Search

khmerminds24.blogspot.com ចែករំលែក ចំណេះដឹង ព័ត៌មាន ការកំសាន្ត ការអបរំ ការសិក្សា បច្ចេកកវិទ្យា កសិកម្ម ស្នេហា. ចែករំលែកដល់អ្នករាល់គ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្មានដែនកំណត់។

Saturday, February 2, 2019

តើការស្រឡាញ់បែបណាដែលត្រឹមត្រូវ?

No photo description available.
១. ថ្ងៃមួយនិស្សិតអាហារូបករណ៍ស្រីម្នាក់បាននិយាយមកកាន់ខ្ញុំថា “ខ្ញុំដឹងថាបើគ្មានការអប់រំទេ គឺខ្ញុំនឹងក្លាយជាទាសករនៃពិភពលោកនេះ។ ខ្ញុំនឹងត្រូវធ្វើការងារលំបាកធ្ងន់ៗ មិនចេះហត់នឿយដូចម្ដាយខ្ញុំ។ បើខ្ញុំគ្មានការអប់រំទេ គឺអនាគតកូនរបស់ខ្ញុំ នឹងអាចដើរផ្លូវខុស ក្លាយទៅជាមនុស្សខ្វះសីលធម៌ និងអាចក្លាយជាមនុស្សអាក្រក់ទៀតផង ដោយសារតែខ្ញុំបានក្លាយជាស្រ្តីដែលមិនអាចអប់រំកូនរបស់ខ្លួនបានល្អ”។
២. ក្នុងចក្រវាល ធាតុញីគឺជាធាតុបង្កើតលោក។ នេះបើយោងទៅតាមទ្រឹស្តី ឡៅ ជឺ។ ស្រ្តី គឺជាមាតានៃពិភពលោក ហើយអប់រំស្រ្តី គឺមានន័យអប់រំសហគមន៍ទាំងមូល។ មេដឹកនាំធំៗទាំងអស់សុទ្ធតែកើតចេញពីស្រ្តី។ បើស្រ្តីគ្មានចំណេះដឹងដើម្បីអប់រំកូនទេ គឺគ្មានឡើយមនុស្សល្អ និងគ្មានឡើយមនុស្សខ្លាំង (មនុស្សខ្លាំងទាំងអស់សុទ្ធតែចេញពីស្រ្តីរឹងមាំ ប្រកបទៅដោយការអត់ធ្មត់)។ ការគិតបានវែងឆ្ងាយ កើតចេញពីការចេះអត់ធ្មត់ ហើយសក់វែងរបស់ស្រ្តី គឺមានន័យដល់ការអត់ធ្មត់ដ៏ខ្ពស់បំផុតនិងការគិតវែង។ ទ្រឹស្តីមាតាធិតេយ្យនិយមឬស្រ្តីនិយម (Feminism) អះអាងថា “គ្មានការអភិវឌ្ឍន៍ណា មិនត្រូវការស្រ្តីនោះទេ ពីព្រោះបុរសត្រូវការស្រ្តី គ្រួសារត្រូវការស្រ្តី សហគមន៍ត្រូវការស្រ្តី ហើយអប់រំស្រី្តគឺអប់រំសហគមន៍ទាំងមូល។ គ្មានកន្លែងណាដូចផ្ទះយើង ហើយផ្ទះយើងក៏មិនដូចជាផ្ទះយើង បើសិនជាមិនមានអ្នកម្តាយនិងស្រ្តី។”
៣. មនុស្សប្រុសគឺជាធាតុរឹង ហើយមនុស្សស្រីគឺជាធាតុទន់។ រឹង គឺតែងប្រើខួរក្បាល ហើយទន់គឺតែងប្រើបេះដូងនិងមនោសញ្ចេតនា។ នៅពេលដែលបេះដូងនិងខួរក្បាលបញ្ជូលគ្នាតែមួយ គឺនឹងបង្កើតបានទៅជាអំណាចធំបំផុត (បុគ្គលម្នាក់ដែលអាចប្រើបបេះដូងនិងខួរក្បាលបានស្របគ្នា នឹងបង្កើតបានទៅជាគតិបណ្ឌិតពិតប្រាកដមួយ)។ ក្នុងលទ្ធិព្រាហ្មណ៍ គេប្រៀបធៀបយកកដៃ និងបាតដៃមកផ្គុំចូលគ្នា ហើយបង្កើតបានជាម្រាមដៃទាំងប្រាំ (ហៅថាចំណង ៥ប្រការ)។ ចុងក្រោយ បើយើងជាមនុស្ស ឬជាបុរសដែលស្រឡាញ់សង្គម យើងដាច់ខាតត្រូវតែគោរពស្រឡាញ់មនុស្សស្រី។ តើការស្រឡាញ់បែបណាដែលត្រឹមត្រូវ?
៤. បើយើងជាយុវជន ការស្រឡាញ់ដ៏ត្រឹមត្រូវបំផុត គឺមានន័យថា “បើស្រឡាញ់នាង ត្រូវស្រឡាញ់ការសិក្សាអប់រំរបស់នាងសិន ដោយទុកពេលវេលាឱ្យនាងខិតខំប្រឹងប្រែងរៀនសូត្រ ព្យាយាមលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់នាងគ្រប់ពេលវេលា (ប្រើអារម្មណ៍យល់ចិត្ត ឬពាល់អារម្មណ៍ តែពុំមែនប្រើហេតុផលជាមួយនាងទេ)”។ បើជាឪពុក បើអ្នកស្រឡាញ់កូនប្រុសស្រីរបស់អ្នក គឺដំបូងអ្នកត្រូវស្រឡាញ់ម្តាយរបស់កូនសិន (ស្រឡាញ់ប្រពន្ធឱ្យច្រើន ឬខ្មែរយើងប្រើពាក្យថា “ស្រឡាញ់មេ បំពេរកូន)។ បើអ្នកជាកូនដែលស្រឡាញ់ម្តាយ គឺសូមកុំធ្វើទង្វើណាដែលនាំឱ្យម្តាយពិបាកចិត្ត៕
_________________________________________
អត្ថបទដកស្រង់ចេញពីសៀវភៅ #ប្រតិទិនទស្សនៈ២២២ថ្ងៃ និពន្ធដោយ ឡាំ លីម។ មានកម្រាស់៣៥៥ទំព័រ ចេញផ្សាយនៅចុងខែកុម្ភៈខាងមុខ។ អាចកក់ទុកបានរហូតដល់ថ្ងៃទី២ ខែកុម្ភៈ ២០១៩ តម្លៃ៤០០០០រៀល សម្រាប់អ្នកកក់ទុកមុន និងតម្លៃ៥០០០០រៀល សម្រាប់អ្នកដែលជាវពីបណ្ណាគារ។
កក់ទុកដោយផ្ញើសារលេខទូរស័ព្ទមកកាន់ផេក ឬ Comment លេខនៅខាងក្រោមនេះក៏បាន។ សូមអរគុណ!

0 comments:

Post a Comment