
១. ទំនុកចិត្ត វាជារឿងដែលត្រូវសន្សំរាប់សិបឆ្នាំ តែវាអាចរលាយវិញក្នុងរយៈពេលខ្លី បើមេដឹកនាំមិនឈរខាងការពិត គ្មានភាពស្មោះត្រង់ គ្មានសច្ចភាព និងកុហកបោកប្រាស់។ កុហកម្តង ក៏ជាការកុហក ឬកុហកពីរដង ក៏ជាការកុហក។ កុហកតិចឬកុហកច្រើន វាសុទ្ធតែជាការកុហក ដែលជាហេតុធ្វើឱ្យអ្នកដើរតាមឬប្រជាជនបាត់បង់ទំនុកចិត្ត។ ក្នុងលក្ខខណ្ឌនេះហើយ ទើបតម្រូវឱ្យបុគ្គលណាក៏ដោយ ឱ្យតែស្ថិតក្នុងឋានៈតួនាទីជាមេដឹកនាំ ត្រូវប្រឹងប្រយ័ត្នសម្តីរបស់ខ្លួន ដោយមិនអាចនិយាយលេងសើចកំប្លុកកំប្លែងច្រើនពេក ឬនិយាយអ្វីក៏ដោយដែលប៉ះពាល់ដល់រឿងទំនុកចិត្ត។ និយាយដោយខ្លី ពាក្យអសុរោះទាំងអស់ គឺមិនត្រូវហារមាត់និយាយជាសាធារណៈដាច់ខាត ឬសូម្បីតែសត្រូវរបស់ខ្លួន ក៏មិនត្រូវប្រើពាក្យជេរ ឬពាក្យអសុរោះដែរ។ តើហេតុអ្វី?
២. កុំយកលេសថាសម្តីអាក្រក់មែន តែចិត្តល្អ។ លក្ខណៈបែបនេះ គឺហៅថាមានគោលដៅ តែខ្វះបច្ចេកទេស។ ជាចិត្តសាស្រ្ត មិនថាមនុស្សល្អ ឬមនុស្សអាក្រក់ទេ សុទ្ធតែត្រូវការពាក្យពីរោះ។ មេដឹកនាំ ត្រូវតែជាបុគ្គលដែលពូកែទាក់ទាញទំនុកចិត្តពីអ្នកដទៃ។ មាសប្រាក់មានតម្លៃ តែមិនអាចទិញមនុស្សមានសមត្ថភាព និងមានគុណធម៌បានទេ។ មេដឹកនាំដែលឈរខាងភាពត្រឹមត្រូវ មុនឬក្រោយនឹងមានអ្នកគាំទ្រ។ អ្នកដើរតាមខ្លះវង្វេងសច្ចភាព តែពេលវលាយូរៗទៅ អ្នកដែលមានសតិសម្បជ្ជញ្ញៈនឹងវិលមករកសច្ចភាពវិញ។ សមត្ថភាព គឺទុកប្រើប្រាស់សម្រាប់ដឹកនាំក្រុមមនុស្ស ហើយគុណធម៌ទុកស្ទូចពូកសត្រូវឱ្យក្លាយទៅជាមិត្ត។ មិនថាក្នុងក្រុម ឬស្ថាប័ន ឬប្រទេសនោះទេ មេដឹកនាំត្រូវមានលក្ខណៈសម្បត្តិជាមនុស្សដែលគួរឱ្យទុកចិត្តជាទីបំផុត។ នៅពេលដែលមេដឹកនាំមានលក្ខណៈសម្បត្តិដែលគួរឱ្យទុកចិត្តបំផុត គឺវាស្មើនឹងភាពរីកធំធាត់របស់ក្រុម។ អ្នកមិនទាន់ស្គាល់ មិនងាយចូល តែបើចូលហើយ មិនងាយចេញវិញឡើយ។
៣. សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់។ ជាទូទៅ នៅពេលដែលក្រុមណាមួយរឹងមាំ សត្រូវប្រើវិធីបំបែកមិត្ត ដោយធ្វើយ៉ាងណាកុំឱ្យមនុស្សក្នុងក្រុមមួយសាមគ្គីគ្នា។ របៀបនៃការបំបែកមិត្តមានច្រើនវិធីសាស្រ្តដូចជាប្រើប្រាស់មាសប្រាក់ ប្រើប្រាស់រឿងក្តៅក្រហាយ....ឬធ្វើយ៉ាងណាកុំឱ្យមនុស្សក្នុងក្រុមសាមគ្គីគ្នា។ មេដឹកនាំដែលទទួលការទុកចិត្តពីអ្នកដើរតាមពិតប្រាកដ បើទោះបីជាសត្រូវប្រើវិធីបំបែកបំបាក់ ក៏មិនអាចទទួលលទ្ធផលល្អដែរ។ ឧទាហរណ៍. សត្រូវនិយាយកុហកអ្នកដើរតាមថា មេដឹកនាំខ្លួនជាមនុស្សអាក្រក់ តែបើអ្នកដើរតាមទុកចិត្តមេដឹកនាំខ្លាំង គឺមិនជឿដាច់ខាត។ ឬពេលខ្លះ បើទោះបីជាមេដឹកនាំខ្លួនអាក្រក់ពិតមែនក៏ដោយ ក៏អ្នកដើរតាមនៅងប់មិនជឿថា មេដឹកនាំខ្លួនអាក្រក់មែនដែរ។ សត្រូវនិយាយការពិត ក៏មិនជឿ ហើយសត្រូវនិយាយកុហក ក៏មិនជឿ។ នេះជាអំណាចនៃទំនុកចិត្ត។ ឱ្យតែមានកម្លាំងមនុស្សច្រើន ការងារធំតែងតែបានសម្រេច។ នៅក្នុងសង្គមយើង បើនិយាយមេដឹកនាំប្រភេទនេះ ដូចជាមិនសូវមានច្រើនទេ តែសម្បូរតែរឿងជេរ រឿងស្បថ រឿងស្បែរ៕
source: Lam Lim
0 comments:
Post a Comment