Search

khmerminds24.blogspot.com ចែករំលែក ចំណេះដឹង ព័ត៌មាន ការកំសាន្ត ការអបរំ ការសិក្សា បច្ចេកកវិទ្យា កសិកម្ម ស្នេហា. ចែករំលែកដល់អ្នករាល់គ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្មានដែនកំណត់។

Wednesday, August 8, 2018

ខុងជឺ និយាយថា “ចិត្តអំណត់ គឺជាអំណាច”


១. ការលើកលែងចំពោះមនុស្សដែលពុំគួរលើកលែង គឺជាសេចក្តីមេត្តាមួយ។ ការអត់ធ្មត់ចំពោះរឿងដែលពុំគួរអត់ធ្មត់ គឺជារឿងដ៏ឈឺចាប់ខ្លោចផ្សាបំផុតមួយ។ ប៉ុន្តែ មានរឿងដែលឈឺចាប់ជាងនេះ គឺពេលយើងធ្លាក់ខ្លួន កុំថាឡើយមានបុគ្គលចិត្តល្អណាម្នាក់មកជួយលើកទឹកចិត្តយើងដោយស្មគ្រចិត្ត តែបែរជាមានតែអ្នកមកជាន់ពន្លិចយើងថែមទៅវិញ។ 

២. មេដឹកនាំផ្តាច់ការអ៊ីត្លែរនិយាយពុំខុសទេដែលថា “ពិភពលោកទាំងមូល ពុំអភ័យលើកលែងទោសដល់អ្នកទន់ខ្សោយឡើយ”។ ខ្មែរយើងនិយាយថា “ចុះទឹកក្រពើ ឡើងលើខ្លា ចូលព្រៃបន្លារ ចូលផ្សារប៉ូលីស”។ រឿងអាក្រក់កើតឡើងផ្ទួនៗគ្នា។ បើទោះបីជាយ៉ាងណាក៏ដោយ ក៏យើងអាចឈ្នះបាន គឺឈ្នះដោយអំណាចនៃការចេះទ្រាំអត់ធ្មត់។ ខុងជឺ និយាយថា “ចិត្តអំណត់ គឺជាអំណាច”។ ការអត់ធ្មត់ វាជារឿងដ៏ជូចត់បំផុត តែផ្លែផ្កានៃសេចក្តីអត់ធ្មត់ គឺមានរសជាតិផ្អែម។ ប្រវត្តិសាស្រ្តបានបង្ហាញថា “រឿងដែលអស្ចារ្យទាំងអស់ គឺជាផលិតផលនៃការអត់ធ្មត់ ខាំមាត់សង្កត់ចិត្ត និងតស៊ូយ៉ាងខ្លាំង”។

៣. ចូរយើងធ្វើជាមនុស្សដែលខ្លាំង។ មនុស្សពីរនាក់មានសមត្ថភាពដូចគ្នា តែបើអ្នកណាពូកែអត់ធ្មត់ខ្លាំងជាងតែម្យ៉ាង គឺនឹងឈ្នះគ្រប់យ៉ាង។ ទស្សនវិទូ អែម៉ាយូអែល ខាន (Immanuel Kant) និយាយថា “ចិត្តអំណត់ គឺជាកម្លាំងរបស់អ្នកខ្សោយ ហើយចិត្តឆេវឆាវ គឺជាកម្សោយរបស់អ្នកខ្លាំង”។ មនុស្សខ្លាំង ត្រូវចេះតស៊ូនឹងភាពលំបាក បើទោះបីជាស្អែកត្រូវស្លាប់ ឬបើទោះបីជាមួយម៉ោងទៀតត្រូវស្លាប់ ក៏ត្រូវតែអត់ទ្រាំខាំមាត់សង្កត់ចិត្តតស៊ូរហូតដល់ដំណក់ឈាមចុងក្រោយដែរ។

៤. រឿងមួយទៀត គឺរឿងច្បាប់សកល។ មនុស្សយើង ពុំគួរមានចិត្តឆេវឆាវខុសក្បួនដោយងងឹតងងុលឡើយ។ ក្នុងទ្រឹស្តីច្បាប់នៃការដាំដុះនិងពេលវេលាប្រមូលផល (Seedtime and Harvest) បានបង្ហាញយ៉ាងថា “គ្រប់យ៉ាងត្រូវការពេលវេលាជាក់លាក់មួយ ដោយពុំអាចបង្ខំបានឡើយ”។ មនុស្សយើងអាចប្រឆាំងនឹងព្រេងវាសនាបាន តែពុំអាចប្រឆាំងនឹងច្បាប់នៃពេលវេលាបានឡើយ។ ឧ. ដើមស្វាយដែលអាចចេញជាផ្លែផ្កា ត្រូវការពេល ៥ឆ្នាំ ហើយបើយើងដាំថ្ងៃនេះ ដោយចង់ប្រមូលផលនៅថ្ងៃស្អែក គឺពុំបានឡើយ។ រឿងរៀនសូត្រ ក៏ដូចគ្នាដែរ គឺ “តក់ៗ ពេញបំពង់ សង្សឹមៗ កុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា”៕

“Patience is the strength of the weak, impatience is the weakness of the strong.” – Immanuel Kant
ប្រភព៖ ឡាំ លីម

0 comments:

Post a Comment