Search

khmerminds24.blogspot.com ចែករំលែក ចំណេះដឹង ព័ត៌មាន ការកំសាន្ត ការអបរំ ការសិក្សា បច្ចេកកវិទ្យា កសិកម្ម ស្នេហា. ចែករំលែកដល់អ្នករាល់គ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្មានដែនកំណត់។

Monday, January 28, 2019

#ទ័ពនិងជាតិ

Image may contain: one or more people, text and outdoor
១. ឃើញរូបនេះ ធ្វើឱ្យខ្ញុំនឹកឃើញចម្រៀងខ្មែរជំនាន់ចាស់មួយបទ ដែលមានចំណងជើងថា “កំពូលភ្នំស្រួច”។ ទំនុកដំបូងបន្ទរថា “មើលឃើញស្រុកខ្មែរ ពីកំពូលភ្នំ ឃើញហើយមិនយំ ស្ទើរស្រក់ទឹកភ្នែក […] ពេលនេះម៉ែបែក ទៅណាបាត់ហើយ […]។ ពាក្យថា “ម៉ែ” គឺសំដៅដល់ជាតិ [ម៉ែតូច ជាម្តាយបង្កើត រីម៉ែធំបំផុត គឺជាតិ]។ ខ្ញុំចាំសម្តីរបស់អ្នកនិពន្ធកំណែទម្រង់សង្គមជាតិអាមេរិក ហ្វ្រីឌិច ឌូក្លាស (Frederick Douglass) និយាយថា “ជាតិស្លាប់ឬរស់ ព្រោះតែភាពស្មោះស្មគ្រ [ប្រជាជនស្មោះនឹងជាតិជាងនរណាៗទាំងអស់] សច្ចធម៌ [ប្រជាជនស្គាល់សច្ចភាព/ពិតឬក្លែងក្លាយ] និងគុណធម៌ [ដឹងគុណជាតិជាងនរណាៗទាំងអស់]”។ ស្រដៀងនឹងសម្តីបរមគ្រូ ខុង ជឺ ដែលពោលថា “កម្លាំងជាតិ វាកើតឡើងចេញពីសុចរិតភាពរបស់ប្រជាជន”។
២. ខ្លឹមសារទាំងនេះមានន័យថា ម៉ែធំ (ជាតិ) ធំជាងមេដឹកនាំ ដ្បិតស្របគ្នានឹងគំនិតទស្សនវិទូមួយដែលនិយាយថា “រវាងមេដឹកនាំនិងជាតិ តើត្រូវស្មោះស្មគ្រមួយណា? ស្មោះនឹងជាតិ លះបង់ដើម្បីជាតិ”។ ក្នុងទ្រឹស្តីទំនាក់ទំនងអន្តរជាតិថា “សង្គ្រាម វាជាធម្មជាតិ តែសន្តិភាព គឺមនុស្សជាអ្នករៀបចំ”។ នៅពេលសន្តិភាព កូនដុតសាកសពឪ តែនៅពេលសង្គ្រាម ឪជាអ្នកដុតសាកសពកូន។ ទស្សនវិទូក្រិច ប្លាតុង (Plato) ធ្លាប់និយាយថា “មានតែអ្នកដែលស្លាប់ក្នុងសមរភូមិប្រយុទ្ធប៉ុណ្ណោះ ដែលអាចមើលឃើញសង្គ្រាមត្រូវបានបញ្ចប់”។ រូបវិទូស.វទី២០ អាល់ប៊ឺត អាញស្តាញ ធ្លាប់ពោលថា “សង្គ្រាមចប់ តែគ្មានសន្តិភាព”។ តើអ្វីទៅជាសន្តិភាពពិតប្រាកដ?
៣. នៅលើផែនដីនេះ មានសង្គ្រាម៣ប្រភេទសំខាន់ៗរួមមាន៖ ១. សង្គ្រាមក្នុងខ្លួន, ២. សង្គ្រាមផ្ទៃក្នុងសង្គម, សង្គ្រាមពិភពលោកទាំងមូល។ ខ្ញុំសូមបកស្រាយក្នុងន័យសាសនាទាំងស្រុងថា “មនុស្សកំសាក ច្បាំងចាញ់ខ្លួនឯង។ មនុស្សវង្វេង បែកកម្មដ្ឋាន។ ឱ្យតែចាញ់ខ្លួនឯង សង្គ្រាមគ្រប់ប្រភេទនឹងផ្ទុះឡើង”។ សូក្រាតនិយាយពាក្យប៉ុន្មានឃ្លាយ៉ាងខ្លីថា “Know thyself ឬ ស្គាល់ខ្លួនឯង” ដែលមានន័យថាមនុស្សដែលមិនស្គាល់ខ្លួនឯង តែងតែវង្វេង។ សង្គ្រាមក្នុងសង្គម និងសង្គ្រាមពិភពលោកសុទ្ធតែមានដើមហេតុចេញពីមនុស្សជាតិទាំងអស់។ ក្រៅពីសាសនាព្រះពុទ្ធ មានសាសនាស្ទើរតែទាំងអស់ក្នុងពិភពលោកសុទ្ធតែបានចូលរួមគាំទ្រសង្គ្រាម។ មេទ័ពខ្លះអធិដ្ឋានទៅព្រះជាម្ចាស់ មុនចេញច្បាំង, សាសនាខ្លះធ្វើពិធីទេវរាជ មុនចេញច្បាំង។ល៕
“The life of the nation is secure only while the nation is honest, truthful, virtuous” – Frederick Douglass
ប្រភពៈឡាំ លីម

0 comments:

Post a Comment