
២. មេដឹកនាំត្រូវមានសិល្បៈសម្រេចទស្សនវិស័យ។ ទស្សនវិស័យដែលគ្មានសិល្បៈអនុវត្តន៍ឱ្យជោគជ័យ វានឹងក្លាយទៅជាការស្រមើស្រមៃបែបរវើររវាយ។ ដើម្បីសម្រេចទស្សនវិស័យរួមមួយទៅបាន លុះត្រាណាតែមានការចូលរួមសហប្រតិបត្តិជាមួយគ្នារវាងមេដឹកនាំនិងអ្នកដើរតាម។ ការសហប្រតិបត្តិការ វាតែងធ្វើឱ្យការងារធំៗបានសម្រេចដល់គោលដៅ។ មេដឹកនាំនិងកូនចៅត្រូវមានយុទ្ធសាស្ត្រត្រឹមត្រូវ ធ្វើការប្រកបទៅដោយចិត្តមួយថ្លើមមួយ និងចេះយល់ចិត្តថ្លើមគ្នា ប្រៀបដូចជាកីឡាករបាល់ទាត់ដែលដឹងថាត្រូវបណ្តើរបាល់យ៉ាងដូចម្តេច និងបញ្ចូនបាល់បន្តទៅសហការីយ៉ាងដូចម្តេចទៀត។ តើត្រូវសហប្រតិបត្តិការយ៉ាងដូចម្តេច?
៣. ប្តីប្រពន្ធដែលចេះចាប់ដៃគ្នា មានចិត្តមួយថ្លើមមួយ នឹងធ្វើឱ្យគ្រួសាររីកចម្រើន។ អ្នកចែវទូកដែលចេះសហការគ្នាប្រកបទៅដោយទឹកចិត្តចង់ជោគជ័យ នឹងប្រឹងប្រែងរហូតទទួលបានជោគជ័យ។ ល្ខោនមួយដែលសម្តែងទៅ ធ្វើឱ្យអ្នកមើលចាប់អាម្មរណ៍ច្រើនបំផុត គឺដោយសារតែតួសម្តែងចេះចាប់ដៃគ្នា ចេះសម្តែងក្លែងធ្វើពុតឱ្យសមសាច់រឿង។ នេះមានន័យថាអ្នកខ្លះត្រូវចេះសម្តែងធ្វើតួយក្ស, អ្នកខ្លះត្រូវចេះសម្តែងធ្វើតួស្លួត, អ្នកខ្លះត្រូវចេះសម្តែងធ្វើតួកម្សត់, អ្នកខ្លះត្រូវចេះសម្តែងធ្វើតួអាក្រក់ឬតួចិត្តល្អ...។ល។ ស្របគ្នានេះដែរ មេដឹកនាំនិងកូនចៅត្រូវតែជាមនុស្សដែលយល់ច្បាស់ពីទស្សនវិស័យរួមដែលខ្លួនចង់សម្រេច ហើយបន្ទាប់មកត្រូវចេះចាប់ដៃគ្នា ដើម្បីដោះស្រាយស្ថានការណ៍បន្ទាន់។ តើត្រូវសម្តែងយ៉ាងដូចម្តេច?
៤. ជ័យជម្នះ ពេលខ្លះវាមិនមែនត្រូវតែដើរលើផ្លូវត្រង់ ឬផ្លូវវៀចទេ តែជាផ្លូវដែលត្រូវមើលលើស្ថានភាព និងកាលៈទេសៈបន្ទាន់ជាក់ស្តែង។ បើទោះបីជាដើរលើផ្លូវណា តាមវិធីណាបែបក៏ដោយ ក៏មេដឹកនាំនិងអ្នកដើរតាមត្រូវចេះសហការសម្តែងប្រកបទៅដោយយុទ្ធសាស្រ្តដែរ។ យុទ្ធសាស្រ្ត វាគ្រាន់តែជាបច្ចេកទេសប៉ុណ្ណោះ តែអ្វីដែលសំខាន់គឺការសម្រេចលទ្ធផលជោគជ័យ ដើរទៅដល់គោលដៅនិងទស្សនវិស័យរួម។ នៅក្នុងរឿងសាមកុក មានល្ខោនល្អមើលមួយឈុតដែលសម្តែងដោយទីប្រឹក្សាជូកឺលៀង (Zhuge Liang) និង លីវប៉ី (Liu Bei)។ ជូកឺលៀង បានដឹងមុនថាមេទ័ព គួន អ៊ី (Guan Yu) ដែលធ្លាប់ទទួលគុណពីឆាវឆាវ (Cao Cao) គឺមានចិត្តមិនដាច់សម្លាប់ឆាវឆាវឡើយ។ ហើយម្យ៉ាង បើតាមយុទ្ធស្រ្ត ជូកឺលៀង និងលីវប៉ី ដាច់ខាតមិនត្រូវសម្លាប់ឆាវឆាវទេ ដ្បិតបើឆាវឆាវស្លាប់ក្នុងដៃខ្លួន វាអាចនាំគ្រោះដល់ខ្លួន។ ដើម្បីរំដោះគ្រោះធំនេះ លីវប៉ី និង ជូកឺលៀង បានសហការគ្នាសម្តែងល្ខោនមួយឈុត ក្រោយពេលដែលមេទ័ព គួនអ៊ី មិនបានសម្លាប់ឆាវឆាវ។ បើទោះបីជា លូស៊ូ (Lu Su) មើលល្ខោននេះយល់ ឬមិនយល់ ឬចង់បញ្ឈប់ការសម្តែងល្ខោននេះក៏ដោយ ក៏មិនអាចឈ្នះមនុស្សដែលយល់សាច់ការ ចេះសហការគ្នាសម្តែង ដឹងចិត្តថ្លើមគ្នា មើលធ្លុះសភាពការណ៍មុនដូច ជូកឺលៀង និងលីវប៉ី ដែរ។
៥. យុទ្ធសាស្រ្តនេះ វាជាយុទ្ធសាស្រ្តបែបចិត្តសាស្រ្តដែលបង្ខំឱ្យសត្រូវដើរផ្លូវចុះចាញ់។ ថ្វីត្បិតតែ លូស៊ូ អាចមើលធ្លុះ តែក្នុងល្ខោនដែលមានលក្ខណៈតក្កវិជ្ជាបែបនេះ ឬសមហេតុផលពេក រហូតធ្វើឱ្យសត្រូវត្រូវតែបង្ខំចិត្តចុះចាញ់ទាំងមិនអស់ចិត្ត។ មេដឹកនាំនិងអ្នកដើរតាមត្រូវតែជាមនុស្សដែលចេះគិតពីប្រយោជន៍រួមជាធំ បើទោះបីជាត្រូវលះបង់អ្វីមួយ ក្នុងតម្លៃណាមួយក៏ដោយ។ ការអនុវត្តន៍យុទ្ធសាស្រ្តណាក៏ដោយ វាមិនមានកំហុសទេ តែអ្វីដែលខុសធំបំផុត គឺប្រើយុទ្ធសាស្រ្តដើម្បីច្បាមយកប្រយោជន៍សួនតួ ឬប្រើដើម្បីសម្រេចគោលដៅមិនល្អ។ ជ័យជម្នះរបស់មេដឹកនាំ គឺអាចស្វែងរកមនុស្សខ្លាំងមករួមការងារជាមួយខ្លួនបាន។ មេដឹកនាំឆ្លាត សុខចិត្តរង់ចាំ១០ឆ្នាំ សំខាន់ឱ្យតែបានក្រុមការងារខ្លាំង។ រឿងលំបាកបីយ៉ាងរបស់មេដឹកនាំដែលជោគជ័យគឺ៖ ១. ការកសាងក្រុមការងារ ឬស្វែងរកមនុស្សខ្លាំងមករួមសហការ, ២. ការថែរក្សាក្រុមឱ្យបន្តសហការគ្នា កុំបែកបាក់សាមគ្គី, ៣. ធ្វើឱ្យក្រុមចេះតែខ្លាំងទៅៗ និងពង្រីកខ្លួនឱ្យធំទៅៗ...។ មេដឹកនាំណាក៏ដោយ ឱ្យតែធ្វើរឿងទាំងបីនេះបាន បើទោះបីជាភ្នំរាំងនៅនឹងមុខ ក៏គង់តែត្រូវខ្ទេច ឬគ្មានអ្វីដែលអាចរារាំងកម្លាំងសាមគ្គីរបស់មនុស្សខ្លាំង ដែលបានរួមសហការគ្នាឡើយ៕
_____
រូបភាព៖ ជូកឺលៀងកំពុងតែសម្តែងល្ខោនជាមួយនឹងលីវប៉ី ឱ្យលូស៊ូ មើល។ ឱ្យមានអ្នកសម្តែង គឺត្រូវតែមានអ្នកមើល!
_____
រូបភាព៖ ជូកឺលៀងកំពុងតែសម្តែងល្ខោនជាមួយនឹងលីវប៉ី ឱ្យលូស៊ូ មើល។ ឱ្យមានអ្នកសម្តែង គឺត្រូវតែមានអ្នកមើល!
ប្រភព៖ ឡាំ លីម
0 comments:
Post a Comment