Search

khmerminds24.blogspot.com ចែករំលែក ចំណេះដឹង ព័ត៌មាន ការកំសាន្ត ការអបរំ ការសិក្សា បច្ចេកកវិទ្យា កសិកម្ម ស្នេហា. ចែករំលែកដល់អ្នករាល់គ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្មានដែនកំណត់។

Saturday, August 4, 2018

ចង្កិះ​មួយបាច់គេកាច់មិនបាក់ «ចិត្តរួបរួម»

១. មិនថានៅក្នុងគម្ពីរបញ្ចតន្រ្តៈ (Panchatantra) របស់ឥណ្ឌា និងគម្ពីរអេស៊ិបរបស់ក្រិច (Aesop's Fables) សុទ្ធតែបានលើកឡើងយ៉ាងច្បាស់ថា “រួបរួមរស់ បែកបាក់ស្លាប់ ឬសាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់”។ គិតពីសាមគ្គីបាន តែនិយាយពីសាមគ្គីពិបាក។ និយាយពីសាមគ្គីស្រួល តែធ្វើឱ្យសាមគ្គីកើតឡើងពិបាក។
២. ខ្ញុំសូមជូនឃ្លាមួយគឺ “បើមនុស្សធម្មតាគ្រប់គ្នាអាចធ្វើរឿងអស្ចារ្យបាន ម៉្លោះមនុស្សធម្មតាគ្រប់គ្នា គង់នឹងក្លាយទៅជាមនុស្សអស្ចារ្យទូទាំងផែនដីអស់ទៅហើយ”។ សាមគ្គីធម៌នេះ មិនមែនមនុស្សធម្មតាអាចយល់បាន ធ្វើបានងាយ ឬសម្រេចបានដោយស្រួលឡើយ។ ការបង្កើតសាមគ្គីធម៌ក្នុសង្គមបែកបាក់ គឺត្រូវមានឧបាយបង្កើត មានទស្សនវិស័យវែងឆ្ងាយ មានខែលអត់ធ្មត់ជារបងការពារ និងមានធម៌អធ្យាស្រ័យជាអាវុធ។
៣. តើត្រូវកសាងវប្បធម៌សាមគ្គីយ៉ាងដូចម្តេច? ទ្រឹស្តីពុទ្ធនិយាយលើកឡើងថា “ការសាមក្គីគ្នាតែងនាំមកនូវសុខសុភមង្គល។ ការបំបែកសាមគ្គី ជាទុក្ខធំបំផុត។ ការញុះញង់បំបែកបំបាក់សាមគ្គី ត្រូវទទួលទោសកំហុសយ៉ាងធ្ងន់”។ អតីតប្រធាធិបតីអាមេរិក អាប្រាហាម លីនខុល (Abraham Lincoln) ពោលថា “ប្រសិនបើខ្ញុំពុំចូលចិត្តនរណាម្នាក់ទេ ខ្ញុំនឹងរកឱកាសទៅកៀកខ្លួនអ្នកនោះ ដើម្បីឱ្យខ្ញុំស្គាល់គាត់កាន់តែច្បាស់ជាងនេះ”។ មនុស្សឈ្លោះគ្នា ពីព្រោះតែមិនសូវស្គាល់គ្នាច្បាស់។ មនុស្សមិនសូវស្គាល់គ្នាច្បាស់ ដោយសារតែរបៀបទំនាក់ទំនងរវាងគ្នានឹងគ្នាខ្សោយ (Communication)។ ទំនាក់ទំនងខ្សោយ ធ្វើឱ្យមានការយល់ច្រឡំនិងយល់ខុសចំពោះគ្នាច្រើន (Mis-understadning)។ វិនច្ឆ័យអាក្រក់ពីគ្នាទៅវិញទៅមក ដោយឥតមានមូលដ្ឋានពិតច្បាស់លាស់។
៤. លីនខុលនិយាយទៀតថា “ដើម្បីកម្ទេចសត្រូវរបស់ខ្ញុំ គឺខ្ញុំត្រូវទាញគាត់ឱ្យធ្វើជាមិត្តភក្តិរបស់ខ្ញុំ”។ ធ្វើដំណើរផ្លូវឆ្ងាយ តែពុំថយក្រោយ។ ធ្វើដំណើរហត់ តែពុំព្រមឈប់។ យុវជនដែលយល់ ត្រូវដឹងច្បាស់ថា “មនុស្សដែលតាំងចិត្តធ្វើដំណើរ មិនខ្លាចនឿយហត់។ មនុស្សដែលដើរហត់ តែមិនព្រមឈប់។ ដើរកាត់ផ្នូរខ្មោច តែមានភាពក្លាហាន។ មនុស្សធ្វើការតូច តែងឆេវឆាវជ្រុលនិយម តែមនុស្សធ្វើការធំអត់ធ្មត់នឹងន។ យុវជនចិត្តចង្អៀតធ្វើការងារបានតូច តែយុវជនចិត្តទូលាយ ធ្វើការងារបានធំ។ ចិត្តកាន់តែចង្អៀត តម្លៃខ្លួនកាន់តែទាប។
*តើអ្នកណាជាអ្នកញុះញង់បំបែកបំបាក់សាមគ្គីសង្គម? ខ្ញុំចាត់ទុកមនុស្សពីរប្រភេទដែលញុះញង់បំបែកសាមគ្គី៖ ទី១គឺ “មនុស្សដែលចូកមិនចូក ចែវមិនចែវ បែរជាយកជើងរាទឹក” និងទី២គឺ “មនុស្សស៊ីនឹងអ្នកណា យកអាសារអ្នកនោះ”៕
_______
ប្រភពអត្ថបទ៖ ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ

0 comments:

Post a Comment