
ស្នេហាគ្មានលក្ខខណ្ឌ តែបើស្រឡាញ់ដោយមានលក្ខខណ្ឌ នោះវាមិនមែនជាស្នេហាទេ។ ស្នេហាដែលមានលក្ខខណ្ឌ គឺជាតណ្ហា។ ស្រឡាញ់ព្រោះអ្វី? ស្រឡាញ់ព្រោះស្អាត?, ស្រឡាញ់ព្រោះឆ្លាត?, ស្រឡាញ់ព្រោះមាន? ចុះបើថ្ងៃណាមួយ យើងក្លាយទៅជាមុខអាក្រក់ ឈប់ស្អាត, យើងក្លាយទៅជាមនុស្សឆ្កួត ឈប់ឆ្លាត, និងក្លាយទៅជាអ្នកក្រ អស់ទ្រព្យ, តើនៅស្រឡាញ់ទៀតទេ? ចម្លើយមានពីរ៖ ទី១ បើនៅតែស្រឡាញ់ គឺមានន័យថាវាជាស្នេហាពិត, ទី២. បើឈប់ស្រឡាញ់ គឺមានន័យថាវាគឺជាស្នេហាក្លែងក្លាយ។ ស្នេហាក្លែងក្លាយ គឺស្មើនឹងសេចក្តីស្រឡាញ់បែបតណ្ហា។ មនុស្សខ្លះលែងស្គាល់អ្វីទៅជាស្នេហា តែបែរជាយល់ស្នេហាត្រឹមតែជាតណ្ហាប៉ុណ្ណោះ។
ស្នេហាល្អទេ តែអ្នកដែលមិនស្គាល់ពីស្នេហា នឹងក្លាយទៅជាមនុស្សឆ្កួតវង្វេង។ មនុស្សដែលមិនស្គាល់ “អ្វីទៅជាស្នេហា” គឺពិបាកនឹងគេចផុតពីការឈឺចាប់ខ្លាំងណាស់។ តើស្នេហា គឺជាអ្វី? ស្នេហា វាគឺជាការលះបង់ខ្លួនយើង ប្រឹងប្រែងធ្វើអ្វីគ្រប់យ៉ាង ដើម្បីផ្តល់សេចក្តីសុខឱ្យដល់មនុស្សដែលយើងស្រឡាញ់។ បើយើងប្រឹងទៅ វាជោគជ័យ យើងនឹងនាំសេចក្តីសុខជូនដល់មនុស្សដែលយើងស្រឡាញ់។ ប៉ុន្តែបើយើងប្រឹងទៅហើយ បែរជាបរាជ័យ គឺយើងត្រូវចេះលះបង់ អង្គុយឱ្យទាប។ លះបង់ គឺមានន័យថាត្រូវអង្គុយឱ្យទាប ដើម្បីឱ្យមនុស្សដែលយើងស្រឡាញ់អាចមើលឃើញមនុស្សល្អជាងយើង។ នេះមានន័យថា “សុភមង្គលរបស់មនុស្សម្នាក់ (មនុស្សដែលយើងស្រឡាញ់) ពិតជាអាចធ្វើឱ្យមនុស្សម្នាក់ទៀតសប្បាយចិត្ត (យើង)។
********************************************
អត្ថបទដកស្រង់ចេញពីសៀវភៅ #ប្រតិទិនទស្សនៈ២២២ថ្ងៃ និពន្ធដោយ ឡាំ លីម។ មានកម្រាស់៣៥៥ទំព័រ ចេញផ្សាយនៅចុងខែកុម្ភៈខាងមុខ។ អាចកក់ទុកបានរហូតដល់ថ្ងៃទី២ ខែកុម្ភៈ ២០១៩ តម្លៃ៤០០០០រៀល សម្រាប់អ្នកកក់ទុកមុន និងតម្លៃ៥០០០០រៀល សម្រាប់អ្នកដែលជាវពីបណ្ណាគារ។
0 comments:
Post a Comment