Search

khmerminds24.blogspot.com ចែករំលែក ចំណេះដឹង ព័ត៌មាន ការកំសាន្ត ការអបរំ ការសិក្សា បច្ចេកកវិទ្យា កសិកម្ម ស្នេហា. ចែករំលែកដល់អ្នករាល់គ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្មានដែនកំណត់។

Wednesday, August 8, 2018

“ការអាន ត្រូវតិចជាងការសមាធិ” សមាធិមានន័យថា “គិត”


គ្រូសមាធិឥណ្ឌាក្នុងយុគទំនើប និយាយថា “អានតិច តែត្រូវសមាធិឱ្យបានច្រើន ហើយនិងត្រូវសញ្ជឹងគិតដល់ព្រះជាម្ចាស់គ្រប់ពេលវេលា”។

១. ឃ្លាខាងលើគឺចង់មានន័យថា “ការអាន ត្រូវតិចជាងការសមាធិ”។ សមាធិមានន័យថា “គិត” ពីរចនាសម្ព័ន្ធចិត្តនិងកាយក្នុងខ្លួន ដោយស្វែងយល់ពីស្ថានភាពដោយឡែកក្នុងខ្លួន និងទំនាក់ទំនងរវាងអត្ថិភាពរបស់ខ្លួននិងធម្មជាតិក្នុងចក្រវាល។ “គិតដល់ព្រះជាម្ចាស់គ្រប់ពេលវេលា” គឺមានន័យថាត្រូវមានសតិដឹងខ្លួនជានិច្ច ពីព្រោះព្រះជាម្ចាស់គឺស្ថិតនៅក្នុងខ្លួនមនុស្ស។ ឧ. បើខឹង ត្រូវដឹងថាខឹង។ បើសប្បាយ ត្រឹមតែដឹងថាសប្បាយ។ បើទុក្ខ ត្រឹមដឹងថាទុក្ខ។ សតិដឹងបែបនេះ វាធ្វើឱ្យគ្មានការសោយអារម្មណ៍។ នៅពេលដែលគ្មានការសោយអារម្មណ៍ ចិត្តនេះឈានដល់កម្រិតចិត្តសន្តិភាព ឬនិព្វានក្នុងខ្លួនមនុស្ស ឬមានថាមពលពាល់ត្រូវធាតុព្រះក្នុងខ្លួន។ គិតដល់ព្រះ គឺគិតពីព្រះរហូតស្គាល់ព្រះ ឬគិតពីខ្លួនឯងរហូតដល់ស្គាល់ខ្លួនឯពិតប្រាកដ។

២. ការអានសៀវភៅបានច្រើន គឺល្អបានត្រឹមតែពាក់កណ្តាលប៉ុនណោះ។ ពាក់កណ្តាលទៀតនៃភាពល្អអំពីការអាន គឺត្រូវប្រើការគិតឱ្យបានច្រើន។ លើសពីល្អ គឺត្រូវអានត្រូវសៀវភៅល្អ ពីព្រោះមិនមែនឱ្យតែសៀវភៅ សុទ្ធតែល្អទាំងអស់នោះទេ។ សៀវភៅល្អព្យាបាលសង្គម តែសៀវភៅអាក្រក់គឺបំពុលសង្គម។ នេះជាបញ្ហាកខ្វល់ដែលអ្នកសរសេរនិងអ្នកនិពន្ធ ត្រូវគិតគូរប្រុងប្រយ័ត្នចំពោះសំនេររបស់ខ្លួន។ អក្សរមួយឃ្លា និងសម្តីមួយម៉ាត់ គឺជាអ្នកឆ្លាក់ខួរក្បាលមនុស្ស។ តើអ្វីទៅជាសៀវភៅល្អ?

៣. គំនិតអ្នកអានដែលគិតបានត្រឹមតែ ០ដឺក្រេ គឺឱ្យតែសៀវភៅគឺល្អទាំងអស់។ គំនិតអ្នកអានដែលគិតបានត្រឹមតែ ១៨០ដឺក្រេ ឱ្យតែបានអាន គឺសុទ្ធតែល្អទាំងអស់។ គំនិតអ្នកអានដែលគិតបាន ៣៦០ដឺក្រេ គឺត្រូវតែអានសៀវភៅ អានសៀវភៅដែលល្អ ហើយចេះបន្សុទ្ធចំណេះដឹងចេញពីសៀវភៅ។ ការបន្សុទ្ធចំណេះដឹង គឺអ្នកអានត្រូវសិក្សាស្វែងយល់ពីបរិបទសង្គម ប្រវត្តិសាស្រ្តសង្គម ស្ថានភាពចិត្តសាស្រ្ត ស្ថានភាពសង្គមវិជ្ជា វប្បធម៌សង្គម និងស្វែងយល់ពីប្រវត្តិអ្នកនិពន្ធ។ វិធីនេះ គឺជាវិធី “Reading Smart” តែពុំមែនជាវិធី “Reading Hard” ទេ។ អ្នកចេះអានពិតប្រាកដ គឺជាមនុស្សជោគជ័យពិតប្រាកដ។

៤. ល្បាយ ៤យ៉ាងដើម្បីរស់នៅក្នុងភាពជាមនុស្សពេញលេញ (Whole person)៖ ១. រូបរាងកាយមានសុខភាពល្អ - Body (ត្រូវការការហាត់ប្រាណជាប្រចាំ - to live)។ ២. ខួរក្បាលមានទស្សនវិស័យ - Mind (ត្រូវការការសិក្សាជាប្រចាំ - to learn)។ ៣. បេះដូងត្រូវមានចំណង់វិជ្ជមាន - Heart (ត្រូវការបំពេញដោយសេចក្តីស្រឡាញ់បរិសុទ្ធ - to love)។ ៤. ចិត្តវិញ្ញាណត្រូវបន្សល់ទុកនូវស្នាដៃសម្រាប់មនុស្សជំនាន់ក្រោយ - Spirit (ត្រូវការមានសម្បជញ្ញៈ ឬសតិដឹង និងប្រឹងសាងសេចក្តីល្អ - to leave a legacy)។

៥. ថ្វីត្បិតតែជោគជ័យមិនមែនមាននិយមន័យដូចគ្នាតែមួយ តែជោគជ័យដែលពិតប្រាកដបំផុត នៅជីវិតចុងក្រោយបំផុតគឺ៖ ១. រាងកាយស្លាប់តាមធម្មជាតិ។ ២. ខួរក្បាលមានចំណេះដឹងត្រឹមត្រូវ (មិនមែនជាចំណេះដឹងបែបសម្រាម)។ ៣. បេះដូងពេញដោយសេចក្តីស្រឡាញ់។ ៤. បន្សល់ទុកកេរ្តិ៍ឈ្មោះល្អ និងកេរ្តរ៍មរតកសម្រាប់មនុស្សជំនាន់ក្រោយ។ ក្នុងចំណោមមេដឹកនាំដែលខ្ញុំស្គាល់ទាំងអស់ ខ្ញុំបានឃើញ លី ក្វាន់យូ គឺជាមនុស្សដែលស្ទើរតែក្លាយទៅជាបុគ្គលពេញលេញបំផុត។ ពេញលេញដោយសារទី១ រស់បាន ៩១ឆ្នាំ។ ទី២ ខួរក្បាលពេញដោយចំណេះដឹងត្រឹមត្រូវ។ ទី៣ បេះដូងហូរហៀរដោយក្តីស្រឡាញ់ចំពោះមនុស្ស។ ទី៤ បានបន្សល់ស្នាដៃជាច្រើនសម្រាប់ប្រជាជនខ្លួន៕

“Read a little. Meditate more. Think of God all the time.” - Paramahansa Yogananda

________
៤) 8th Habit: From Effectiveness to Greatness, by Stephen R. Covey

ប្រភព ៖ឡាំ លីម

0 comments:

Post a Comment