Search

khmerminds24.blogspot.com ចែករំលែក ចំណេះដឹង ព័ត៌មាន ការកំសាន្ត ការអបរំ ការសិក្សា បច្ចេកកវិទ្យា កសិកម្ម ស្នេហា. ចែករំលែកដល់អ្នករាល់គ្នា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្មានដែនកំណត់។

Thursday, August 9, 2018

ស៊ី ជិនពីង លើកឡើងថា “រដ្ឋណាដែលខ្សោយ គង់ពុំមានទំនាក់ទំនងអន្តរជាតិខ្លាំងបានឡើយ


១. ស៊ី ជិនពីង លើកឡើងថា “រដ្ឋណាដែលខ្សោយ គង់ពុំមានទំនាក់ទំនងអន្តរជាតិខ្លាំងបានឡើយ”។

២. មនុស្សអន់ គង់ត្រូវគេមើលងាយ។ អ្នកក្រ គង់ត្រូវគេជិះជាន់។ មនុស្សល្ងង់ គង់ត្រូវគេប្រមាថ។ ក្នុងច្បាប់ធម្មជាតិ “បើសភាវៈខ្សោយមានច្រើន គង់ឈ្នះសភាវៈខ្លាំងដែលមានតិច។ បើសភាវៈអាក្រក់មានច្រើន គង់ឈ្នះសភាវៈល្អដែលមានតិច។”ដូច្នេះ ចូរយើងពុំគួរឆ្ងល់ថា ហេតុអ្វីបែបនេះ ឬហេតុអ្វីបែបនោះ? តាមពិត វាជាលក្ខណៈរបស់ធម្មជាតិ ពីព្រោះមនុស្សក្នុងធម្មជាតិប្រៀបដូចជាឆ្កែចចកនឹងគ្នា។ ខ្លាំង គឺឈ្នះ ហើយខ្សោយ គឺចាញ់។ ចាញ់ជាចោរ ហើយឈ្នះជាស្តេច។

៣. ក្នុងប្រទេសមួយដែលប្រជាជនទាមទាររកយុត្តិធម៌ពីប្រទេសជិតខាង គឺជារឿងផ្ទុយពីហេតុផល និងច្បាប់ធម្មជាតិ។ នយោបាយកាបរទេស គឺជាទំនាក់ទំនងដែលគិតពីប្រយោជន៍ជាធំ តែពុំមែនគុណធម៌ សីលធម៌ ឬការយល់យោគចំពោះប្រទេសទន់ខ្សោយណាមួយឡើយ។ គ្មានមិត្ត គ្មានសត្រូវ តែមានតែប្រយោជន៍។ គ្មានខុស គ្មានត្រូវ តែមានតែប្រយោជន៍។ គ្មានល្អ គ្មានអាក្រក់ តែមានតែប្រយោជន៍។ គ្មានគុណធម៌ គ្មានគុណធម៌ តែមានតែប្រយោជន៍។

៤. ប្រវត្តិសាស្រ្តចារឹកទុកតែឈ្មោះអ្នកខ្លាំងប៉ុណ្ណោះ។ អ្នកខ្លាំង នឹងត្រូវបានគេរៀនសូត្រតាម និងយកទុកជាគំរូ។ អ្នកខ្សោយ បើស្លាប់ គឺគ្មានអ្វីត្រូវចងចាំឡើយ ពីព្រោះឈ្មោះជាអ្នកចាញ់ គឺវាបង្ហាញពីលក្ខណៈអន់រួចទៅហើយ។ ត្រឡប់ទៅអតីតកាល មិនថាស្តេចខ្មែរ ស្តេចម៉ុងហ្គូល ឬអធិរាជណាមួយឡើយ គឺធ្វើសង្គ្រាមដោយគ្មានគិតពីគុណធម៌ ឬសីលធម៌ឡើយ។ ប៉ុន្តែ គេតែងនិយាយពីរឿងឈ្នះ និយាយពីរឿងលទ្ធផលជាធំ (result-based) តែពុំមែនហេតុផលដោះសារជាធំឡើយ (reason-based)។ បើនិយាយក្នុងបរិបទសាសនា ស្តេចមហាអំណាចមួយអង្គៗ គឺជាអ្នកសាងបាបខ្លាំងបំផុត។

៥. កុំឈឺចាប់ដោយសារតែគេពុំបានផ្តល់់តម្លៃសំខាន់ដល់យើង តែសំខាន់យើងត្រូវប្រឹងប្រែងធ្វើខ្លួនឯងឱ្យមានតម្លៃ និងក្លាយទៅជាអ្នកខ្លាំងសិន។ ពេលដែលយើងខ្លាំង គ្រប់គ្នាមិនថាមនុស្សល្អ ឬមនុស្សអាក្រក់ទេ គឺនឹងត្រូវក្លាយទៅជាមិត្តរបស់យើង ពីព្រោះអ្នកដែលជាសត្រូវរបស់យើង នឹងងាកមកគោរពឱ្យតម្លៃ គោរពកោតក្រែង នៅពេលដែលគេប្រឹងវាយយើងមិនស្លាប់។ យើងមិនស្លាប់ គឺមិនមែនដោយសារតែការអាណិតអារសូរលើកលែងរបស់នរណាម្នាក់ឡើយ តែយើងមិនស្លាប់ គឺដោយសារតែគេវាយយើងមិនស្លាប់ ឬដោយសារតែយើងខ្លាំងរឹងមាំ។ បើចង់ជួយសង្គមឱ្យរឹងមាំ លុះត្រាតែយើងជាជនសង្គមក្លាយទៅជាអ្នកខ្លាំងសិន។ សង្គមឈឺ ពុំអាចយកយុវជនដែលមានជំងឺមកព្យាបាលឱ្យជាសះស្បើយបានឡើយ៕

“Weak states have no power in international relations.”

_______
*សង្ខេបខ្លឹមសារខ្លះចេញពីសៀវភៅបរទេស “ស៊ី ជិនពីង វិលទៅរកគំនិតអ្នកប្រាជ្ញអតីតកាល”
ប្រភព៖ឡាំ លីម

0 comments:

Post a Comment