Search

khmerminds24.blogspot.com ចែករំលែក ចំណេះដឹង ព័ត៌មាន ការកំសាន្ត ការអបរំ ការសិក្សា បច្ចេកកវិទ្យា កសិកម្ម ស្នេហា. ចែករំលែកដល់អ្នករាល់គ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្មានដែនកំណត់។

Sunday, August 5, 2018

អ្នកណានិយាយបានមុនគឺជាអ្នកឈ្នះ

០. “នៅពេលដែលយុវជនខ្វះជំនាញក្នុងការគិតវែកញែក ឬខ្វះការត្រិះរិះពិចារណាស៊ីជម្រៅ គឺជាឱកាសល្អរបស់អ្នកនយោបាយបោកប្រាស់”។
១. ខ្ញុំនឹកឃើញដល់ពាក្យខ្មែរមួយដែលថា “ឧកញ៉ាស្នេហាមេក្រូ”។ ឃ្លានេះគឺមានន័យដល់ប្រភេទបុគ្គលដែលឈ្លក់នឹងទឹកមាត់ខ្លួនឯង ហើយប្រើប្រាស់អំណាចនៃសម្តីលួងលោមបញ្ចុះបញ្ចូលមនុស្សដោយប្រើប្រាស់នូវអាគមសណ្តំចិត្ត (សណ្តំតាមរយៈហេតុផល និងប្រើវិជ្ជាតក្តៈ)។ នៅក្នុងសង្គមមួយដែលមានយុវជនខ្វះចំណេះដឹងទស្សនវិជ្ជា ខ្វះចំណេះដឹងក្នុងការពិចារណាស៊ីជម្រៅ និងខ្វះមូលដ្ឋានពិចារណា គឺមេដឹកនាំណាដែលមានឱកាសនិយាយពន្យល់បានមុន គឺជាអ្នកឈ្នះ។ នេះហៅថាអំណាចនៃក្បាលមេក្រូ។
២. ខ្ញុំមានឧទាហរណ៍សិប្បនិមិត្តមួយ។ និស្សិតនីតិសាស្រ្តក្នុងថ្នាក់រៀនមួយបានរៀនមុខវិជ្ជាពីរពីសាស្រ្តចារ្យពីររូប។ សាស្រ្តាចារ្យទី១ គឺជាអ្នកមានទំនោរខាងបក្សកាន់អំណាច។ សាស្រ្តចារ្យទី២ គឺជាអ្នកមានទំនោរខាងបក្សប្រឆាំង។ សាស្រ្តាចារ្យដែលមានទំនោរបក្សកាន់អំណាច តែងតែប្រើអំណាចនៃក្បាលមេក្រូដើម្បីពន្យល់សិស្ស និងជួយនិយាយល្អពីបក្សកាន់អំណាច។ និស្សិតទាំងអស់នាំគ្នាបើកភ្នែកធំៗដោយពោលពាក្យថា “លោកគ្រូមានប្រសាសន៍ត្រឹមត្រូវណាស់។ ខ្ញុំឈប់ចាញ់បោកការឃោសនារបស់បក្សប្រឆាំងហើយ”។ ក្រោយមក ថ្ងៃថ្មីមួយទៀត សាស្រ្តចារ្យដែលមានទំនោរខាងបក្សប្រឆាំង ក៏ប្រើអំណាចនៃក្បាលមេក្រូដើម្បីពន្យល់សិស្ស និងជួយនិយាយល្អពីបក្សប្រឆាំង។ និស្សិតទាំងអស់នាំគ្នាបើកភ្នែកធំៗដោយពោលពាក្យថា “លោកគ្រូមានប្រសាសន៍ត្រឹមត្រូវណាស់។ ខ្ញុំឈប់ចាញ់បោកការឃោសនារបស់បក្សកាន់អំណាចទៀតហើយ”។ តើឯណាខុសនិងត្រូវ? តើឯណាពិត និងក្លែងក្លាយ?
៣. នេះហើយដែលហៅថា “នរណានិយាយបានមុន អ្នកនោះគឺជាអ្នកឈ្នះ”។ ខ្ញុំបានអានសៀវភៅស្តីពី “អំណាចនៃតក្តវិជ្ជា”។ វាបានធ្វើឱ្យខ្ញុំដឹងថាមនុស្សឆោតជាច្រើនតែងតែចាញ់បោកហេតុផល។ បើមិនចេះគិតទេ គឺក្នុងកាលៈទេសៈនេះ ពិតនិងក្លែងក្លាយ គឺពិបាកញែកខ្លាំងណាស់។ មនុស្សល្អ ដូចមនុស្សអាក្រក់ ហើយអាក្រក់ដូចល្អ គឺមើលនឹងភ្នែក ឬស្តាប់នឹងត្រចៀកមិនដឹងទេ។ នេះជាបញ្ហាដែលយុវជនត្រូវគិតឡើងវិញ ហើយកុំឈ្លក់។ ក្នុងរឿងនយោបាយ យើងជាយុវជន កុំចេះតែជឿដោយសារតែបុគ្គលនោះជាចាស់ ឬជាបណ្ឌិត តែជាដំបូងត្រូវមើលទំនោរសិន។
៤. ព្រះពុទ្ធបានសម្តែងពីគម្ពីរកាឡាមសូត្រនៅស្រុកកាឡាម ដែលនិយាយអំពីជំនឿដែលពុំគួរជឿទាំង១០។ មនុស្សចេះដល់កម្រិតណាក៏ដោយ ឱ្យតែឈានដល់ “ជឿ” គឺក្លាយទៅជាល្ងង់ងាប់គំនិតភ្លាម។ បុគ្គលដែលបន្តសួរនិងបន្តឆ្ងល់ គឺជាមនុស្សរស់នៅបានយូរ។ សូម្បីតែគំនិតទស្សនវិទូខ្លះក៏បានស្លាប់បាត់ទៅហើយ។ នេះដោយសារតែឆ្ងល់តិចពេក។ អស់ឆ្ងល់ អស់ឆ្លាត។ យុវជនឆ្លាតធ្វើឱ្យសង្គមរីកចម្រើន តែយុវជនឆោតគឺជាឧបករណ៍នយោបាយ។ យុវជនឆ្លាតជាញញួរសម្រាប់ដំតម្រង់អ្នកនយោបាយ តែយុវជនឆោតជាដែកគោលសម្រាប់ឱ្យអ្នកនយោបាយដំតាមចិត្ត៕
------------------------
ប្រភព៖ ឡាំ លីម

0 comments:

Post a Comment