Search

khmerminds24.blogspot.com ចែករំលែក ចំណេះដឹង ព័ត៌មាន ការកំសាន្ត ការអបរំ ការសិក្សា បច្ចេកកវិទ្យា កសិកម្ម ស្នេហា. ចែករំលែកដល់អ្នករាល់គ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្មានដែនកំណត់។

Saturday, February 2, 2019

#សៀវភៅជាមិត្តល្អ?

Image may contain: sky
ខ្ញុំចេះតែឆ្ងល់មនុស្សខ្លះ ទាល់តែពេលជួបទុក្ខ ទើបរត់ទៅរកដំណោះស្រាយ។ ពេលសុខ ចេះតែសប្បាយដាច់បង្ហៀរ តែដល់ពេលទុក្ខវិញ ក៏ប្រឹងរត់យ៉ាងវេទនា។ ពាក្យខ្មែរលោកថា “ការពារប្រសើរជាងព្យាបាល”។ ពេលសុខ ពេលស្រួល តែបែរមិនត្រៀមសម្ភារៈប្រយុទ្ធ ក្រែងលោអាសន្នអន់ក្រមកញាំញីដោយប្រការណាមួយ តែដល់ពេលទុក្ខ ទើបប្រឹង។ អាល់ប៊ឺត អាស្តាញ (Albert Einstein) ដែលជារូបវិទូសតវត្សរ៍ទី២០ និយាយថា “មនុស្សឆ្លាតតែងដោះស្រាយបញ្ហា តែអច្ឆរិយបុគ្គល តែងការពារបញ្ហាកុំឱ្យកើតឡើង”។
សុភាសិតចិនលើកឡើងថា “ពេលក្រ កុំអស់សង្ឃឹម ហើយពេលមាន កុំភ្លើតភ្លើន”។ មនុស្សជាច្រើន មិនមែនស្លាប់ដោយសារតែខ្លួនខ្សោយ ឬមិនមែនខ្លាំងដោយសារតែខ្លួនខ្លាំងទេ។ ប៉ុន្តែ មនុស្សស្លាប់ដោយសារតែបាក់ទឹកចិត្ត បាត់សតិដឹង ភ្លេចទប់ស្មារតីពេលជួបបញ្ហាធំ ហើយមនុស្សខ្លាំង គឺខ្លាំងដោយសារតែមានសតិដឹងជាប់ជានិច្ច។ តើដឹងសតិរបៀបយ៉ាងម៉េច? សតិដឹង គឺដឹងថា “ក្នុងលាភមានគ្រោះ ឬក្នុងគ្រោះមានលាភ”។ គ្មានជ័យជម្នះណាដែលនឹងឋិតថេរទេ ដរាបណាបើយើងភ្លេចខ្លួន។ ខ្មែរយើងមានមេរៀនអំពីរឿង “រៃ និងស្រមោច”។
ខ្ញុំតែងឮពាក្យថា “ចូរប្រើសន្តិភាព ឱ្យមានប្រសិទ្ធភាព”។ ពាក្យនេះ គឺចង់ដាស់តឿនក្រើនរលឹកដល់មនុស្សទាំងឡាយណាដែលមានស្ថានភាពល្អ ឱ្យចេះប្រើប្រាស់ពេលវេលាល្អ មកបង្កើតប្រយោជន៍ដល់ខ្លួនឯងនិងត្រៀមខ្លួន ដ្បិតអនាគតយើងមិនអាចដឹងថា “តើមានរឿងហេតុអាក្រក់អ្វីកើតឡើងដោយយថាហេតុណាមួយឡើយ”។ ចំពោះការរៀន ការសិក្សា ឬការអានសៀវភៅក៏ដូចគ្នាដែរ។ អ្នកខ្លះនិយាយថា “សៀវភៅ គឺជាមិត្ត” តែខ្ញុំយល់ថា “សៀវភៅខ្លះកំដរអ្នកខ្លះ បានត្រឹមតែពេលកើតទុក្ខប៉ុណ្ណោះ តែដល់ពេលសុខស្រួល ក៏ចិត្តដាច់បោះបង់សៀវភៅចោល”។
មិត្តល្អ កំដរគ្នាដល់ថ្ងៃស្លាប់។ បើស្រឡាញ់ខ្លួនឯង យើងគួរតែទម្លាប់ចាប់កាន់សៀវភៅអានជាដរាប ដោយកុំយកមកអានម្តងម្កាលពេលខ្លួនឯកោ។ សៀវភៅ ផ្តល់ចំណេះដឹងច្រើនដល់មនុស្ស។ ចំណេះដឹងច្រើន បញ្ហាជីវិតមិនសូវមានទេ តែបើចំណេះដឹងតិចវិញ បញ្ហាជីវិតវានឹងកើនឡើងច្រើនសម្បើមណាស់។ ចូរយើងប្រឹងអាន ដើម្បីទុកចំណេះដឹងដោះស្រាយបញ្ហាពេលអាសន្ន តែកុំដល់បញ្ហាកើតឡើងហើយ រត់ទៅរកសៀវភៅមកអានឱ្យសោះ។ ពេលខ្លះ រត់មិនទាន់ដល់កន្លែងរក្សាទុកដំណោះស្រាយផង ក៏អាចដាច់ខ្យល់ស្លាប់ ក៏មានដែរ។ ខ្ញុំហ៊ានធានាថា ចំណេះដឹង វានឹងធ្វើឱ្យយើងចេះរស់នៅ។ ពេលដល់ដំណាក់កាលដែលយើងចេះរស់នៅពិតប្រាកដហើយ ចំណេះដឹងវានឹងក្លាយទៅជាសំរាម។ ខ្ញុំនិយាយថា “ចំណេះដឹងជាសំរាម” ដ្បិតពេលណាមួយ យើងបានជ្រាបពីចំណេះដឹងខាងចិត្តវិញ្ញាណស៊ីជម្រៅ យើងនឹងទទួលស្គាល់ថា សេចក្តីសុខគឺនៅនឹងចិត្ត តែមិនមែននៅនឹងក្បាលដែលមានទិន្នន័យច្រើនហូរហៀរទេ។
___________________________________
អត្ថបទនេះដកស្រង់ចេញពីសៀវភៅ #ប្រតិទិនទស្សនៈ២២២ថ្ងៃ និពន្ធដោយ ឡាំ លីម (Lam Lim) ម្ចាស់ស្នាដៃ #ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ។ សៀវភៅនេះនឹងចេញផ្សាយនៅចុងខែកុម្ភៈខាងមុខ។ មិត្តអ្នកអាននៅតែអាចធ្វើការកក់ទុកបានរហូតដល់ថ្ងៃទី២ ខែកុម្ភៈ ២០១៩។
តម្លៃចំពោះអ្នកកក់ទុក ៤០០០០រៀល (១០ដុល្លារ) ដោយឡែកតម្លៃពេញគឺ ៥០០០០រៀល ឬ(១២.៥ដុល្លារ)។
សៀវភៅនេះបោះពុម្ពលើកទី១ចំនួន២០០០ច្បាប់ ជាក្របរឺង (hard cover) មានកម្រាស់ ៣៥៥ទំព័រ។
សូមកក់ទុកដោយផ្ញើសារលេខទូរស័ព្ទមកកាន់ផេក ឬ Comment លេខទូរស័ព្ទនៅខាងក្រោមផ្ទាល់។ សូមអរគុណ!

0 comments:

Post a Comment