឡៃ វាពុំស្ថិតស្ថេរជាអមតៈរៀងរហូតឡើយ។ ទ្រឹស្តីពុទ្ធនិយមបង្ហាញថា “ក្នុងលោកមានវត្ថុ ៣យ៉ាង ដែលមិនអាចបិទបាំងជិតជារៀងរហូតបាន៖ ទីមួយគឺព្រះអាទិត្យ, ទីពីរគឺព្រះចន្ទ, និងទីបីគឺការពិត”។ សុភាសិតខ្មែរលើកឡើងថា “ដំរីសារស្លាប់ ទៅយកចង្អេរបាំង”។ ត្រូវឬខុស វាមិនមែនអាស្រ័យលើមតិភាគច្រើនទេ តែវាអាស្រ័យទៅលើចំណេះដឹងរបស់មនុស្សនិងការពិតជាក់ស្តែងដែលបានកើតឡើង។ មនុស្សល្ងង់តែងសម្រេចយកខុសឬត្រូវតាមរយៈការផ្អើលតាមហ្វូង ឃើញគ្នាច្រើន មានអ្នកគាំទ្រច្រើន ក៏សម្រេចចិត្តនាំគ្នាកំណត់អ្វីមួយថាត្រូវឬខុសទៅ។
៣. មនុស្សឆ្លាតមិនងាយជឿ ហើយមនុស្សដែលងាយជឿ តែងឆាប់កំណត់យកអ្វីមួយខុសឬអ្វីមួយត្រូវ ដោយរហ័សលឿនពេក។ ក្បាលដែលល្អ គឺជាក្បាលដែលមានបញ្ញា ដ្បិតបញ្ញាជាអ្នកវែកញែករវាងខុសនិងត្រូវ។ បញ្ញាដែលត្រឹមត្រូវ គឺជាបញ្ញាដែលយកទៅប្រើបម្រើសេចក្តីពិត។ ខ្ញុំបែងចែកបញ្ញាជនជាពីរប្រភេទ៖ ប្រភេទទីមួយ គឺបញ្ញាជនដែលមានចិត្តសុចរិត និងប្រភេទទីពីរ គឺបញ្ញាជនដែលមានចិត្តទុច្ចរិត។ ចំណេះដឹង វាគឺជាអំណាច។ ចំណេះដឹងជាអំណាចដោយសារតែវាអាចយកទៅប្រើប្រាស់បានគ្រប់ផ្លូវ ទាំងផ្លូវល្អ និងផ្លូវអាក្រក់។ យើងត្រូវចេះប្រុងប្រយ័ត្នចំពោះបញ្ញាជនដែលមានចិត្តទុច្ចរិត ពីព្រោះថាមនុស្សបែបនេះបានយកចំណេះដឹងទៅប្រើប្រាស់ក្នុងផ្លូវទុច្ចរិត។ តើត្រូវធ្វើបែបណាដើម្បីទប់ទល់នឹងបញ្ញាជនទុច្ចរិត?
៤. បុរស “ក” បានសួរទៅបញ្ញាជនម្នាក់អំពីបញ្ហាសង្គមថា “ខ្ញុំបានឮ និងបានឃើញព័ត៌មានមិនផ្លូវការចុះផ្សាយព្រោងព្រាតអំពីបញ្ហាសង្គមដែលជាការធ្វេសប្រហែសរបស់មេដឹកនាំ។ ជាពិសេស មិនថាអ្នកស្រប ឬអ្នកប្រឆាំងសុទ្ធតែបានលើកឡើងពីបញ្ហានេះ។ តើនរណាជាអ្នកទទួលខុសត្រូវ [...]?” បុរស “ក” សួរមិនទាន់នឹងចប់ផង, បញ្ញាជនបានសួរបញ្ច្រាសមកវិញថា “តើអ្នកនិយាយជាអ្នកណា? កុំជឿឱ្យសោះ បើអ្នកនិយាយនោះ ពុំមែនជាបណ្ឌិត”។ ខ្ញុំក៏បានលូកមាត់សួរទៅបញ្ញាជនថា “មនុស្សគ្រប់គ្នា រួមទាំងខ្ញុំផងដែរ បានឃើញមនុស្សម្នាក់កំពុងតែដួលនឹងដី។ យើងទាំងអស់គ្នាឃើញការពិតជាក់ស្តែង។ តើមនុស្សគ្រប់គ្នាដែលបានឃើញហេតុការណ៍ និងខ្ញុំ អាចនិយាយថា បុគ្គលម្នាក់នេះកំពុងតែដួលមែន បានដែរឬទេ? ឬក៏ខ្ញុំត្រូវរង់ចាំបណ្ឌិតណាម្នាក់មកប្រាប់យើងរាល់គ្នាថា អូ! បុគ្គលនេះពិតជាដួលមែន ទើបហៅថាការពិត?”
៥. មុននឹងជឿអ្វីលើអ្វីមួយ ឬជឿសម្តីនរណាម្នាក់ យើងត្រូវចេះថ្លឹងថ្លែងរកហេតុផលផង។ ជាពិសេសត្រូវមើលលើទំនោរឬនិន្នាការ ដ្បិតអ្នកនៅខាងស្រប គេនឹងនិយាយការពារលើកតម្កើងខាងស្របដែលជាក្រុមរបស់ខ្លួន ហើយអ្នកនៅខាងប្រឆាំង គេនឹងនិយាយការពារលើកតម្កើងខាងប្រឆាំងដែលជាក្រុមរបស់ខ្លួន។ បើទោះបីជានៅខាងស្រប ឬនៅខាងប្រឆាំងក៏ដោយ តែសំខាន់ឱ្យតែហ៊ាននិយាយការពិត ដ្បិតការនិយាយការពិត វាធ្វើឱ្យមនុស្សអាចរក្សាតម្លៃរបស់ខ្លួនបានជានិច្ច, ឬប្រៀបដូចជាដើមឈូកដែលដុះចេញពីភក់ តែមិនប្រឡាក់ទៅដោយភក់ឡើយ។ ពាក្យចាស់លោកថា “ស្ងៀម ល្អជាងស្រដី” តែកុំយល់ថា “ស៊ីចេកខ្ចី វាប្រសើរជាងនៅមាត់ទទេ” ឱ្យសោះ។ សូមទៅអានគម្ពីរ “កាឡាមសូត្រ (Kālāma Sutta)” របស់ព្រះពុទ្ធ ដែលរៀបរាប់ពីរឿងគួរជឿ និងមិនគួរជឿ ប្រកបទៅដោយការពិចារណា៕
“If you are right and you know it, speak your mind. even you are a minority of one, the truth is still the truth.” – Mahatma Gandhi
0 comments:
Post a Comment